បងប្រុសម្នាក់ ធ្វើការជា​អ្នក​បើក​បរយន្តហោះ ត្រូវមិត្តភក្ក័ជាច្រើនចោទសួរថា «ម៉េចប្រញាប់ការម៉្លេះ មិនចាំមានលុយច្រើនសិនទៅ» ស្រាប់តែគាត់បកស្រាយវិញយ៉ាងចាក់ដោតថា

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនធំបានយល់ជ្រាបដឹងហើយថា មនុស្ស​គ្រប់​រូប​មិន​ថា​មនុស្ស​ប្រុស ​ឬ​ស្រី​នោះ​ទេ​ ចាំ​បាច់​ត្រូវ​តែ​មាន​គូ អ្នក​ខ្លះ​មាន​គូ​ទាំងនៅ​វ័យ​ក្មេង​ ឯ​អ្នក​ខ្លះ​ទៀត​មាន​អាយុ​ច្រើន​បន្តិច​ទើប​យក​ប្តី​ប្រពន្ធ​ដោយ​សារ​តែ​គិត​ថា​ ចាំ​សល់​លុយ​សិន ​បើ​រៀប​ការ​នៅ​ក្មេង​ពេកមិន​ទាន់​ចេះ​គិត​គូរ​បាន​វែង​ឆ្ងាយ​ មិន​ទាន់​មាន​ការងារ​ល្អ​ធ្វើ​ ប្រាក់​ខែ​តិច ឬ​គិត​ថា​មិន​ទាន់​ចេះ​រក​ស៊ី​ជា​ដើម​។

ជាក់ស្តែង ស្រប​ពេល​មនុស្ស​ជា​ច្រើន​តែង​តែ​លើក​ឡើង​ពី​បញ្ហា​ទាំង​នេះ ​មាន​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ ​Uddomkrissna Chan ​​ដែល​ជា​អ្នក​បើក​បរយន្តហោះ ឬ​ហៅ​ភីឡុត បាន​សរសេរ​រៀប​រាប់​ពី​ចំណង​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ថា​ «មិត្ត​ខ្ញុំ​ជា​ច្រើន​សួរ​ខ្ញុំ​ថា​ម៉េច​ខ្ញុំ​ប្រញាប់​រៀប​ការ​ម្លេះ? ម៉េច​មិន​ចាំ​ឲ្យ​មាន​លុយ​ច្រើន​ជាង​ហ្នឹង​សិន​ទៅ​ ចាំ​រៀប​ការ? ពេល​មាន​លុយ​ច្រើន​ចាំ​ធ្វើ​ពិធី​មង្គល​ការ​ឲ្យ​ផ្អើល​ភូមិ​ម្តង​ទៅ!

ខ្ញុំ​បាន​ត្រឹម​តែ​តប​វិញ​ថា បើ​សិន​ជា​ចាំ​ឲ្យ​មាន​លុយ​ច្រើន​នឹង​ត្រូវ​ចាំ​ដល់​ពេល​ណា?ក្នុងនោះដែរ បើ​សិន​ជា​បាន​ជួប​មនុស្ស​ស្រី​ម្នាក់​ដែល​ល្អ​ហើយ​ហេតុ​អី​ចាំ​បាច់​ត្រូវ​ចាំ? ឫ​ក៏​ត្រូវ​ចាំ​រហូត​ទាល់​តែ​បាត់​បង់​ទើប​ស្តាយ​ក្រោយ? ​មង្គល​ការ​ផ្អើល​ភូមិ​តើ​មាន​ប្រយោជន៍​អី ឬ​ក៏​ប្រាក់​ដែល​ខំ​រក​ដោយ​លំបាក​ត្រូវ​យក​មក​ចំណាយ​ខ្ជះខ្ជាយ​ត្រឹម​តែ​១​ថ្ងៃ​ដើម្បី​ចង់​ឲ្យ​ផ្អើល​ភូមិ​តែ​ប៉ុណ្ណឹង? អ្នក​និយាយ​ចេះ​តែ​និយាយ​ស្រួល​ហើយ ​តែ​មនុស្ស​ស្រី​ដែល​គេ​អង្គុយ​រង់ចាំ​ខ្ញុំ​ ៣​ឆ្នាំ​ហើយ តើ​ត្រូវ​ឲ្យ​គាត់​រង់​ចាំ​យូរ​ប៉ុណ្ណា​ទៀត?

គ្មាន​មនុស្ស​ស្រី​ណា​ម្នាក់​សុខ​ចិត្ត​រង់​ចាំ​រហូត​ទាល់​តែ​សារ​មន្ទីរ​តាមដេញ​ថ្លៃ​ហើយ​ បាន​ទើប​មាន​ឱកាស​ស្លៀក​សំលៀកបំពាក់​កូន​ក្រ​មុំ​នោះ​ទេ»។យ៉ាងណាមិញ ជីវិត​រៀប​អាពាហ៍ពិពាហ៍​ជា​គូ​អនាគត​មិន​មែន​ទាល់​តែ​យើង​មាន​ប្រាក់​ច្រើន​ហូរ​ហៀរ​ទើប​អាច​រៀប​ការ​ជា​មួយ​គ្នា​នោះ​ទេ ពេល​ណា​អ្នក​គិត​ថា ​មាន​ថវិកា​គ្រប់​គ្រាន់​អាច​មាន​ការងារ​ធ្វើ​​មាន​ប្រាក់​ខែ​រៀងៗ​ខ្លួន​មាន​ចិត្ត​គំនិត​ចាស់​ទុំ​អាច​ចេះ​គិត​រឿង​តូច​ធំ​

មាន​បទ​ពិសោធ​ក្នុង​ការ​រកស៊ី​ហើយ​គួរ​តែ​រៀប​ចំ​គូ​អនាគត​បាន​ហើយ​ព្រោះ​កាល​ណា​អ្នក​មាន​របស់​ទាំង​នេះ​ហើយ​បាន​ន័យ​ថា ​អ្នក​ជា​មនុស្ស​ដែល​អា​ច​ទុកចិត្ត​បាន​អាច​ក្លាយ​ជា​ម្ដាយ​ ឬ​ជា​ឪពុក​គេ​បាន​ហើយ។តួយ៉ាង ប្រសិន​បើ​អ្នក​ចាំ​ជួប​មនុស្ស​ដែល​អ្នក​ស្រលាញ់​ហើយ​ឲ្យ​បាន​ចាំ​រហូត​អ្នក​សល់​លុយ​នោះ​អ្នក​អាច​នឹង​មាន​វិប្បដិសារី​ព្រោះ​មនុស្ស​ស្រី​មិន​អាច​រង់​ចាំ​អ្នក​រាប់​ឆ្នាំ​រហូត​ដល់​អ្នក​​សល់​លុយ​នោះ​ទេ។កាល​ក្លាយជា​ដៃ​គូ​ប្តី​ប្រពន្ធ​ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​សល់​លុយ​បាន​ ដោយ​សារ​តែ​ក្រោយ​ពេល​អ្នក​រៀប​អាពាហ៍ពិពាហ៍​ហើយ​អ្នក​មាន​ប្រពន្ធ​ជា​អ្នក​ទុក​ដាក់​ប្រាក់កាក់​ដែល​អ្នក​ខំ​រក​មក​មិន​ដូច​អ្នក​ជា​នៅ​តែ​ម្នាក់​ឯង​ចាយ​លុយ​មិន​សូវ​គិតនោះ​ទេ​។

ដោយឡែក ក្នុង​ន័យ​នេះ​មិន​មែន​បាន​ន័យ​ថា​ ជំរុញ​ឲ្យ​មនុស្ស​ទូទៅ​រៀប​ការ​នៅ​ក្មេង​ពេក​នោះ​ទេ​ ព្រោះ​បើ​រៀប​ការ​ក្នុង​វ័យ​ក្មេង​ពេក ​អាច​ឲ្យ​អ្នក​មិន​ទាន់​ចេះ​ពិចារណា​ឲ្យ​បាន​ត្រឹម​ត្រូវ​ មិន​ទាន់​មាន​ប្រាក់​ខែ ​បើ​មនុស្ស​ស្រី​អាច​មាន​ផ្ទៃ​ពោះ​វ័យ​ក្មេង​ពេក​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ផ្សេងៗ ​ហើយ​បើ​ជា​មនុស្ស​ប្រុស​ឆាប់​ឆេវ​ឆាវ​ ឆាប់​ខឹង ​មាន​រឿង​រ៉ាវ​តិច​តួច​អាង​យក​ពាក្យ​លែង​លះ​គ្នា​មក​ដាក់​មុខ​ជា​ដើម៕​​ ប្រភព៖អង្គរហ្វេស

Related posts

Leave a Comment