បើស្រឡាញ់ខ្ញុំ កុំយកខ្ញុំទៅប្រៀបធៀបជាមួយអ្នកណា ព្រោះខ្ញុំជាខ្ញុំ គេជាគេ មនុស្សមិនដូចគ្នាទេ

មនុស្សយើងនៅលើលោកនេះមិនដូចគ្នាទេ យើងជាយើង គេជាគេ កុំចេះតែយកទៅប្រៀបធៀបជាមួយគ្នា យ៉ាងណា បើអ្នកស្រឡាញ់ខ្ញុំ សូមកុំយកខ្ញុំទៅប្រៀបធៀបជាមួយអ្នកនេះ ឬអ្នកនោះ ទោះខ្ញុំល្អជាងគេ ឬគេល្អជាងខ្ញុំក៏ដោយ ក៏មិនបាច់យកទៅប្រៀបធៀបគ្នាដែរ។

មនុស្សយើងម្នាក់ៗ សុទ្ធតែមានចំណុចអាក្រក់ និងល្អផ្សេងៗគ្នា ចំណុចខ្លះដែលគេមាន ខ្ញុំអាចនឹងមិនមាន ចំណុចខ្លះខ្ញុំមាន គេក៏អាចនឹងមិនមានដូចគ្នាដែរ ព្រោះតែចំណុចនេះហើយ ដែលខ្ញុំមិនចង់ឱ្យអ្នកយកខ្ញុំទៅប្រៀបធៀបជាមួយអ្នកណា សូមចាំថា ខ្ញុំមិនចូលចិត្ត បើអ្នកស្រឡាញ់ខ្ញុំ ត្រូវតែពេញចិត្ត និងទទួលយកគ្រប់ចំណុចរបស់ខ្ញុំ មិនថាល្អ​ ឬអាក្រក់ទេ ទទួលយក ហើយអាចប្រាប់ខ្ញុំបាន បើមានចំណុចណាមិនល្អ ខ្ញុំក៏ព្រមកែប្រែ តែត្រូវមានហេតុផលមកនិយាយគ្នា។

សារជាថ្មី បើស្រឡាញ់ខ្ញុំ កុំយកខ្ញុំទៅប្រៀបធៀបជាមួយអ្នកណា ការប្រៀបធៀបរវាងមនុស្សពីរនាក់ គឺបញ្ជាក់ថា អ្នកមិនឱ្យតម្លៃទៅម្ខាងណា អ្នកនៅតែប្រកាន់ខ្ជាប់ចង់ឱ្យខ្ញុំធ្វើ ឬកែប្រែខ្លួនឯង ឱ្យដូចអ្នកនេះ ដូចអ្នកនោះ នេះមានន័យថា អ្នកកំពុងតែឱ្យខ្ញុំកែប្រែពីខ្លួនខ្ញុំទៅជាអ្នកដទៃហើយ បើចង់បានដូចអ្នកដទៃ អ្នកអាចទៅយកអ្នកនោះបាន ខ្ញុំមិនថាទេ តែបើអ្នកជ្រើសយកខ្ញុំ អ្នកត្រូវដឹងថា ខ្ញុំជាខ្ញុំ ក៏មិនអាចកែប្រែទៅឱ្យដូចអ្នកណាម្នាក់នោះឡើយ ត្រូវចាំថា ស្រឡាញ់មនុស្សម្នាក់ជាម្នាក់នោះ មិនមែនព្រោះតែចង់ឱ្យដូចអ្នកនេះ ឬអ្នកនោះ តាមតែចិត្តគំនិតរបស់អ្នកនោះទេ៕

Related posts

Leave a Comment