ពុទ្ធោ! ដំរីផើមមួយក្បាលងាប់ឈរទាំងវេទនា ដោយសារមនុស្សដាក់ម្នាស់ញាត់ផាវឱ្យវាស៊ី

ដំរី​ញី​កំពុង​ផើម​មួយ​ក្បាល បាន​ងាប់​យ៉ាង​វេទនា​បំផុត កាល​ពី​ថ្ងៃ​ទី ២៧ ខែ​ឧសភា​កន្លង​ទៅ​នេះ នៅ​ពេល​វា​បាន​ស៊ី​ផ្លែ​ម្នាស់​ដែល​មាន​ញាត់​ផាវ​ខាង​ក្នុង ដែល​អ្នក​ភូមិ​ក្នុង​រដ្ឋ Kerala ប្រទេស​ឥណ្ឌា ដាក់​ឲ្យ​វា​ស៊ី ។

ដំរី​ញី​កំពុង​ផើម​មួយ​ក្បាល បាន​ងាប់​យ៉ាង​វេទនា​បំផុត កាល​ពី​ថ្ងៃ​ទី ២៧ ខែ​ឧសភា​កន្លង​ទៅ​នេះ នៅ​ពេល​វា​បាន​ស៊ី​ផ្លែ​ម្នាស់​ដែល​មាន​ញាត់​ផាវ​ខាង​ក្នុង ដែល​អ្នក​ភូមិ​ក្នុង​រដ្ឋ Kerala ប្រទេស​ឥណ្ឌា ដាក់​ឲ្យ​វា​ស៊ី ។

ផាវ​ទាំង​នោះ បាន​ផ្ទុះ​ក្នុង​មាត់​របស់​វា ធ្វើ​ឲ្យ​សត្វ​ដ៏​កម្សត់​មួយ​ក្បាល​នេះ​រង​របួស​ធ្ងន់​រហូត​ឈាន​ដល់​ការ​ងាប់​ទៅ​យ៉ាង​វេទនា​បែប​នេះ ។

បើ​តាម​សារព័ត៌មាន India Today បាន​រាយការណ៍​ថា ដំរី​ព្រៃ​មួយ​ក្បាល​នេះ បាន​ដើរ​ត្រាច់ចរ​នៅ​ក្បែរ​ភូមិ​អ្នក​ស្រុក ដើម្បី​ស្វែង​រក​ចំណី ហើយ​វា​ក៏​ត្រូវ​បាន​អ្នក​ភូមិ​នៅ​ទី​នោះ​ឲ្យ​ផ្លែ​ម្នាស់​ដែល​បង្កប់​ដោយ​ផាវ​នោះ​ស៊ី នេះ​បើ​តាម​លោក Moha Krishnan ដែល​ជា​សមាជិក​ក្នុង​ក្រុម​សង្គ្រោះ​ដំរី បាន​រៀបរាប់​ប្រាប់ ។

លោក​បាន​ថ្លែង​ថា «វា (ដំរី​ញី) បាន​ទុក​ចិត្ត​មនុស្ស ។ នៅ​ពេល​ម្នាស់​ដែល​វា​ស៊ី​ចាប់​ផ្ទុះ​ឡើង វា​អាច​នឹង​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង ដោយ​មិន​គិត​ពី​ខ្លួន​ឯង​ឡើយ ប៉ុន្តែ​គិត​អំពី​កូន​ក្នុង​ពោះ​វា ដែល​នឹង​ត្រូវ​កើតក្នុង​ពេល ១៨ ទៅ ២០ ខែ​នោះ »។

មាត់ និង​អណ្ដាត​របស់​ដំរី​ញី​មួយ​ក្បាល​នេះ បាន​រង​របួស​ធ្ងន់ធ្ងរ ខណៈ​វា​នៅ​បន្ត​ដើរ​ជុំវិញ​ភូមិ​ពោរពេញ​ដោយ​ការ​ស្រេក​ឃ្លាន និង​ឈឺចាប់ ។ ដោយ​សារ​តែ​របួស​នេះ​ហើយ បាន​ធ្វើ​ឲ្យ​វា​មិន​អាច​ស៊ី​អ្វី​បាន​ទាំង​អស់ ។

«វា​មិន​ដែល​មក​យាយី​មនុស្ស​ណា​ម្នាក់​ឡើយ សូម្បី​តែ​ពេល​កំពុង​ស្ថិត​ក្រោម​ការ​ឈឺចាប់​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ វា​នៅ​តែ​ដើរ​តាម​ផ្លូវ​ក្នុង​ភូមិ​ស្វែង​រក​អាហារ​តែ​ឯង ។ វា​មិន​បាន​បំផ្លាញ​ផ្ទះ​សម្បែង​នរណា​ម្នាក់​ឡើយ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​និយាយ​ថា វា​គឺ​ជា​សត្វ​ដំរី​មួយ​ក្បាល​ដ៏​ល្អ​បំផុត » ។

ក្រោយ​មក ដំរី​ដ៏​ស្លូត​ត្រង់​មួយ​ក្បាល​នេះ បាន​ដើរ​ឆ្លង​ទៅ​ក្នុង​ទន្លេ Velliyar ដែល​ជា​កន្លែង​វា​ឈរ​ត្រាំ​មាត់ និង​ប្រម៉ោយ​ក្នុង​ទឹក បំណង​កាត់​បន្ថយ​ការ​ឈឺចាប់​របស់​ខ្លួន ឬ​មួយ​ទៀត វា​ធ្វើ​បែប​នេះ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​សត្វ​ល្អិត​មក​ទំ​លើ​មុខ​របួស​របស់​វា​ ។

ក្រោយ​ឃើញ​ហេតុការណ៍ ក្រុម​ជួយ​សង្គ្រោះ​បាន​នាំ​ដំរី ២ ក្បាល​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា Surendran និង Neelakanthan ដើម្បី​នាំ​ពួកគេ​ទៅ​ជួយ​យក​ដំរី​ដែល​រង​របួស​នេះ​ចេញ​ពី​ទឹក​ទន្លេ ប៉ុន្តែ​អ្វី​ៗ​មិន​ដូច​ការ​គិត​ឡើយ ដំរី​ញី​មួយ​ក្បាល​នោះ មិន​ព្រម​ឲ្យ​ពួកគេ​សង្គ្រោះ​វា​ឡើយ ។

ក្រុម​សង្គ្រោះ​បាន​ព្យាយាម​រាប់​ម៉ោង ដើម្បី​ជួយ​ដំរី​ដ៏​កម្សត់​មួយ​ក្បាល​នោះ ប៉ុន្តែ​រហូត​ដល់​វេលា​ម៉ោង ៤ រសៀល ជា​អកុសល ដំរី​ព្រៃ​ញី​មួយ​ក្បាល​នេះ បាន​ងាប់​ទៅ​ទាំង​ខ្លួន​កំពុង​ឈ​នៅ​ក្នុង​ទឹក ។ សាកសព​របស់​វា ត្រូវ​បាន​ក្រុម​សង្គ្រោះ​លើក​ដាក់​លើ​ឡាន រួច​ដឹក​ទៅ​កប់​នៅ​ក្នុង​ព្រៃ ៕

Related posts

Leave a Comment