នាយចឺម មានគម្រោងចេញទៅអាមេរិកលើកទី ២ ប៉ុន្តែអាចនឹងមិនសមបំណង

ក្រោយពីបានចេញទៅសម្តែងនៅសហរដ្ឋអាមេរិកដោយជោគជ័យកាលពីចុងឆ្នាំ ២០១៩ កន្លងមក ពេលនេះ នាយចឺម ក៏មានឱកាសចេញទៅសម្តែងនៅទីនោះជាថ្មីម្តងទៀតនៅក្នុងពេលប៉ុន្មានខែខាងមុខនេះ តែយ៉ាងណាគម្រោងនេះអាចនឹងប្រែប្រួលដោយសារវីរុសកូវីដ ១៩ ។

មិនត្រឹមតែទទួលបានការគាំទ្រពីសំណាក់យុវវ័យនៅក្នុងស្រុកប៉ុណ្ណោះទេ នាយចឺម ដែលបានវិវឌ្ឍខ្លួនពីអ្នកកំប្លែងទៅជាតារាចម្រៀងនោះកាន់តែមានឈ្មោះបោះសំឡេងឡើង ។ ជាក់ស្តែងនាយក៏មានឱកាសចេញទៅសម្តែងនៅសហរដ្ឋអាមេរិកជាលើកដំបូងកាលពីចុងឆ្នាំ ២០១៩ កន្លងទៅដោយទទួលបានការជោគជ័យ និង អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺម្ចាស់ឧបត្ថម្ភមកទទួលនាយពីស្រុកខ្មែរថែមទៀត ដែលគេកម្រឃើញបែបនេះចំពោះសិល្បករ-ការិនីកន្លងមក។

អ្វីដែលចាប់អារម្មណ៍សម្រាប់ឆ្នាំ ២០២០ នេះ នាយចឺម ក៏មានគម្រោងចេញទៅសម្តែងនៅសហរដ្ឋអាមេរិកជាថ្មីម្តងទៀតនៅក្នុងអំឡុងខែសីហាខាងមុខនេះ ប៉ុន្តែយ៉ាងណាដោយសារវីរុសកូវីត ១៩ មិនទាន់ស្ងប់ នាយចឺម មិនទាន់ប្រាកដថាការចេញទៅកើបលុយរបស់នាយជាលើកទីពីរនេះជោគជ័យ ឬ មានការប្រែប្រួលបែបណាឡើយ ។

ថ្វីដ្បិតមានវ័យក្មេងក៏ពិតមែនតែ នាយចឺម ក៏មានជីវិតជោគជ័យមិនធម្មតាដែរ ដោយប្រឡូកសិល្បៈប៉ុន្មានឆ្នាំសោះនាយមានលទ្ធភាពសង់ផ្ទះវីឡាជូនអ្នកមានគុណដែលមានតម្លៃក្បែរ ២០ ម៉ឺនដុល្លារ និង បានរៀបចំឡើងយ៉ាងអធិកអធមកាលពីប៉ុន្មានខែមុននេះ ៕

Related posts

Leave a Comment