ភ្នំពេញ ៖ បន្ទាប់ពីមានការប្រកាសដាក់លក់ផ្ទះឡាយឡុងតម្លៃកន្លះលានដុល្លារ និងគ្រឿងសម្អាងការ បង្កការភ្ញាក់ផ្អើល ហើយចាប់អារម្មណ៍ចំពោះមហាជន និងអ្នកគាំទ្រអំឡុងពេលប៉ុន្មានថ្ងៃមកនោះទីបំផុតសាមីខ្លួនអ្នកនាង ខាត់ សុឃីម បានចេញមុខបញ្ជាក់ច្បាស់ៗពីហេតុផលនេះហើយ។
បើតាមចម្លើយរបស់តារាស្រីពហុជំនាញ អ្នកនាង ខាត់ សុឃីម ដែលបានបង្ហើបប្រាប់ការពិតឲ្យមហាជនអស់មន្ទិលនាពេលនេះ គឺអាចមិនខុសនឹងការសង្ស័យ ឬពាក្យចចាមអារ៉ាមនោះទេ ព្រោះថាការប្រកាសដាក់លក់ផ្ទះឡាយឡុង និងគ្រឿងសម្អាងយ៉ាងតក់ក្រហល់នេះ ក៏ដោយសារតែនាងត្រូវបង្វិលយកលុយទៅបង់ឲ្យធនាគារដែលខ្លួនកំពុងជាប់ជំពាក់បំណុល។
យោងតាមខ្លឹមសាររបស់ អ្នកនាង ខាត់ សុឃីម បានសរសេរភ្ជាប់ជាមួយសំនួរ-ចម្លើយដូច្នេះថា មានសំណួរច្រើនសួរមកកាន់ខ្ញុំ? ១,ហេតុអ្វីបានលក់ផ្ទះលក់ផ្នួងអញ្ចឹងឃីម? ២,ម្តេចបានមិនទ្រាំសិន ?៣,មិនខ្លាចគេមើលងាយយើងទេឬ?។ ជាចម្លើយ ត្រូវបានតារាស្រី អ្នកនាង ខាត់ សុឃីម បញ្ជាក់ទៅវិញថា ខ្ញុំមិនចង់ជំពាក់ធនាគារទៀត។
អ្នកនាង ខាត់ សុឃីម បាននិយាយទៀតថា នាងមិនទ្រាំនឹងភាពលំបាកដោយសម្តែងថាខ្លួនឯងមិនអ្វី? ខ្ញុំមិនខ្វល់ទេ ព្រោះខ្ញុំមិនបានខ្ចីច្រមុះគេមកដកដង្ហើមផង។ ខ្ញុំនៅតែជា ខាត់ សុឃីម ដ៏រឹងមាំដដែល។ ទន្ទឹមគ្នានឹងការបញ្ជាក់របស់អ្នកនាង ខាត់ សុឃីម នេះដែរ ភ្លាមៗនោះ មានអ្នកគាំទ្រនាងម្នាក់បានបញ្ចេញយោបល់ថា បងស្រីខ្ញុំខ្ជិលជំពាក់ធនាគារ អញ្ចឹងគាត់លក់សងធនាគារឲ្យអស់តែម្តងទៅ សល់ប៉ុន្មានទុកចាយ ហើយប៉ុន្មានចាំរកទៀត។ ខ្ជិលជំពាក់គេ មែនអត់បងស្រី ខាត់ សុឃីម?។
សូមបញ្ជាក់ថា ក្រោយពេលប្រកាសដាក់លក់គ្រឿងសម្អាងការយ៉ាងប្រញាប់តារាស្រី អ្នកនាង ខាត់ សុឃីម កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ក៏ស្រាប់តែបានបន្តធ្វើការប្រកាសដាក់លក់ឡាយឡុងផ្ទះដែលមានតម្លៃប្រមាណ៥០ម៉ឺនដុល្លារ មានទីតាំងផ្ទះនេះស្ថិតនៅក្បែរផ្សារដេប៉ូផងដែរ៕