ប្រិយមិត្តជាច្រើនពិតជាស្គាល់ វិចិត្រករខ្មែរម្នាក់ ដែលមានស្នាដៃគូរគំនូរដ៏ស្រស់ស្អាត ហើយលោកក៏ធ្លាប់បានគូរូប លោកវេជ្ជបណ្ឌិត Beat Richner អតីតស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលមើលទៅមានលក្ខណៈដូចគ្នាបេះបិទតែម្តង ដោយមិននឹកស្មានថា ជារូបគំនូរឡើយ ហើយវិចិត្រកររូបនេះ មិនទាន់មាននរណាម្នាក់ស្គាល់ឈ្មោះពិតនៅឡើយ ដោយឲ្យស្គាល់ត្រឹមឈ្មោះក្រៅហៅថា «វិចិត្រករខ្មែរ» ប៉ុណ្ណោះ។
ចំណែកនៅមុននេះបន្តិច លោកបានបង្ហោះសារទាំងទឹកភ្នែក បង្ហាញការឈឺចាប់ ដោយលោកបានបាត់បង់បងស្រីជាទីស្រឡាញ់របស់ខ្លួន លោកបានរៀបរាប់បញ្ជាក់បន្ថែមថា៖
“អ្នកដែលបើកឡានលឿន ហើយបត់មិនស៊ីញ៉ូ ស៊ីញ៉ូភ្លាមបត់ភ្លែត តើអ្នកមានបានគិតដល់ជីវិតអ្នកជិះម៉ូតូ ឬជីវិតអ្នកដទៃទេ? ឬក៏អ្នកអាងថាមានឡាន ទោះបីមានបញ្ហាក៏ខូចត្រឹមឡាន មិនគ្រោះថ្នាក់ដល់ខ្លួនអ្នក? ដូចនេះហើយទើបអ្នកបើកមិនគិតដល់អ្នកដទៃអញ្ចឹងឬ? ទឹកភ្នែកដែលហូរស្រក់រាប់លានដំណក់ រមាលធ្លាក់មកដោយមិនដឹងខ្លួន ហូរមិនឈប់ឈរ មិនថាយប់ឬថ្ងៃ ព្រោះខ្ញុំបានបាត់បង់ស្ទើរតែគ្រប់យ៉ាង ដែលខ្ញុំមិនអាចទទួលយកបានភ្លាមៗ។
ពេលខ្លះស្ទើរតែមិនចង់រស់នៅទេ នៅពេលដែលជីវិតជួបទុក្ខខ្លាំងពេក ដឹងហើយថាជីវិតជាទុក្ខ គឺពិតជាមិនអាចគេចវេះ និងជៀសផុតបានឡើយ ក៏ប៉ុន្តែនៅតែទទួលយកមិនបានទេ ធម្មជាតិនេះពិតជាសាហាវព្រៃផ្សៃណាស់ ខ្ញុំសែនឈឺចាប់ខ្លោចផ្សាណាស់ ចំពោះរឿងរ៉ាវ ដែលកើតឡើងចំពោះជីវិតនេះណាស់ ខ្ញុំពិបាកចិត្តខ្លាំងណាស់ ពិបាកស្ទើរតែស្ទះទ្រូងធ្លាយទៅហើយ មិនមែនមានតែរឿងប៉ុននេះទេ នៅមានទុក្ខផ្សេងទៀត ដែលកើតឡើងចំពោះខ្ញុំ ដែលធ្វើអោយទឹកភ្នែកខ្ញុំស្រក់មិនឈប់ឈរ។
ខ្ញុំជាមនុស្សស្មោះត្រង់នឹងគេណាស់ ស្មោះរហូតដល់គេធ្វើបាបចិត្តខ្ញុំ គេធុញទ្រាន់ខ្ញុំ តែខ្ញុំមិនដែលសូម្បីតែគិតថា មានចិត្តងាករេ ឬក្បត់គេឡើយ តែភាពស្មោះត្រង់របស់ខ្ញុំ បែរជាបប្រែក្លាយទៅជាភាពល្ងង់ខ្លៅ សំរាប់គេទៅវិញ ភាពស្មោះត្រង់របស់ខ្ញុំ និងអ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើវាគ្មានតំលៃអោយគេមើលឃើញទេ ខ្ញុំសរសេរបណ្តើរ ទឹកភ្នែកខ្ញុំហូររមាលធ្លាក់ចុះមកបណ្តើរ មិនដឹងជានិយាយប្រាប់អ្នកណាទេ ព្រោះរឿងខ្លះមិនអាចបកស្រាយអោយគេឯងដឹងឭបាន ព្រោះវាពិតជាគួរអោយខ្មាស់គេណាស់ ស្រណោះខ្លួនណាស់ អាណិតខ្លួនណាស់ នឹកឡើងខ្មាស់ខ្លួនចង់ពួនអោយក្ស័យ លាភពផែនដីទើបផុតវិបត្តិ។
ខ្ញុំពិបាកចិត្តខ្លាំងណាស់ តែខ្ញុំជាមនុស្សចូលចិត្តធ្វើអោយគេសប្បាយ ដែលតាមពិតទៅ ជីវិតខ្ញុំនេះជួបរឿងលំបាកខ្លាំងស្ទើរតែមិនចង់រស់នៅទេ ខ្ញុំមិនដឹងជានិយាយយ៉ាងម៉េចអោយដឹងនូវទុក្ខសោក ដែលកើតឡើងមកលើរូបខ្ញុំអោយបងប្អូនបានយល់នោះទេ។ ខ្ញុំសុំនៅម្នាក់ឯងមួយរយៈសិនហើយ ពេលបានស្បើយខ្ញុំនឹងវិលវិញ ។ ចុងបញ្ចប់ខ្ញុំសូមអោយបងស្រី ទៅអោយបានសុខ បងទៅបានសុខហើយ បើមានជាតិក្រោយ សូមកុំអោយបងអភ័ព្វដូចជាតិនេះទៀត ហើយ ក៏សូមអោយបងប្រុស និងក្មួយសំលាញ់ចិត្ត ដែលរងរបួសធ្ងន់ធ្ងរ ឆាប់ជាសះស្បើយឆាប់ៗផង៕”៕