សុភមង្គលគឺជារឿងដ៏ល្អបំផុតសំរាប់ជីវភាពរស់នៅក្នុងគ្រួសារនីមួយៗដែលមនុស្សម្នាក់ៗតែងតែមានក្តីប៉ងប្រាថ្នា ជាពិសេសចង់បាននូវមនុស្សដ៏ល្អម្នាក់ ដើម្បីដើរទៅផ្លូវមួយដ៏សែនឆ្ងាយជាមួយគ្នា ព្រោះថាប្រសិនបើយើងរើសមនុស្សខុស នោះសុភមង្គលក៏មិនអាចកើតឡើងបានដែរ ហើយយើងប្រាកដជារស់នៅក្នុងទុក្ខសោកជារៀងរហូត។
ក្នុងនោះដែរ គ្មាននរណាម្នាក់គិតអំពីការលែងលះឡើយ នៅពេលដែលពួកគេកំពុងស្រលាញ់ និងរៀបការរស់នៅជាមួយគ្នា ក៏ប៉ុន្តែ ជីវិតគូស្នេហ៍ ឬប្តីប្រពន្ធមិនមែនសុទ្ធតែជោគជ័យគ្រប់គ្នានោះទេ ជានិច្ចកាលតែងតែមានការប៉ះទង្គិចសម្តីគ្នាបន្តិចបន្តួច ឬក៏មានការខ្វែងគំនិត ក៏ដូចជាការឈ្លោះប្រកែកគ្នាចៀសមិនផុតនោះទេ។
យ៉ាងណាមិញ បេីយោងតាមរយៈគណនីផេកហ្វេសប៊ុករបស់បងស្រីម្នាក់ដែលមានឈ្មោះ “The Lady-apii” បានធ្វើការចែករំលែកនូវបទពិសោធន៍អំពីជីវិតរស់នៅក្នុងគ្រួសារមួយចំនួនដែលតែងតែមានការឈ្លោះប្រកែកគ្នាឈានដល់ការបំផ្លាញទ្រព្យសម្បត្តិនោះគួរតែឈប់ប្រព្រឹត្តទៀតទៅ ដោយក្នុងនោះម្ចាស់គណនីហ្វេសប៊ុកផេកខាងលេីបានមានការរៀបរាប់ថា៖
«ប្តីប្រពន្ធណា៎អង្គុយតែញញឹមដាក់គ្នារាលល់ថ្ងៃហ៎? វាមានថ្ងៃផ្អែម ថ្ងៃជូរ ថ្ងៃល្វីងដែរ តែសំខាន់ពេលឈ្លោះគ្នា កុំជេរម៉ែគ្នា ព្រោះគាត់អត់បានដឹងអីទេ កុំស្រែកដាក់គ្នា កុំបំផ្លាញទ្រព្យសម្បត្តិដូចជា
គប់ទូរស័ព្ទ Ipad ទូរទស្សន៏អីជាដើម ព្រោះពេលត្រូវគ្នាវិញ អត់មានអស់លុយអ្នកណា៎ទេបងប្អូនអស់លុយប្តីយើង ប្រពន្ធយើងហ្នឹង បើនិយាយអោយស្រួលស្តាប់អស់លុយយើងទាំង2នាក់ខំរកហ្នឹង»។