ភ្ញាក់ផ្អើល ប្រទះឃើញត្រីសូល៍ ចម្លាក់នាគ ថ្មគ្រីស្តាល់ កប់ដីរាប់រយឆ្នាំនៅប្រាសាទកណ្តាលស្រះស្រង់

ឯកឧត្ដម គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការដ្ឋានជួសជុលប្រាសាទកណ្ដាលស្រះស្រង់ ដែលដឹកនាំដោយ លោក ម៉ៅ សុខនី ប្រធានការដ្ឋាន ដែលធ្វើការងារនេះផ្ទាល់ និង ក្រុមបុរាណវិទូកំពុងកំណាយស្រាវជ្រាវ បានប្រទះឃើញវត្ថុបុរាណចំនួន ៣ ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់ ) និង ត្រីសូល៍ កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២០ នេះ ។

តាំងពីចាប់ផ្តើមធ្វើកំណាយនាដើមខែមីនា ឆ្នាំ ២០២០ រហូតមកដល់ពេលនេះ ក្រុមការងារបានរកឃើញបុរាណវត្ថុជាច្រើន ដែលស្ថិតនៅរាយប៉ាយលើដីជុំវិញទួលប្រាសាទ ។ ក្នុងនោះបុរាណវត្ថុចំនួនបីប្រភេទ ដែលគេពុំធ្លាប់បានប្រទះឃើញនៅទីនោះ មានដូចជា ត្រីសូល៍ធ្វើពីលោហៈចំនួន ២ ដែល ១ នៅមានរូបរាងពេញលេញ និង ១ ទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង ។

ខ្វាតពណ៌ស (គ្រីស្តាល់) ជាច្រើនគ្រាប់ ដូចធ្លាប់រកឃើញនៅក្នុងរណ្តៅកំណាយទីតាំងផ្សេងៗពីមុនដែរ និង បំណែកចម្លាក់ក្បាលនាគមួយធំ ដែលមួយផ្នែកធំកប់នៅក្នុងដីនៅឡើយ ។

ការរកឃើញសំណល់បុរាណវិទ្យាទាំងនេះ ក្រុមបុរាណវិទូ នៅមិនទាន់អាចសន្និដ្ឋានបានថា ស្ថិតនៅក្នុងសម័យកាលណា គេដាក់ដើម្បីអ្វី ? ព្រោះនេះទើបតែជាដំណាក់កាលដំបូងនៃការធ្វើកំណាយស្រាវជ្រាវ ។

លទ្ធផលនឹងបង្ហាញច្បាស់លាស់ជាងនេះ នៅក្រោយបញ្ចប់ការងារស្រាវជ្រាវ ។ បើសិនជាមិនមានអ្វីរារាំង និង រំខានក្នុងអំឡុងពេលកំណាយ កិច្ចការស្រាវជ្រាវនេះគ្រោងនឹងបញ្ចប់នៅក្នុងរយៈពេល ៦ សប្តាហ៍ ដោយគិតចាប់តាំងពី ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០ មក ។ នេះបើយោងតាមអាជ្ញាធរជាតិអប្សរា ៕

Related posts

Leave a Comment