ឃើញរូបម្តាយក្នុងទស្សនាវដ្តីចាស់ៗ កូនស្រីអតតីតតារាសម្តែង ហួត សារ៉ាវឌី បង្ហោះសារនឹកស្រណោះម្តាយភ្លែត

បើសិនជាក្រឡេកទៅកំឡុងឆ្នាំ ១៩៩៣ នៅលើវិស័យសិល្បៈ មហាជនធ្លាប់បានស្គាល់ហើយពីទេពកោសល្យ និង ភាពល្បីល្បាញរបស់អតីតតារាសម្តែង និង តារាចម្រៀងអ្នកស្រី ហួត សារ៉ាវឌី ប៉ុន្តែយ៉ាងណាមិញមកដល់ពេលនេះក៏អស់រយៈពេលជាច្រើនឆ្នាំហើយដែរ ដែតារារូបនេះបានលាចាកលោកទៅកាលពីឆ្នាំ ២០១៦ កន្លងទៅ ។

ទោះបីជាបាត់បង់ជីវិតក៏ពិតមែន ប៉ុន្តែរូបភាព និង វីដេអូជាច្រើនរបស់អ្នកស្រី ហួត សារ៉ាវឌី នៅតែមានទុកជាការចងចាំរបស់អ្នកគាំទ្រ និង ក្រុមគ្រួសាររបស់លោកស្រី ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នៅក្នុងគេហទំព័រ fb របស់ «ផលិតកម្មអង្គរ» បានបង្ហោះនូវរូបភាពឯកសារ និង រូបភាពនៃការចុះផ្សាយរបស់ទស្សនាវដ្តីប្រជាប្រិយកាលពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ១៩៩៩ ដែលមានរូបជាច្រើនរបស់សិល្បករ សិល្បការិនីជើងចាស់ ហើយមានរូបភាពរបស់អតីតតារាសម្តែង និង តារាចម្រៀងអ្នកស្រី ហួត សារ៉ាវឌី ដូចគ្នា ។

នៅក្នុងនោះក៏បានធ្វើឲ្យកូនស្រីរបស់តារារូបនេះ អ្នកនាង ជុង សារ៉ាច័ន្ទ ដែលជាអតីតតារាបង្ហាញម៉ូដ និង តារាសម្តែងដែរនោះ បានចែករំលែករូបភាពរបស់ម្តាយកាលនៅរស់ និង សរសេរនូវចំណងជើងក្នុងអត្ថន័យសោកសៅ ដែលបញ្ជាក់ពីការនឹករលឹករបស់ខ្លួនទៅកាន់ម្តាយជាទីស្រឡាញ់ផងដែរ ។

គួរជម្រាបដែរថា កូនស្រីច្បងរបស់អ្នកស្រី ហួត សារ៉ាវឌី ក៏ជាអតីតតារាបង្ហាញម៉ូដ និង តារាសម្តែងផងដែរ ប៉ុន្តែបច្ចុប្បន្នក្រោយពីរៀបការរួចអ្នកនាង សារ៉ាច័ន្ទ បានឈប់នៅក្នុងវិស័យសិល្បៈ និង បានបង្កើតនូវមុខជំនួញផ្ទាល់ខ្លួនជាហាងកែសម្ផស្ស ៕

Related posts

Leave a Comment