ភ្នំពេញ ៖ ជាការពិតណាស់បើទោះបីជា សុគន្ធកញ្ញា មិនសូវមានពេលវេលា ចេញចម្រៀងច្រើនដូចមុន ឬក៏ចេញច្រៀង តាមបណ្តាខនសឺតនានា ក៏ព្រោះតែជំងឺកូវីដ១៩ រាតត្បាតក៏ដោយ ក៏អ្នកនាង នៅតែបង្ហាញការនឹករំលឹក ហ្វេនៗ តាមរយៈបណ្តាញសង្គមជារឿយៗផងដែរ។
តារាចម្រៀងស្រីដែលកំពុងទទួលការសរសើរពីមហាជន និងមិត្តសិល្បៈគឺអ្នកនាង ឱក សុគន្ធកញ្ញា ក្រោយជីវិតនាងកាន់តែអណ្ដែតឡើងប្រៀបបានដុំពេជ្រលើផ្ទៃសាគរ ដ្បិតក្រៅពីក្លាយជាប្អូនថ្លៃថៅកែហង្សមាស ពេលនេះថែមទទួលចំណងដៃកូនប្រុសសំណព្វប្រឡែងបង្អួតលើហ្វេសប៊ុកគួរឲ្យច្រណែនពីអ្នកលេងហ្វេសប៊ុក និងអ្នកគ្មានគូថែមទៀតផង។
ទន្ទឹមបង្ហាញសារផ្អែម រូបស្វីតជារឿយៗមុននេះ សុគន្ធ កញ្ញា បានទម្លាយមូលហេតុមុនខ្លួនបង្ហោះហ្វេសប៊ុកត្រូវពិចារណាសិន បានធ្វើឲ្យអ្នកចូលមើល និងអានស្ទើរដាច់ផ្ងាររកពុទ្ធោទៅហើយ ដោយម្ចាស់បទ «នឹកផ្ទះ» បានដាក់ខ្លឹមសារថា៖ «ពេលខ្លះមិនចង់សរសេរ captions ទេ ព្រោះឲ្យតែសរសេរម្ដងៗវែងដូចរទះភ្លើងទៅកំពតចឹង ធុញខ្លួនឯងណាស់»។
បន្ដក្នុងរូបភាពដ៏ស្រស់ស្រាយលាយឡំពន្លឺព្រះអាទិត្យភ្លឺបាំងស្លឹកឈើតិចៗ ទឹកមុខស្រទន់មានមន្ដស្នេហ៍ភរិយាលោក អ៊ឹង សុខលី ក៏សង្កត់ខ្លីនៅចុងសំណេរយ៉ាងមានន័យបំផុត និងអស់សំណើចថា៖ «ចឹងបងប្អូនមិនបាច់អានទេ…ខ្ញុំអត់មានសរសេរអីទេ មើលរូបលេង ហើយនឹកដល់ម្នាក់នេះផង»៕ ប្រភព៖ហ្វេសប៊ុក