ភ្នំពេញ ៖ សារព័ត៌មានក្នុងស្រុកមួយ បានធ្វើការចុះផ្សាយថា «ពេជ្រសូលីកាទាន់ប្ដីដេកជាមួយស្រីលែងលះទាំងមានផ្ទៃពោះ»នៅលើឆានែលយូធូបរបស់ខ្លួន ធ្វើឲ្យសាមីខ្លួនអ្នកនាងពេជ្រ សូលីកា ទ្រាំមិនបាន ចេញមុខពន្លះកប់ៗមាត់ទៅវិញ។
ជាការឆ្លើយតបនឹងរឿងបំផ្លើសនេះ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន ពេជ្រ សូលីកា បានសរសេរថា សុំអភ័យទោសទុកជាមុន បើសិនជាមានការខុសឆ្គង។ ក្នុងនាមខ្ញុំជាអ្នកសិល្បៈក្នុងស្រុកមួយរូប នាងខ្ញុំពិតជាមានការសោកស្ដាយចំពោះចំណេះដឹងរបស់បុគ្គលសារព័ត៌មានមួយចំនួនតូច ដែលខ្លួនជាបុគ្គលផ្សព្វផ្សាយទៅដល់សង្គម។
តារាចម្រៀងនៅផលិតកម្មហង្សមាសរូបនេះបន្តថា ហេតុផលដែលនាងខ្ញុំចង់លើកយកមកនិយាយនៅថ្ងៃនេះ 1 បើគ្មានចំណេះដឹងសូមកុំធ្វើជាអ្នកយកព័ត៌មាន ព្រោះវាធ្វើឲ្យខូចឈ្មោះដល់អ្នកសារព័ត៌មានដទៃទៀតបាន 2 ខ្លួនគឺជាបុគ្គលដែលចែករំលែកទៅដល់សង្គម បើគ្រាន់តែការសរសេរចំណងជើងក៏មិនត្រូវដែរ វាពិតជាអន់ជាងក្មេងរៀនថ្នាក់មតេ្តយ្យទៅទៀត 3 កុំដោយសារតែផលប្រយោជន៍របស់ខ្លួន ដល់ថ្នាក់មិនចេះបែងចែកអ្វីខុសនឹងអ្វីត្រូវ។
តារាចម្រៀងកូន១រូបនេះ បានបញ្ជាក់ថា ជាចុងក្រោយនេះនាងខ្ញុំសូមជូនដំណឹងមួយនេះទៅដល់ Mr.Phnompenhthmey ដើម្បីជួយកែសម្រួលជាមួយចំណងជើងជាបន្ទាន់។ សុំបងប្អូនជួយ Share ដំណឹងនេះអោយបានទៅដល់សារព័ត៌មានកំពូលមួយនេះផង។ ដោយក្ដី គោរព នឹង ស្រលាញ់ ពីនាងខ្ញុំ។
គួរបញ្ជាក់ថា ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោកគឹម ហាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ហើយកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ នាងបានសម្រាលកូនដំបូង(កូនប្រុស) ដោយដាក់ឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ / Hang Aari Wednesday។
ការដែលនាងមានផ្ទៃពោះ រហូតសម្រាលនេះ បានធ្វើឲ្យបាត់បង់ឱកាសស្តារមុខមាត់នៅហង្សមាសទាំងស្រុង ទាំងការថតភាពយន្តរឿង “អាពាហ៍ពិពាហ៍ចៃដន្យ” និងការធ្វើជាតារាចម្រៀង ប៉ុន្តែពេលនេះ សូលីកា នឹងអាចបញ្ចប់អាជីពសិល្បៈ នាពេលខាងមុខ តាមរយៈការកសាងគ្រួសារមួយនៅលើទឹកដីអូស្ត្រាលី៕