ពិតជាសោកស្ដាយ! សត្វទន្សោងឈ្មោលមួយក្បាល បានបាត់បង់ជីវិត ដោយសារតែជាប់អន្ទាក់របស់ព្រានជាច្រើនថ្ងៃ

ឧត្តរមានជ័យ៖ សត្វទន្សោងឈ្មោលមួយក្បាល បានបាត់បង់ជីវិត នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្តនៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ កាលពីល្ងាចថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះ ដោយសារតែស្ថានភាពសុខភាពចុះខ្សោយខ្លាំង និងរបួសធ្ងន់ បន្ទាប់ពីជាប់អន្ទាក់របស់ព្រានជាយូរថ្ងៃ ទោះបីជាក្រុមអ្នកជំនាញបសុសត្វ និងមន្ត្រីពាក់ព័ន្ធខិតខំព្យាយាមសង្គ្រោះយ៉ាងយកចិត្តទុកដាក់យ៉ាងណាក៏ដោយ។

បើតាមការថ្លែងឱ្យដឹងពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានកាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះថា សត្វទន្សោង ដែលជាប់អន្ទាក់ព្រានព្រៃនោះ​ ត្រូវបានប្រទះឃើញនៅក្នុងភូមិសាស្រ្តចំណុចអូរថ្ម ក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័នស្ថិតក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន និងបានទទួលការសង្គ្រោះបឋមមុននឹងសត្វទន្សោងនោះបាត់បង់ជីវិត។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងទៀតថា សត្វទន្សោងមួយក្បាលដែលត្រូវបានជួយសង្គ្រោះនោះ ពិតជាគួរឱ្យអាណិតអាសូរខ្លាំងណាស់។ នៅលើមុខរបស់វា មានស្នាមហូរទឹកភ្នែកដែលទំនងជាអស់ក្តីសង្ឃឹម និងជឿថាខ្លួនប្រាកដជាត្រូវបានព្រានព្រៃគ្មានក្តីមេត្តាសម្លាប់ជាមិនខាន ប៉ុន្តែទីបំផុតត្រូវបានជួយសង្គ្រោះរួចផុតពីក្រញាំដៃក្រុមព្រានព្រៃ តែអកុសល សត្វទន្សោងនោះនៅតែផុតជីវិតគួរឱ្យសង្វេគជាទីបំផុត ដោយសារតែសុខភាពចុះខ្សោយខ្លាំង ព្រោះអត់ចំណីជាច្រើនថ្ងៃ និងឈឺស្នាមរបួសជាប់អន្ទាក់ជាដើម៕

យ៉ាងណាមិញ សាកសពសត្វទ្សោងនោះនឹងត្រូវមន្ត្រីឧទ្យានុរក្ស និងព្រះតេជគុណ ប៊ុន សាលួត បញ្ចុះនៅទីស្នាក់ការកណ្តាលនៃសហគមន៍ព្រៃសង្ឃរុក្ខវ័ននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង ៧ ព្រឹកនេះ។

Related posts

Leave a Comment