សម័យនេះកម្រមានណាស់! គ្រួសារមួយនៅច្បារអំពៅ រៀបចំពិធីចូលម្លប់ឱ្យកូនស្រីយ៉ាងសមរម្យ តាមទំនៀមទម្លាប់ខ្មែរ

ពិធីចូលម្លប់ គឺជាពិធីប្រពៃណីទំនៀមទម្លាប់មួយដែលខ្មែរបានប្រារព្ធធ្វើឡើងដើម្បីបំពេញលក្ខណ៍ឲ្យកូនស្រីនៅពេលពេញវ័យ។ ពិធីនេះមានតាំងពីយូរណាស់មកហើយ ប៉ុន្តែគេមិនបានដឹងច្បាស់ថាពិធីនេះមានតាំងពីពេលណាមកនោះទេ។

តាមការស្រាវជ្រាវបានឲ្យដឹងថា ពិធីឆ្លងវ័យមួយនេះត្រូវបានប្រជាជនខ្មែរនិយមប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន រហូតមកដល់ចុងរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស គឺប្រហែលនៅរវាងឆ្នាំ ១៩៣០-១៩៤០ ទើបគេពុំសូវឃើញមានការប្រារព្ធពិធីគ្រប់ទីកន្លែងនៅប្រទេសកម្ពុជាដូចកាលពីមុនទៀត ។

ពិធីនេះគឺធ្វើឡើងនៅពេលកូនក្រមុំ ចាប់ផ្តើមពេញវ័យ គឺរាប់តាំងពីពេលមានរដូវដំបូង ដោយមិនមានដេញវេលាល្អអាក្រក់ដូចពិធីកោជុក ពិធីអាពាហ៍ពិពាហ៍ និងពិធីមួយចំនួនទៀតឡើយ ។ ឪពុកម្តាយត្រូវរៀបចំពិធីចូលម្លប់ឲ្យកូនស្រីរបស់ខ្លួន ដែលយ៉ាងហោចណាស់ត្រូវធ្វើឲ្យកូនស្រីច្បងនៃគ្រួសារដែរ ។

ដោយឡែកសម្រាប់តែថ្មីៗ មានគ្រួសារមួយដែលរស់នៅក្នុងទីក្រុងភ្នំពេញ កំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន ក្រោយនៅតែបន្តរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ ព្រមទាំងបានរៀបចំពិធីចូលម្លប់ឱ្យកូនស្រីរបស់ខ្លួនយ៉ាងសមរម្យ ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Chandoeb Sun បានបង្ហោះសារលើហ្វេសប៊ុក រួមជាមួយរូបថត២សន្លឹកថា៖ «ពិធីចូលម្លប់​ កូនបងស្រី​ ឌី​ ចាន់ណា​ នៅច្បារអំពៅ​ ។ នេះជាអ្នកទី ២ ​ហើយ ដែលពលរដ្ឋភ្នំពេញធ្វើទំនៀមនេះពិតប្រាកដ​ បន្ទាប់ពីខ្ញុំរៀបចំឱ្យកូនស្រីកាលពីឆ្នាំ ២០១៨ សង្ឃឹមថានឹងមានអ្នក​បន្តបន្ទាប់ទៀត​ធ្វើ បើស្រឡាញ់​ និងចង់បន្តទំនៀម​នេះឱ្យបានផុសផុលឡើងវិញ​» ៕

Related posts

Leave a Comment