ចំណងស្នេហ៍ជាង៩ឆ្នាំ អូនលាគ្មានថ្ងៃត្រឡប់ ទុកបងនិងកូនយំសោកស្តាយ

ខេត្តព្រះសីហនុ ៖ ជារឿងដ៏គួរឱ្យសង្វេគមួយសម្រាប់ក្រុមគ្រួសារមួយនេះ ខណៈដែលប្តីប្រពន្ធ២នាក់រួមរស់នឹងគ្នាអស់រយៈពេលជិត១០ឆ្នាំ បង្កើតបានកូន២នាក់ជាចំណងនិស្ស័យ រួមរស់ប្រកបដោយសុភមង្គល ស្រាប់តែមច្ចុរាជឃោរឃៅបានផ្តាច់ផ្តិលយកជីវិតស្ត្រីជាប្រពន្ធទៅ ដោយគ្មានថ្ងៃត្រឡប់ចោលប្តីនិងកូន២នាក់ ដោយសារគាំងបេះដូង ធ្វើឱ្យបុរសជាប្តីយំសោកបោកខ្លួនយ៉ាងខ្លាំង ព្រោះតែស្តាយស្រណោះភរិយាជាទីស្រលាញ់។

ស្ត្រីជាភរិយាអភ័ព្វដែលលាចាកចោលប្តីនិងកូនៗទៅ ទាំងកំពុងពេញស្រលាញ់ខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទ គ្រាន់តែដឹងថា មានប្តីឈ្មោះដួង ចំរើន ជាមន្ត្រី កងរាជអាវុធហត្ថ ហើយក្រុមគ្រួសារមួយនេះមានលំនៅក្នុងខេត្តព្រះសីហនុ។ ស្ត្រីរងគ្រោះខាងលើ បានលាចាកលោកទៅកាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០កន្លងទៅ ដោយអាការគាំងបេះដូង។

បុរសឈ្មោះដួង ចំរើន ជាស្វាមីស្ត្រីរងគ្រោះខាងលើបានសរសេរក្នុងគណនីហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ថា “វេលាម៉ោង១៥ ៖ ៥០នាទីទៀបភ្លឺ ថ្ងៃច័ន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ អូនបានលាចាកចោលបងនិងកូនៗរហូតហើយ គ្មានថ្ងៃណាបាននៅជុំគ្នាសប្បាយដូចមុន បងសែនឈឺចាប់សោកស្តាយខ្លាំងណាស់ សូមបួងសួងវិញ្ញាណក្ខន្ធដល់ដួងព្រលឹងអូនបាន ឆាប់សោយសុខក្នុងភពថ្មី និង jingjing Kaka…”។

បុរសជាប្តីរូបនេះបានបង្ហោះសារក្តុកក្តួលមួយបន្ថែមទៀត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ក្រោយពីជូនដំណើរ និងមើលមុខភរិយាជាទីស្រលាញ់ជាលើកចុងក្រោយ ដោយរៀបរាប់ថា “បងបានជូនដំណើរ និងបំពេញកាតព្វកិច្ចជាប្តីដែលអូនស្រលាញ់លើសពីជីវិតអូន ជាលើកចុងក្រោយ (រយៈពេលប្តីប្រពន្ធ ៥ថ្ងៃ ៤ខែ ០៩ឆ្នាំ) បងសូមអរគុណក្តីស្រលាញ់អូនដែលមានចំពោះបង ហើយបងនឹងចងចាំទំហំចិត្តស្រលាញ់អូនកប់ក្នុងបេះដូងបងរហូតដល់ថ្ងៃ វិនាទីបងស្លាប់ Doung Chamroeun Jingjing Kaka គ្មានថ្ងៃបំភ្លេចបាន…”។

ក្រោយពីការបង្ហោះសារទុក្ខសោកខាងលើរួចមក គេឃើញទាំងសាច់ញាតិ មិត្តភក្តិ ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានសម្តែងនូវអារម្មណ៍រន្ធត់ចិត្តយ៉ាងខ្លាំង និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារខាងលើផងដែរ ពិសេសមានការចូលរួមផ្តល់ជាមតិយោបល់ផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តដល់បុរសជាប្តី ត្រូវរឹងមាំឡើងដើម្បីបន្តមើលថែកូនតូចទាំង២ ក្រោយពេលបាត់បង់ភាពកក់ក្តៅពីអ្នកម្តាយជាទីស្រលាញ់ដែលបានឃ្លាតចាកទៅ ដោយគ្មានថ្ងៃវិលត្រឡប់។

Related posts

Leave a Comment