ស្ដាយណាស់! កាបូប ស្បែកជើង ខ្សែក្រវ៉ាត់…ក្នុងហាងមួយ ដុះផ្សិតគ្មានសល់ ក្រោយបិទទ្វារជាង២ខែ ដោយសារកូរ៉ូណា

ម៉ាឡេស៊ី៖ ពិតណាស់ ម៉ាឡេស៊ីក៏ជាប្រទេសមួយ ដែលរងគ្រោះដោយសារវីរុសប្រភេទថ្មី COVID-19 ផងដែរ។ ហើយប្រទេសនេះ បានអនុវត្ដវិធានការដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ដោយកំណត់ឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ និងកន្លែងអាជីវកម្មមួយចំនួនត្រូវបានផ្អាក ចាប់តាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០មកម្ល៉េះ ដោយគិតមកទល់ពេលនេះ មានរយៈពេលជាង២ខែហើយ។

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ ដោយស្ថានភាពជំងឺហាក់ធូរស្បើយ រដ្ឋាភិបាលម៉ាឡេស៊ី បានសម្រេចចិត្ដបន្ធូរបន្ថយវិធានការរបស់ខ្លួនមួយចំនួន ដោយអនុញ្ញាតឲ្យប្រជាជនអាចចេញប្រកបការងារវិញ ខណៈហាងនានាក៏ចាប់ផ្ដើមបើកដំណើរការផងដែរ។ តែជាអកុសល ទោះបីហាងទាំងនោះ អាចបន្ដអាជីវកម្មឡើងវិញក៏ដោយ តែភាពអសកម្មជាង២ខែមកនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្ម និងផលិតផលរបស់ពួកគេ។

ជាក់ស្ដែង ថ្មីៗនេះអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ បានចែករំលែកនូវរូបភាពស្ទើរតែមិនគួរឲ្យជឿជាច្រើនសន្លឹក ចេញពីហាងមួយកន្លែង ដែលមានទីតាំងស្ថិតនៅរដ្ឋ Sabah។ តាមរយៈរូបភាពទាំងនោះ បង្ហាញឲ្យឃើញថា កាបូប ស្បែកជើង និងខ្សែក្រវ៉ាត់ ដែលសុទ្ធសឹងជារបស់ថ្លៃៗ ត្រូវបានគ្របដណ្ដប់ទាំងស្រុងដោយស្រទាប់ផ្សិតពណ៌ស។

ជុំវិញមូលហេតុនៃការដុះផ្សិតនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្ដែមានមនុស្សជាច្រើនបានប៉ាន់ស្មានថាបញ្ហាទាំងនេះ អាចបណ្ដាលមកពីសំណើម និងបរិយាកាសក្នុងហាង បន្ទាប់ពីបិទម៉ាស៊ីនត្រជាក់អស់រយៈពេលជាង ២ខែមកនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment