អ្នកណាខ្លះដូច ឌីជេ ណាណា រីករាយខួបស្នេហា ១១ ឆ្នាំ ខណៈទើបរៀបការជាមួយស្វាមីបាន ១ ឆ្នាំ

បើទោះបីទើបរៀបការបានប្រមាណជាជាងមួយឆ្នាំក៏ពិតមែនតែ ឌីជេ ណាណា បែរជារីករាយខួប ១១ ឆ្នាំនៃស្នេហារបស់នាងទៅវិញ ។ ការលើកឡើងរបស់ឌីជេរូបនេះទទួលបានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលពីសំណាក់អ្នកគាំទ្រ ព្រោះមិននឹកស្មានថាអ្នកទាំងពីរស្គាល់គ្នារហូតដល់មួយទសវត្សរ៍ទើបសម្រេចចិត្តរៀបការបែបនេះ ។

បើគិតមកដល់ពេលនេះ ឌីជេ ណាណា រៀបការបានជាងមួយឆ្នាំហើយជាមួយស្វាមីដែលមានវ័យប្អូនជាងនាងដល់ទៅពីរឆ្នាំ ហើយសព្វថ្ងៃនេះ ឌីជេ ណាណា ក៏កំពុងពរពោះកូនដំបូងជាកូនប្រុសប្រមាណជាប្រាំខែហើយដែរ ។

អ្វីដែលកត់សម្គាល់ទើបតែរួមរស់ជាមួយគ្នាបានជាងមួយឆ្នាំពិតមែនតែ ឌីជេ ណាណា និង ស្វាមី បានស្គាល់គ្នា និង ស្វែងយល់ចិត្តថ្លើមគ្នាអស់រយៈពេល ១០ ឆ្នាំទៅហើយ ដែលកាលពីថ្ងៃទី ១៤ កន្លងទៅនេះ ឌីជេ ណាណា បានបង្ហោះសារនៅក្នុងថ្ងៃខួប ១១ ឆ្នាំរបស់នាងដែលមានអត្ថន័យថា «ជាមិត្ត ជាសង្សារ ជាគ្រូ ជាដៃគូប្រឹក្សា ជាស្វាមី ជាឪពុកឲ្យកូន… តាមស្រឡាញ់កូនប្រុសហ្នឹងមួយ កាលពី ១១ ឆ្នាំមុន បានមួយកំប្លេហើយខ្ញុំ ។ សំណាងហើយដែលមិនធ្វើអឹមអៀនកាលនោះ ។ រីករាយខួប ១១ ឆ្នាំនៃស្នេហាអ្នកក្លាហាន ហេហេហេហេ ។ ១៤ ឧសភា ២០០៩ – ១៤ ឧសភា ២០២០» ។

ការលើកឡើងរបស់ ឌីជេ ណាណា ក៏ទទួលបានការចាប់អារម្មណ៍ និង ជូនពរពីសំណាក់មហាជនដែលអ្នកខ្លះក៏បានជូនពរឱ្យនាងកាន់តែស្រឡាញ់គ្នា និង មានសុភមង្គលនៅក្នុងគ្រួសារ ។ ឯខ្លះទៀតក៏ចង់បានស្នេហាដែលមានការយល់ចិត្តដូចនាងផងដែរ ។

អ្វីដែលចាប់អារម្មណ៍ទោះបីជាកំពុងពពោះតែ ឌីជេ ណាណា កាន់តែមានទីផ្សារនៅក្នុងការថតស្ប៉តពាណិជ្ជកម្មនានាមិនចាញ់តារាល្បីៗប៉ុន្មានឡើយ ៕

Related posts

Leave a Comment