គួរឱ្យអាសូរណាស់! សភាពនាយ ក្តិប ដុនដាបដោយសារជំងឺរួមរឹត ពេលនេះនៅនឹងកន្ទេលដើរលែងរួច

ប្រិយមិត្តបានដឹងរួចមកហើយ តារាកំប្លែងសម្បួរសំនួនវោហារ នាយក្តិប កំពុងមានជំងឺប្រចាំកាយ និង បានធ្លាក់ខ្លួនឈឺជាយូរណាស់មកហើយ ដោយបានបាត់បង់សមត្ថភាពរកប្រាក់ទាំងស្រុង ធ្វើឱ្យជីវិតគ្រួសាររបស់តារាកំប្លែងជើងចាស់រូបនេះ បានធ្លាក់ដុនដាបជាយ៉ាងខ្លាំង ។

បើតាមតារាសម្តែង ញឹម ចាន់ថន ដែលបានទៅសួរសុខទុក្ខតារាកំប្លែងរូបនេះដល់ផ្ទះនោះ បានឱ្យដឹងថា ពេលនេះតារាកម្លែង នាយក្តិប មានសុខភាពប្រសើរជាមុន និង ហាក់ស្រស់ស្រាយបានច្រើនបន្តិចបើធៀបនឹងពេលមុន ប៉ុន្តែយ៉ាងណាលោកនៅតែដេកនៅនឹងកម្ទេលដដែល ពោលគឺមិនអាចដើរបាននោះទេ ។

អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះទៅទៀតនោះ តារាស្រី ញឹម ចាន់ថន ក៏បានឱ្យដឹងបន្តទៀតដែរថា បន្ទាប់កូនប្រុសរបស់តារាកំប្លែង នាយក្តិប បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីពេលកន្លងទៅនេះ បានធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់ នាយក្តិប ត្រូវបានធ្លាក់ចុះយ៉ាងគំហុក ដោយមានការខ្វះខាតច្រើន មិនថាតែប្រាក់ទិញថ្នាំសង្កូវសម្រាប់មើលខ្លួនប្រចាំខែនោះទេ សូម្បីតែប្រាក់ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារក៏ខ្វះមុខខ្វះក្រោយដែរ ព្រោះលោកត្រូវមានចៅ ៣ នាក់ផ្សេងទៀតនៅក្នុងបន្ទុកសព្វថ្ងៃ ។

ក្រៅពីបាននាំយករបស់ជាប់ដៃបន្តិចបន្តួចទៅសួរសុខទុក្ខ នាយក្តិប ហើយនោះ តារាសម្តែង ញឹម ចាន់ថន ក៏បានសូមអំពាវនាវដល់បងប្អូនមេត្តាជួយដល់តារាកំប្លែង នាយក្តិប ក្នុងគ្រានលំបាកនេះផង និង ជាមួយគ្នានោះតារាស្រីរូបនេះក៏បានជូនពរឱ្យ នាយក្តិប ឆាប់បានមានសុខភាពល្អឡើងវិញផងដែរ ៕

Related posts

Leave a Comment