វិបត្តិវីរុសកូរ៉ូណា(Covid19)!ធ្លាប់តែជាបុគ្គលិកយន្តហោះចំណូលហូរហៀរ ពេលនេះក្លាយជាអ្នកដឹក​អាហារឲ្យភ្ញៀវតាមផ្ទះ

បរទេស៖ ដោយសារវិស័យទេសចរណ៍របស់ប្រទេសថៃ ត្រូវបានបិទស្ទើរតែទាំងស្រុង ដោយសារតែជំងឺកូវីដ បុគ្គលិកនៅក្នុងឧស្សាហកម្មនេះ ត្រូវបានបង្ខំចិត្ត រិះរកការងារថ្មី ដើម្បីរកប្រាក់ចំណូលទប់ទល់នឹងជីវភាព ទោះមិនត្រូវនឹងជំនាញ ឬពាក់ព័ន្ធអ្វីបន្តិចក៏ដោយ។

ហេតុនេះហើយទើប បុគ្គលិកយន្តហោះផ្នែក Air Purser មានឈ្មោះ Kosit Rattanasopon អាយុ ៣៧ ឆ្នាំបានស្លៀកសំលៀកបំពាក់ឯកសណ្ឋានជាអ្នកដឹកជញ្ជូនម្ហូប ជុំវិញបរិវេណទីក្រុងបាងកកតាមម៉ូតូ ចាប់តាំងពីក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Lion Air ដែលលោកបម្រើការងារ ផ្អាកជើងហោះហើរទាំងអស់។

Kosit រកលុយបានប្រហែល ១០០០ បាត (ឬ៣១,១៣ ដុល្លារ) ក្នុងមួយថ្ងៃ ល្មមគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ឪពុក និងប្អូនស្រីដែលជាអ្នកចំអិនម្ហូបអាហារដាក់ប្រអប់ លក់តាមអ៊ិនធឺណិតផងដែរ។ លោកបាននិយាយថា “ខ្ញុំគិតថាអ្វីៗ នឹងមិនទាន់ល្អប្រសើរដូចពីមុននោះទេ យ៉ាងហោចណាស់ក៏មួយឆ្នាំទៀតដែរ ទម្រាំងវិលរកសភាពដើម ដូច្នេះខ្ញុំត្រូវតែធ្វើបែបនេះ”។

វិស័យទេសចរណ៍មានចំនូលស្មើចំនួន ១១ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ កាលពីឆ្នាំមុន ហើយការបិទព្រំដែន និងការរឹតត្បិតការធ្វើដំណើរ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យឧស្សាហកម្មនេះធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

អ្នកដែលមានការងារថ្មីក្នុងពេលមានវិបត្តិជំងឺកូវីដ អាចនិយាយបានថា ស្ថិតក្នុងចំណោមមនុស្សមានសំណាង។ ប្រជាជនថៃប្រមាណ ៤ លាននាក់ ធ្វើការនៅក្នុងវិស័យទេសចរណ៍ ប្រឈមនឹងការបាត់បង់ប្រាក់ចំណូល ដែលការបាត់បង់នេះអាចមួយឆ្នាំ ឬច្រើនជាងនេះ រហូតដល់មានវ៉ាក់សាំង ឬការព្យាបាលជាជំងឺថ្មីនេះ ទើបអនុញ្ញាតឱ្យវិលត្រឡប់ទៅធ្វើការងារវិញ។

បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍មួយរូបទៀត ដែលជាបុគ្គលិកជាន់ខ្ពស់ម្នាក់ឈ្មោះ Thawanan Thawornphatworakul ក៏បានផ្លាស់ប្តូរការងារទៅជាហាង salon ព្រមទាំងកាត់សក់ផងដែរ។ ជាមធ្យម នាងមានអតិថិជនពី ២ទៅ ៣នាក់ ក្នុងមួយថ្ងៃ ហើយគិតថ្លៃ ១៥០បាត (៤,៦៧ ដុល្លារ) ក្នុងម្នាក់។ អ្នកនាង Thawanan មានអាយុ ៣៦ ឆ្នាំបាននិយាយថា ប្រាក់ចំណូលរបស់គាត់មិនច្រើនដូចជាប្រាក់ខែក្រុមហ៊ុនអាកាសចរណ៍ទេ ប៉ុន្តែវាអាចជួយបានដោះស្រាយជីវភាពបានមួយកម្រិត។ (ប្រែសម្រួល៖និស្ស័យ)

Related posts

Leave a Comment