ស្តាប់ហើយព្រឺសម្បុរ! តើកូនតុក្កតា ពិតជាមានវិញ្ញាណ និងជួយអ្នកឲ្យរកស៊ី មានបាន? (មានវីដេអូ)

ភ្នំពេញ​៖ សម្រាប់​អ្នករកស៊ី​លក់ដូរមួយ​ចំនួន ​ប្រាកដ​ជា​បាន​ស្គាល់​រួចមកហើយ​នៅ​តុក្តតា​ដាស់​វិញ្ញាណ។ តុក្តតា​ដាស់​វិញ្ញាណគឺ​ជា ​តុក្តតា​មួយ​ប្រភេទ​ដែល ​ក្នុង​ពេល​បច្ចុប្បន្ន​គេ​និយម​ប្រើ​ដើម្បី​ជួយ​​ក្នុងការ​រក​ស៊ី ​ជា​ពិសេស​គឺសម្រាប់​អ្នក​ដែល​មាន ​មុខ​របបលក់​ដូរ​ដូច​ជាលក់អនឡាញ​ព្រោះ​គេ​មាន​ជំនឿ​ថា ​តុក្ត​តាប្រភេទ​​នេះ​នឹងអាច ​​ជួយ​ហៅ​ភ្ញៀវឲ្យ​ម្ចាស់​ជា​ដើម។

បើ​យោងតាម​សម្តី​របស់​លោក​គ្រូ ​វង្ស មុនី​រយដាវ ​សាវឌី ដែល​លោក​បាន​រៀន ​និង​បានយល់ដឹងខាងផ្នែក​នេះ ​តាំង​ពី​លោកមាន​វ័យ​ ទើប​តែ​​១៤​ឆ្នាំមកម្ល៉េះ ហើយក៏​​បាន​បន្ត ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ននេះ ​​បាន​ឲ្យ​ដឹងថា​ តុក្តត្តា​ដាស់វិញ្ញាណ​នេះ​គឺ​ម្ចាស់​តុក្តតា​​ត្រូវយក​ តុក្កតាទៅចារបាលី​ នៅលើ​ខ្លួន​របស់​តុក្តតា​នោះជាមុន​សិន។

ចំណែក​​ប្រភេទ​នៃ​បាលី ដែល​ប្រើ​សម្រាប់​ធ្វើ​ការ​ដាស់​តុក្តត្តា​នោះ ​គឺ​មានវិញ្ញាណ​​៣​យ៉ាង​ខុសៗ​គ្នា។​ ទី​១៖ គឺវិញ្ញាណ​ស្តេច​ម្រេញ​គង្វាល​៤៩អង្គ, ទី២៖ គឺ​វិញ្ញាណស្តេច​ក្មេង​បរិសុទ្ធ និង​វិញ្ញាណបរិសុទ្ធ និងទី៣៖ គឺ​ជា​វិញ្ញាណ​ក្មេង​ខ្មោច​។ ដូច្នេះ​ប្រភេទ​នៃ​វិញ្ញាណ​ទាំង​៣​នេះ​គឺ សុទ្ធ​តែសម្រាប់​អ្នក​​រក​ស៊ី​ដូច​គ្នា​គ្រាន់​តែ​វា​មាន​​ឥទ្ធិពល​ផ្សេងៗគ្នា ​តែប៉ុណ្ណោះ​។

ចំពោះ​វិញ្ញាណ​ទី១៖ ​ស្តេច​ម្រេញ​គង្វាល​៤៩​អង្គ​គឺជាព្រលឹង​​ក្មេង​ម្យ៉ាង ​ដែល​នៅ​ក្នុង​សីល។ ប្រភេទ​ស្តេច​ម្រេញ​គង្វាល​គឺ មិន​ត្រូវ​ការ​ឲ្យ​មា​នការសែន​ព្រេន​អ្វីចម្លែក​ៗដូច​ជា​ ​វិញ្ញាណ​ផ្សេងៗទៀត​នោះទេគឺ គ្រាន់​តែ​ដាក់​ស្ករគ្រាប់ ​នំ​ទៅ​បាន​ហើយ។ រីឯចំណែក​ទី​២៖ វិញ្ញាណ​ក្មេង​បរិសុទ្ធ​ ក៏​ត្រូវ​សែន​នំ​ទឹក​ដោះ​គោដូច​គ្នា តែ​គ្រាន់​តែ​វា​ជា​វិញ្ញាណ​ក្មេង​បរិសុទ្ធ ​តែ​មិន​មែន​ជា​ខ្មោច​នោះ​ទេ តែ​ជា​វិញ្ញាណ​ម្យ៉ាង​ របស់​​កូនក្មេង​ដែល​ស្លាប់​នៅក្នុង​ផ្ទៃ​ ឬក៏​ក្មេង​ដែល​ឆ្លង​ទន្លេ មក​ហើយ​ស្លាប់ជាដើម។ ដូច្នេះ​វិញ្ញាណ​បែបនេះ​គឺ​ជា ​វិញ្ញាណ​ក្មេង​បរិសុទ្ធ​ ដែល​មិន​ទាន់​បាន​ឃើញ​ពន្លឺថ្ងៃ។ ចំណែក​ចុងក្រោយ​ទី​៣៖ គឺ​វិញ្ញាណ​ខ្មោច​ គឺជា​ក្មេង​ដែល​បាន​ស្លាប់ ​នៅ​​អាយុ​៥​ឆ្នាំ​ចុះក្រោម ដែល​បាន​ស្លាប់​ ដោយ​ហេតុការណ៍​ណាមួយ ដូច្នេះ​​វិញ្ញាណ​បែប​នោះ​គឺ ​គេហៅ​ថា​វិញ្ញាណ​ខ្មោច​។

ទន្ទឹម​នឹង​នេះ​ផងដែ​ល ​ចំពោះរយៈពេល​ដែលប្រើ ​សម្រាប់​ដាស់​វិញ្ញាណ​គឺ​ត្រូវ​ប្រើ​រយៈពេល​ ចាប់​ពី​១ថ្ងៃ​ទៅ​​៣ថ្ងៃ។ លើសពី​នេះ​គ្រប់​វិញ្ញាណ ​ដែល​ដាស់​ទាំង​អស់​ក៏​ត្រូវ​តែ​មាន​នៅ​ការតំណម យ៉ាង​តឹង​រឹង​​ផងដែរដូចជា៖

តំណម​ទី១ ​គឺ​គេតំណម​ខ្លាំង​ ទៅលើកា​រសែន​ព្រេន​ដោយ​ប្រើ​ធូប​ ឬក៏​បាយសម្ល ហេតុផល​ដែល​គេ​មិន​ឲ្យ​សែន ​បាយ​សម្ល​​ក៏​ដោយ​សារ ​ខ្លាច​វិញ្ញាណ​នោះ​កាច​(ដូច​ពាក្យ​ចាស់ ​ពោល​ថា​កុំ​បង្រៀន​ខ្លា​ ឲ្យ​ស៊ី​សាច់​ឆៅ) ។ ដូច្នេះ​ការ​សែន​គឺ​គ្រាន់​តែ ​អុជ​ទាន នំ​ ឬស្ករ​គ្រាប់ ​ទៅបានហើយ។

តំណម​ទី២ គឺ​តំណម​ទៅ​កន្លែ​ងសាសនា ​ដូចជាជាន់​អារក្ស ចូល​រូប​​ ពិធី​ថ្វាយ​បូជា​បួងសួងគឺ​ ហាម​យកតុក្តតា​នេះ ​​ទៅ​ជា​ដាច់​ខាត ព្រោះអាច​ធ្វើ​ឲ្យ​វិញ្ញាណ ​ខ្ជាយ​ព្រលឹង​បាន​ ក៏ព្រោះ​តែ​​ព្រលឹង​នោះ ​គ្រាន់តែ​ជា​ព្រលឹង​កូន​ក្មេង​មិន​មែន​ជា​ព្រលឹង​នៃ​មេទ័ព ឬ បារមីណាឡើយ ដូច្នេះគួរចៀស​វាង​ យក​​ទៅកន្លែង​ទាំង​អស់​នោះ​។

​ចំណម​ទី​៣​ នោះគឺហាម​ដាច់​ខាត ​ឲ្យកូន​​ក្មេង​សង្កត់​ជាន់វៃប្រលែង​ជាមួយ​​ ឬក៏ធ្វើ​​ឲ្យ​ធ្លាក់ ​ពីកន្លែង​ដែល​ខ្ពស់ៗ​ ព្រោះអាច​ធ្វើ​ឲ្យ​​វិញ្ញាណនេះ ប្រែ​មក​ជា​កាច។ ដូច្នេះ​នៅ​ពេល​ដែល​ព្រលឹង​កាច​គឺ ​ព្រលឹង​នោះ​នឹង​អាច ​ឲ្យម្ចាស់​​ឃើញ ឬដើរលេង ក្នុង​ផ្ទះជាដើម។

គួរបញ្ជាក់​ផងដែរថា ​បើ​តាមលោកគ្រូ​ វង្ស មុនី​រយដាវ ​សាវឌី បាន​​​បញ្ជាក់បន្ថែម​ទៀត​ផង​ដែរថា ​វិញ្ញាណ​ទាំងនេះគឺ ​ខុស​ពី​វិញ្ញាណ​ខ្មោច​ផ្សេងៗ ព្រោះ​ថា​ជា​កូន​ក្មេង​ដែលស្អាតៗ​ ហើយ​ពេល​ខ្លះ​ក៏​អាច​ឲ្យ​ម្ចាស់ ​បាន​ឃើញ​ច្បាស់​ៗ​ម្តង​ម្កាល​ផងដែរ។ ​ក៏ប៉ុន្តែវិញ្ញាណ​នេះ ​អាច​ការពារ​ម្ចាស់​ពី​មន្ត​អាគមន៍ល្មមៗ​ ព្រម​ទាំង​អាច​កម្ចាច់​វិញ្ញាណ​ផ្សេង​ៗ ​ដែលចង់​មក​យាយី​ម្ចាស់​។ ដែល​សំខាន់​នោះ​គឺ ​តុក្តត្តា​នេះ​អាចជួយ បន្ទន់​កាយ​ បន្ទន់​ចិត្ត​ ​ហៅភ្ញៀវ​សម្រាប់​អ្នកដែល​រកស៊ីឬលក់ដូរផ្សេងៗ។ ពី​ព្រោះ​តុក្កតា​នេះ ​នៅ​ពេល​ដែល​គេ​ហៅ​ព្រលឹ​ង ចូល​គឺ​គេ​សង្កត់​អថ័នបីយ៉ាង​ដែល​ទី​១៖ គេ​ហៅ​ថា​អថ័ន​ទ្វាប្រាំបី, ទី២៖ អថ័ន​ញីអថ័នឈ្មោល និង​ទី៣៖ គឺ​អថ័ន​ក្រឡាប់កាប់ផ្ញារ។ហើយ​ជាចុងក្រោយ​ លោក​គ្រូ វង្ស មុនី​រយដាវ​សាវឌី ​ក៏​សូមផ្តាំ​ផ្ញើទៅ​ដល់​អ្នក ​ដែលនិយម​ប្រើ​ប្រាស់​តុក្កតា​ប្រភេទ​ដាស់​វិញ្ញាណ​នេះថាគឺ សូម​នៅ​ពេល​ដែល​ដាស់វិញ្ញាណ ​​ហើយ ដាច់​ខាត​គឺមិនអាច​​ឲ្យវា​​ប៉ះ ឬនៅ​ក្បែរឈាមនោះទេ។ ជាពិសេស​មនុស្ស​ស្រី ​ដែល​ចិញ្ចឹម​តុក្កតា​នេះ ឬមាន​បង​ប្អូន​ដែល​ត្រូវ​មក​រដូវ ​សូម​កុំ​នៅ​ក្បែរ​ តុក្កតានោះ​ឲ្យសោះ ព្រោះ​វាអាច​ធ្វើ​ឲ្យ​វិញ្ញាណ​នោះ ​ធុំច្រាប​ឈាម ដែល​អាច​ធ្វើ​ឲ្យ​វិញ្ញាណ ​ប្រែមក​ជា​ឃោរ​ឃៅ​បាន​ផងដែរ៕

Related posts

Leave a Comment