កាលពីថ្ងៃទី ០៤ ឧសភា ២០២០ ភិក្ខុ ឡុង ចន្ថា ដែលល្បីល្បាញលេីបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធឆាតញ៉ែស្រីនោះបានសឹកហេីយ ដោយសុំលាចាកសិក្ខាបទថ្ងៃទី ១៤ ខែ ឧសភា ដោយលោកបានធ្វើកិច្ចសន្យា សរសេររៀបរាប់ថា៖ បើគិតជាទោសក្នុងព្រះវិន័យមិនដល់ថ្នាក់សឹកទេ ប៉ុន្តែដើម្បីកុំឲ្យខូចតម្លៃព្រះពុទ្ធសាសនា ខ្ញុំករុណាអាត្មាភាពសុំលាចាកសិក្ខាបទថ្ងៃទី ១៤ ខែ ឧសភា នេះ។
លុះដល់ថ្ងៃកំណត់ ស្រាប់តែសង្ឃអង្គនេះ ប្តូរចិត្តមិនព្រមសឹក ព្រះតេជគុណ ឡុង ចន្ថា បានមានសង្ឃដីកា បញ្ជាក់យ៉ាងដូច្នេះថា៖ «ផ្នួសរបស់ខ្ញុំព្រះករុណាអាត្មាភាព មិនទាន់អស់និស្ស័យនៅឡើយនោះ ទូលព្រះបង្គំទទួលកំហុស នឹងប្រព្រឹត្តតាមព្រះវិន័យ ឲ្យបានល្អប្រសើរឡើងវិញ»។
ជុំវិញនឹងករណីសង្ឃឡុង ចន្ថា នេះ លោក ជួន វ៉ាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តតាកែវ បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក នៅព្រឹកថ្ងៃទី១៨នេះថា ភិក្ខុ ឡុង ចន្ថា បានគេចខ្លួនជាច្រើនថ្ងៃមកហើយ ដោយមិនទាន់ត្រឡប់ចូលព្រះកាយមកដោះស្រាយបញ្ហានេះទេ។
ចំណែក ខាងមន្ទីរធម្មការខេត្តបានរៀបចំរបាយការណ៍ជូនគណសង្ឃនាយករួចរាល់ហើយ ដើម្បីចាត់ការបន្តនីតិវិធី។
ប្រភពពីក្រៅផ្លូវការមួយបាន បានបង្ហើបថា សង្ឃ ឡុង ចន្ថា សង្ស័យកំពុងរត់ទៅលាក់ខ្លួន នៅប្រទេសថៃ ដោយរង់ចាំសភាពការស្ងប់ស្ងាត់ ទើបត្រឡប់ចូលស្រុក ចូលវត្តវិញ៕