ដំណឹងល្អ! អង្គការ WCS រកឃើញសម្បុកសត្វកន្ធាយក្បាលកង្កែប ជិតផុតពូជ ៤៩ សំបុក មានពង ១៧៥៦ នៅខេត្តក្រចេះ

នៅក្នុងរដូវពងកូន ឆ្នាំ ២០២០ នេះ ក្រុមការពារសំបុកនៅសហគមន៍បានរកឃើញសំបុកកន្ធាយក្បាលកង្កែប ឬ ល្មិច ចំនួន ៤៩ សំបុក ដែលមាន ១៧៥៦ ពង នៅលើឆ្នេរខ្សាច់ក្នុងខេត្តក្រចេះ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អង្គការ សមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) ក្នុងឱកាសទិវាអណ្ដើកពិភពលោក កាលពីចុងសប្តាហ៍កន្លងទៅ

អង្គការ WCS បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២០ មានកូនកន្ធាយក្បាលកង្កែបសរុបចំនួន ៨២៤ កូន បានញាស់ចេញពីសំបុកចំនួន ៤១ សំបុក ដែល ក្នុងនោះកូនកន្ធាយ ចំនួន ៦៥៧ ត្រូវបានលែងចូលក្នុងទីជម្រកធម្មជាតិវិញ ចំណែកឯកូនកន្ធាយដែលនៅសល់ ក្រុមការងារកំពុងមើលថែទាំ និងគ្រោងលែងចូលក្នុងទីជម្រកធម្មជាតិវិញក្នុងពេលឆាប់ៗខាងមុខ។

លោក កែន សេរីរដ្ឋា នាយកអង្គការ wcs បានមានប្រសាសន៍ថា៖ « ដោយមានការគាំទ្រជាបន្តបន្ទាប់ពី ម្ចាស់ជំនួយរបស់យើង និងមានកិច្ចសហប្រតិបត្តិការល្អពីរដ្ឋបាលជលផល ព្រមទាំងមានការប្ដេជ្ញាចិត្ត ខ្ពស់របស់បុគ្គលិកនៅទីវាលរបស់យើង និងក្រុមការពារសំបុកនៅសហគមន៍ អង្គការ wcs សម្រេចបាន នូវសមិទ្ធិផលជាច្រើនគួរឱ្យកត់សម្គាល់ក្នុងការអនុវត្តគម្រោងរបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក »។

«កំណើននៃសំបុក និងពងកន្ធាយបានជំរុញ និងលើកទឹកចិត្តយើងឱ្យខិតខំ ប្រឹងប្រែងបន្តទៀតដើម្បីអភិរក្សកន្ធាយក្បាលកង្កែប ដែលកំពុងទទួលរងគ្រោះជិតផុតពូជបំផុតនេះ »។ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល បានមានប្រសាសន៍ថាសម្តែងការ អបអរសាទរយ៉ាងក្រៃលែងចំពោះការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍ បងប្អូនប្រជាពលរដ្ឋ និង ជាពិសេស អង្គការ WCS ដែលបាននិងកំពុងស្តារប្រភេទកន្ធាយដែលកំពុងរងគ្រោះថ្នាក់នេះឱ្យមានវត្តមានក្នុងដែនទឹក ធម្មជាតិនេះឡើងវិញ។

លោកក៏បានស្នើឱ្យភាគីពាក់ព័ន្ធបន្តកិច្ចការស្តារប្រភេទកន្ធាយនេះ ព្រមទាំងក្រើន រម្លឹកដល់ជនមួយចំនួន ដែលនៅតែបន្តជួញដូរប្រភេទសត្វនេះ នឹងត្រូវទទួលទោសចំពោះមុខច្បាប់។

លោកស្រីបណ្ឌិត សុនចា លូហ្ស (Dr. Sonja Luz) នាយកផ្នែកអភិរក្ស និងស្រាវជ្រាវ និងសេវាពេទ្យសត្វ នៃសួនសត្វស៊ីងហ្គាពួរ (Wildlife Reserves Singapore) បានមានប្រសាសន៍ថា៖ «ក្នុងនាមជាអង្គការធ្វើការងារផ្នែកអភិរក្សសត្វព្រៃ ក្រៅពីការមើលថែទាំសត្វព្រៃនៅក្នុងសួនសត្វព្រៃរបស់យើង យើងក៏នៅមាន ភារកិច្ច និងការទទួលខុសត្រូវជាច្រើនទៀតផងដែរក្នុងការការពារប្រភេទសត្វនានាដែលកំពុងទទួលរងការ គំរាមកំហែងនៅក្នុងធម្មជាតិ។សួនសត្វព្រៃស៊ីងហ្គាពួរ (WRS) មានសេចក្តីរីករាយដោយអាចបំពេញ តួនាទីរបស់ខ្លួនដើម្បីគាំទ្រដល់ការងារអភិរក្សរបស់ដៃគូនានានៅក្នុងតំបន់ ដូចជា អង្គការ WCS ប្រចាំកម្ពុជា ក្នុងការធានាឱ្យមានកំណើនឡើងវិញនៃប្រភេទកន្ធាយក្បាលកង្កែបនៅក្នុងទីជម្រកធម្មជាតិ »។ សូមបញ្ជាក់ថា កន្ធាយក្បាលកង្កែបឬល្មិច ដែល មានឈ្មោះវិទ្យាសាស្ត្រថា Pelochelys cantorii ត្រូវបានចាត់ចូលក្នុងបញ្ជីក្រហមរបស់អង្គការ ជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុត៕

Related posts

Leave a Comment