មើលងាយថាគាត់ជាមនុស្សឆ្កួត!!! ប្រើពូថៅ​ ចបជីកកូនភ្នំធ្វើផ្លូវ៣ឆ្នាំ សាងរឿងភ្ញាក់ផ្អើលជាខ្លាំង!!

បរទេស ៖ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំងដោយ បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​ឈ្មោះ Melethuveettil Sasi អាយុ ៦៣ ឆ្នាំ រស់នៅ​រដ្ឋ Kerala ត្រូវបាន​គេ​ចាត់ទុក​ជា​មនុស្ស​អំណត់​អត់​ធន់ និង​តាំងចិត្ត​ខ្ពស់​បំផុត​មួយ​ដែល​គេ​កម្រ​បាន​ជួបប្រទះ បន្ទាប់​ពី​លោកតា​បាន​ជីក​កាប់​គាស់​ទួល​ធំ​មួយ​ធ្វើ​ជា​ផ្លូវ​ដើរ​សម្រាប់​អ្នក​ភូមិ​ដោយ​ចំណាយពេល​អស់​ជាច្រើន​ឆ្នាំ​។

យ៉ាងណាមិញ ​អ្វី​ដែល​ធ្វើឲ្យ​គេ​​​ស្ងើចសរសើរ គឺ​លោក​តា Sasi បាន​ពិការ​ជើង​ម្ខាង​មិន​អាច​ដើរ​ដូច​មនុស្ស​ទូទៅ​បាន​ទេ ប៉ុន្តែ​លោក​តា​បានចោះ​​រូង​កូនភ្នំ​ដោយ​ប្រើ​តែ​ឧបករណ៍​បុរាណ​ប៉ុណ្ណោះ​។ ​និយាយ​ពី​ជីវិត​កាល​កុមារភាព នៅ​អាយុ ១៥​ឆ្នាំ លោកតា​ចាប់ផ្ដើម​ស៊ីឈ្នួល​ឡើង​ដើម​ដូង កាប់​ផ្លែ ឬ​ធាង ដើម្បី​ជួយ​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​។ មូលហេតុ​ធ្វើឲ្យ​ពិកា​រនេះ​មិនមែន​មក​ពី​កំណើត​ទេ គឺ​នៅ​អាយុ ៤៥​ឆ្នាំ លោកតា​បាន​ជួប​ឧបទ្ទវហេតុ​ធ្លាក់​ពីលើ​ដើម​ដូង បណ្ដាលឲ្យ​របួស​ចេញឈា​ម និង​មួយ​ចំហៀង​ខ្លួន​ខាងស្ដាំ​ត្រូវ​ពិការ​ខូច​សរសៃ​។​ដោយឡែក ​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​អកុសល​នេះ កូនប្រុស​របស់​លោកតា​ត្រូវ​បង្ខំចិត្ត​ឈប់រៀន

និង​ចាប់ផ្ដើម​រក​ការងារ​ធ្វើ​។ គាត់​​បាន​ចំណាយ​រយៈពេល​ពី ៦ ទៅ ៧​ខែ ទើប​ដៃ​ជើង​របស់​លោកតា​ចាប់ផ្ដើម​អាច​កម្រើក​បាន​តិចតួច ប៉ុន្តែ​ដោយសារ​ការ​ធ្វើ​សរសៃ និង​ព្យាបាល​ផ្សេងទៀត ទើប​អាច​ឲ្យគាត់​ក្រោក​ដើរ​បាន​វិញ​។ ទោះបីជា​លោក​តា Sasi មិន​អាច​ធ្វើ​អ្វី​ដូច​ពីមុន​យ៉ាងណាក៏ដោយ ក៏​លោកតា​មិន​ដែល​គិត​ចង់​បោះបង់​ការងារ​សម្រាប់​គ្រួសារ​ឡើយ​។​​ជាក់ស្តែង លោកតា​ប្ដេជ្ញាចិត្ត​ចេញ​រក​ការងារ​ធ្វើ ដើម្បី​ចិញ្ចឹម​គ្រួសារ​ជា​ថ្មី​។

ដំបូង​លោក​តា​គិតថា ចង់​លក់​សំបុត្រ​ឆ្នោត ប៉ុន្តែ​ត្រូវ​ទិញ​ម៉ូតូ​កង់​បី ហើយ​ពុំ​មាន​ប្រាក់​។ លោកតា​ស្វែងរក​ការជួយ​ទំនុកបម្រុង​ផ្នែក​ហិរញ្ញវត្ថុ​ពី​អាជ្ញាធរ​ក្នុង​តំបន់ ប៉ុន្តែ​ពុំ​ទទួលបាន​ចម្លើយ​តប​សូម្បី​បន្តិច​។ រយៈពេល​ជិត ១០​ឆ្នាំ លោកតា​បាន​ស្នើសុំ​អាជ្ញាធរ​ឲ្យជួយ​ធ្វើ​ផ្លូវ​ទៅ​កាន់​ផ្ទះ​ខ្លួន​ ក៏ដូចជា​សម្រាប់​ផលប្រយោជន៍​អ្នកភូមិ​ដែរ ព្រោះ​ផ្លូវ​នេះ​បាំង​ដោយ​​​ទួលធំ​​មួយ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​អើពើ​ឡើយ​។​​ដោយសារតែមូលហេតុ​នេះហើយ

ទើប​ធ្វើ​ឲ្យ​លោកតា ប្ដេជ្ញាចិត្ត​ទាញ​ត្រ​សេះ ចប ពូថៅ និង​បង្គី ចាប់ផ្ដើម​កាប់ គាស់ លុង​កូនភ្នំ​ដែល​ស្ថិតនៅ​ក្បែរ​ផ្ទះ​លោក​តា​។ លោកតា​ចំណាយពេល​ប្រមាណ ៦​ម៉ោង ក្នុង​មួយ​ថ្ងៃ​ក្នុង​កិច្ចការ​នេះ​។ “​ខ្ញុំ​មិនដែល​គិតថា នៅពេល​ណា​ខ្ញុំ​ធ្វើ​រួច​ទេ​។ ខ្ញុំ​បាន​កំណត់​ពេល​ក្រោក​ធ្វើ​នៅ​ម៉ោង ៥​ព្រឹក និង​ឈប់​នៅ​ម៉ោង ៨៖៣០​ព្រឹក ហើយ​បន្ត​នៅ​ម៉ោង ៣៖៣០​ល្ងាច ​ឬ ៤​ល្ងាច រហូត​ដល់​ថ្ងៃ​លិច​”​។

លោកតា​រៀបរាប់​។​គួរបញ្ជាក់ផងដែរថា ​អំឡុង​ពេល​ជីក​នេះ លោកតា​តែងតែ​ទទួល​ពាក្យ​សើចចំអក ព្រងើយកន្តើយ​ពី​អាជ្ញាធរ និង​រហូត​គេ​ហៅ​ជា​មនុស្ស​ឆ្កួត​ថែមទៀត ប៉ុន្តែ​ចុងក្រោយ​លោកតា​ និង​គ្រួសារ​ធ្វើ​បាន​សម្រេច​ដោយ​ប្រើ​រយៈពេល​ជាង ៣​ឆ្នាំ​។ ក្រោយ​ពី​រឿងរ៉ាវ​នេះ​ត្រូវបាន​គេ​ចែកចាយ​លើ​អ៊ីនធឺណិត អាជ្ញាធរ​សម្រេចចិត្ត​ជូន​កាដូ​ជា​ម៉ូតូ​កង់​បី​ឲ្យ​មួយគ្រឿង​ទៅ​លោក​តា​​។ ពេល​នេះ​ផ្លូវ​លុង​របស់​លោកតា​ត្រូវបាន​អ្នកភូមិ​ក្មេង​ចាស់​ធ្វើដំណើរ​ឆ្លងកាត់​រាល់​ថ្ងៃ​ និង​មិន​ភ្លេច​គុណ​លោក​តា​ឡើយ​៕

Related posts

Leave a Comment