៧ចំណុច ដើម្បីកាត់បន្ថយអារម្មណ៍អន់ចិត្ត កុំឱ្យខ្លួនឯងចេះតែនឹកខឹង អន់ចិត្តនឹងអ្នកណាច្រើនពេក

ជាការពិតណាស់ មនុស្សណាក៏ចេះអន់ចិត្តដែរ គ្រាន់តែតិច ឬច្រើនតែប៉ុណ្ណោះ។ មនុស្សរឹងមាំ មិនចូលចិត្តចំណាយពេល ទៅអន់ចិត្តនឹងអ្នកណាទេ រហូតដល់ពេលខ្លះ អ្នកដទៃគិតថា គេជាមនុស្សអាត្មានិយម គ្មានចិត្តថ្លើមទៀតផង តែការពិត គេជាមនុស្សចេះគិតបានច្រើន មានហេតុផលច្បាស់លាស់ ចេះបែងចែកបានត្រឹមត្រូវ។​ ខាងក្រោមនេះជាវិធីកាត់បន្ថយអារម្មណ៍អន់ចិត្ត សាកល្បងធ្វើទៅ បើធ្វើបាន អ្នកនឹងយល់ថា ខ្លួនឯងពិតជាពូកែ ហើយរឹងមាំជាងមុន ៖

១. កុំចេះតែគិតអ្វីផ្ដេសផ្ដាសតែម្នាក់ឯង
ការគិតច្រើនផ្ដេសផ្ដាសតែម្នាក់ឯង វាជាការបង្កើតនូវចម្លើយដែលស្រពិចស្រពិល មន្ទិលសង្ស័យ គិតច្រើនខុសច្រើនតែប៉ុណ្ណោះ។ គិតគេចេះ គិតគេចុះ ចុងក្រោយគិតខុស បានត្រឹមតែអន់ចិត្តម្នាក់ឯង។

២. កុំចេះតែខ្វល់ពីភាពព្រងើយកន្តើយរបស់អ្នកណា
មិនថាជាមិត្ត ឬជាសង្សារ បើគេព្រងើយកន្តើយ ក៏ស្រេចតែគេទៅ យើងធ្វើដូចគេដែរទៅ ចាំបាច់ទៅខឹង អន់ចិត្ត នាំតែស្មុគខ្លួនឯង។ បើមនុស្សស្រឡាញ់យើង គេនឹងមិនព្រងើយនឹងយើងទេ។ ជួនកាលខ្វល់ពីគេពេក នាំឱ្យគេធុញទ្រាន់ទៅវិញទេ។

៣. កុំចេះតែយកសម្ដីគេមកគិត
មនុស្សខ្លះ និយាយឱ្យតែរួចពីមាត់ មនុស្សខ្លះ និយាយលេងបែបអត់ចេះគិត និយាយអត់ដឹងអីទេ និយាយដើម្បីតែបំបាក់ទឹកចិត្តអ្នកដទៃតែប៉ុណ្ណោះ ម្ល៉ោះហើយ សម្ដីចេញពីមាត់ មនុស្សអត់ប្រយោជន៍ កុំយកមកគិតពេក នាំតែធ្ងន់ខួរក្បាល នាំតែហត់អត់អំពើ។

៤. កុំទៅហួងហែងបិទសិទ្ធិអ្នកណា
សូម្បីតែយើងខ្លួនឯង ក៏មិនចូលចិត្តឱ្យអ្នកណា មកហួងហែង បិទសិទ្ធិយើងដែរ មនុស្សម្នាក់ៗ សុទ្ធតែត្រូវការពេលវេលាផ្ទាល់ខ្លួន ទាំងយើងទាំងគេ អ៊ីចឹងហើយបណ្ដោយគេទៅ។ ម្យ៉ាងទៀត គេក៏មានការងារគេ យើងក៏ធ្វើការងារយើងដែរទៅ ចាំតែហួងហែងគេ ឃ្វៀលគេ គេដៀលថាយើងមិនកំណើត អត់ការងារធ្វើ។

៥. កុំចេះតែទាមទារ ឬរំពឹងចង់បានអ្វីពីអ្នកណា
ការរំពឹងទុកកាន់តែខ្លាំង ខកបំណងក៏កាន់តែធ្ងន់ ទាមទារពេក រំពឹងពេក បើមិនបានដូចចិត្ត យើងប្រាកដជាខកបំណងខ្លាំងណាស់ ត្រូវចាំថា រាល់ការទាមទារ ការរំពឹង វាមិនបានដូចអ្វីដែលយើងចង់បានទាំងស្រុងឡើយ។

៦. កុំសន្សំចិត្តច្រណែនឈ្នានីសអ្នកណា
ការច្រណែនអ្នកដទៃ មានន័យថា យើងកំពុងតែមិនមានអ្វីដែលល្អ តែតាមការពិត ជីវិតមនុស្សម្នាក់ៗ មានចំណុចពិសេសរៀងៗខ្លួន សំខាន់យើងខ្លួនឯង ត្រូវតែចេះស្រឡាញ់ ពេញចិត្ត នឹងជីវិតខ្លួនឯង ច្រណែនអ្នកដទៃ មានតែក្ដីទុក្ខប៉ុណ្ណោះ។

៧. កុំទៅចង់ដឹងឮរឿងអ្នកដទៃពេក
ដឹងច្រើនទុក្ខច្រើន ដឹងត្រឹមអ្វី ដែលគេឱ្យយើងដឹងទៅបានហើយ កុំចង់ដឹងអ្វីដែលគេមិនចង់និយាយ ត្រូវគិតថា រឿងគេ មិនទាក់ទងនឹងយើងទេ ដឹងរឿងគេ ក៏គ្មានប្រយោជន៍អីដែរ ត្រឹមតែរឿងខ្លួនឯងម្នាក់ ពិបាកគិតណាស់ហើយ ទៅដឹងរឿងគេធ្វើអីទៀត៕

Related posts

Leave a Comment