ភ្ញាក់ផ្អើល! សណ្ឋាគារលើកោះមួយកន្លែងនៅថៃ មានរចនាបទដូចគ្នាទៅនឹងប្រាសាទល្បីៗជាច្រើនរបស់​កម្ពុជា

សណ្ឋាគារដ៏ប្រណិតលំដាប់ផ្កាយបីមួយកន្លែងដែលមានទីតាំងនៅលើកោះ ផាង៉ានប្រទេសថៃ មានឈ្មោះថា Le Palais Hotel បានធ្វើឱ្យប្រជាជនខ្មែរមានការចាប់អារម្មណ៍ជាខ្លាំងដោយសារមានរចនាបទដូចគ្នាបេះបិទជាមួយប្រាសាទល្បីៗរបស់កម្ពុជារួមមាន ប្រាសាទអង្គរវត្ត បាយ័ន និង បន្ទាយស្រីជាដើម ។

យ៉ាងណាមិញ យោងតាមគេហទំព័រផ្លូវការរបស់សណ្ឋាគារខាងលើបានឱ្យដឹងថា សណ្ឋាគារ Le Palais Hotel គឺជាសណ្ឋាគារដ៏ប្រណិតនិង ស្រស់ស្អាតមួយកន្លែងជាមួយទេសភាពជាប់មាត់សមុទ្រ និង មើលឃើញកោះជាច្រើនដូចជាកោះសាម៊ុយ ។ សណ្ឋាគារនេះស្ថិតនៅលើកោះ ផាង៉ាន ដែលប្រើពេលត្រឹមតែ ៣០នាទីពីឆ្នេរ Haad Rin ។

បន្ថែមពីនោះទៅទៀត គេហទំព័រក៏បានសរសេរថា៖ «សណ្ឋាគាររបស់យើងបានបំផុសគំនិតចេញមកពីប្រាសាទដ៏ស្រស់ស្អាតនៃតំបន់អង្គរដែលមានទីតាំងក្នុងប្រទេសកម្ពុជា ។ រាល់អាគារ ការតុបតែង ក៏ដូចជាបន្ទប់របស់យើង ត្រូវបានរៀបចំឡើងដោយផ្ទាល់ដៃដើម្បីបង្កើតភាពឥតខ្ចោះដូចអ្វីដែលអ្នកអាចឃើញនៅក្នុងប្រទេសកម្ពុជា ។ អ្នកនឹងភ្ញាក់ផ្អើលជាមួយ ភាពឆើតឆាយនៃបន្ទប់របស់ពួកយើង ដែលមានទីតាំងនៅលើភ្នំ បង្កើតបានជាទិដ្ឋភាពដ៏ពិសេសបំផុតនៃកោះ» ។

សូមបញ្ជាក់ថា នៅក្នុងសណ្ឋាគារក៏មានបែងចែកបន្ទប់ជា៣ប្រភេទ រួមមាន បន្ទប់អង្គរ បាយ័ន និង បន្ទាយស្រី ដែលសុទ្ធសឹងតែឈ្មោះរបស់ប្រាសាទនៅកម្ពុជាតែម្តង ។ ទោះបីជាយ៉ាងណាក៏ដោយ យើងមិនអាចដឹងថាម្ចាស់សណ្ឋាគារ ជាជនជាតិខ្មែរ ឬ ជនជាតិថៃ ឬជនបរទេសនោះទេ ។ មកមើលទិដ្ឋភាពទាំងស្រុង និង រចនាបទ នៅក្នុងសណ្ឋាគារទាំងមូល តើពិតជាដូចគ្នាជាមួយប្រសាទបុរាណខ្មែរមែនឬទេ

Related posts

Leave a Comment