ជា វិបុល ដឹក​ដៃ​ភរិយា ទៅ​សាង​អនុស្សាវរីយ​ជាថ្មី​នៅ​លើ​ទឹកដី​កោះ​ដ៏​ស្រស់​ស្អាត

ភ្នំពេញ ៖ ក្រោយពី​ពិធី​ការិនី គង់ សុជាតិ ដែល​ជា​ប្រពន្ធ​របស់​ខ្លួន​បានជា​សះស្បើយ​ពី​ជំងឺ​នោះ កាលពី​ម្សិលមិញ​នេះ លោក​ជា វិបុល បាន​ដឹក​ដៃ​អ្នក​នាង ទៅ​សាង​អនុស្សាវរីយ​ជាថ្មី​នៅ​លើ​ទឹកដី​កោះ​ដ៏​ស្រស់​ស្អាត ជាមួយ​នឹង​ការ​ពោល​ពាក្យ​យ៉ាង​ផ្អែមល្ហែម​ទៀតផង។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃមុន​នោះ អ្នកនាង​គង់ សុជាតិ ហាក់​មិន​សប្បាយចិត្ត​នោះទេ រហូត​ធ្លាក់ខ្លួន​ឈឺ​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​អស់​រយៈពេល​ប្រមាណ​៣​សប្ដាហ៍​ទៀត​ផង។

តែ​ជា​សំណាង​ល្អ បាន​ក្រុម​គ្រួសារ ញាតិមិត្ត ជាពិសេស​ប្ដី​ជាទី​ស្រឡាញ់​របស់​អ្នក​នាង​ថ្នាក់ថ្នម​លួងលោម លើកទឹកចិត្ត និង​បង្ហាញ​ក្ដី​ស្រឡាញ់​ទៅកាន់​អ្នកនាង ដើម្បី​បញ្ជាក់​ថា​ខ្លួន​មិន​វៀចវេរ​ចំពោះ​អ្នកនាង​នោះ រួមផ្សំ​នឹង​ការ​យកចិត្តទុកដាក់​ពី​គ្រូពេទ្យ​ ធ្វើ​ឲ្យ​ជំងឺ​របស់​អ្នកនាង​បាន​ធូរស្បើយ រហូត​ចេញ​មក​ប្រកបមុខរបរ ធ្វើការ​ងារ​វិញ​បាន​ធម្មតា។

ក្រោយពី​ធ្វើ​ការងារ​ហត់នឿយ និង​ដើម្បី​កាន់តែ​ធ្វើ​ឲ្យ​ស្រស់ស្រាយ​សប្បាយចិត្ត​បំភ្លេច​រឿង​អតីត​នោះ លោក​ជា វិបុល ក៏បាន​ដឹកនាំ​អ្នកនាង​ទៅលេង​កោះរ៉ុង នា​ខេត្ត​ព្រះសីហនុ ជាមួយនឹង​ទេសភាព​ដ៏​ស្រស់ត្រកាល ឆ្នេរ​ខ្សាច់​ដ៏​គួរ​ជាទី​គយគន់ រឹតតែ​ធ្វើ​ឲ្យ​គូស្នេហ៍​មួយគូ​នេះ ញញឹម​បិទមាត់​មិន​ជិត​ទៀតផង។

ជាក់ស្ដែង​នៅតាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ម្សិលមិញ និង​តាម​បណ្ដាញ​សង្គម​អ៊ី​ន​ស្ដាក្រាម​ នា​ថ្ងៃនេះ អ្នកនាងគង់ សុជាតិ បាន​បង្ហោះ​រូបភាព​ដ៏​ផ្អែមល្ហែម​ស្ទើរតែ​លើស​ជាតិ​ស្ករ​ជាច្រើន​សន្លឹក អម​ដោយ​ការ​សរសេរ​ថា «​តោះ​សាង​អនុស្សាវរីយ​ជាថ្មី​នៅលើ​ទឹកដី​កោះ​ដ៏​ស្រស់ស្អាត ពេល​វា​លា​បណ្តាលអោយ​យើង​ជួបគ្នា ពេល​វា​លាប​ណ្តា​អោយ​ស្រលាញ់​គ្នា … យ៉ាងណា​បង​គឺជា​មនុស្ស​តែ​ម្នាក់​ដែល​ស្រលាញ់​អូន»៕

Related posts

Leave a Comment