ភ្នំពេញ៖ ក្បាច់ពិជ័យសង្គ្រាមឬយុទ្ធក្រមខម គឺជាក្បាច់គុនបុរាណខ្មែរមួយ ក្នុងចំណោមក្បាច់គុនខ្មែរដទៃផ្សេងទៀត ដែលមានអាយុកាល ដ៏យូរលង់ណាស់មកហើយ ហើយក៏ជាក្បាច់គុន ដែលមានវ័យចំណាស់មួយ នៅក្នុងតំបន់ និង ពិភពលោកផងដែរ។
លោក ច័ន្ទ សុវណ្ណរតន: ដែលជាអនុប្រធាន នៃសហព័ន្ធយុទ្ធក្រមខមកម្ពុជា បានឲ្យដឹងថា សហព័ន្ធយុទ្ធក្រមខម ត្រូវបានបង្កើតឡើងដំបូង កាលពីឆ្នាំ២០១១ ហើយក្បាច់គុនយុទ្ធក្រមខមនេះក៏ជាក្បាច់គុនមួយដែលត្រូវបាន យកទៅបង្កើតជា ក្បាច់គុនកងយុទ្ធពលខេមរភូមិន្ទ ដែលបានយកទៅបង្ហាត់ដល់ កងទ័ព ទាហាន និងពលទាហានខ្មែរ នៅទូទាំងប្រទេស ដូចជាប៉ូលីស ប៉េអឹម ជាដើម។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ក្បាច់គុនយុទ្ធក្រមខម ត្រូវបានបង្កើតឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបានប្រមូលផ្តុំ ក្បួនខ្នាត៣សម័យកាលបញ្ចូលគ្នាគឺសម័យកាលនគរភ្នំ សម័យនរគចេនឡា និងសម័យមហាអាណាចក្រអង្គរ ទ្រង់ប្រសិទ្ធនាមថា មហាមឆវៈគុនមហាយុទ្ធក្រមខម ឬក្បួនពិជ័យសង្រ្គាមខ្មែរមហានគរ។ យុទ្ធក្រមខមនេះ គឺ ជាអាវុធដ៏សម្បើមសម្រាប់ ការពារជាតិទឹកដីនគរ និងសាសនាពីពួកបច្ចាមិត្ត ដែលចូលមកឈ្លានពាន ទឹកដីរបស់យើង។
យុវជន ផិន ច័ន្ទសុភក្រ័ ជាសិស្សម្នាក់កំពុងហាត់រៀនក្បាច់គុនយុទ្ធក្រមខមបានឲ្យដឹងថាខ្លួនបាន ចូលហាត់រៀនក្បាច់គុននេះ អស់រយៈពេលជាង២ឆ្នាំមកហើយ។ ហើយមូលហេតុដែលចូលហាត់រៀន ក្បាច់គុនបុរាណខ្មែរមួយនេះ ក៏ដោយសារតែចង់អភិរក្សក៏ដូចជាមានចិត្តស្រលាញ់ នៅក្បាច់គុនបុរាណខ្មែរ និងដើម្បីពង្រឹងដល់សុខភាពផងដែរ។ យុវជនរូបនេះ ក៏បានបន្តទៀតផងដែរថា នៅអំឡុងពេលដែលហាត់ដំបូងៗ ពិតជាមានការឈឺចាប់ខ្លួនប្រាណបន្តិចមែន តែនៅពេលដែលយើងហាត់យូរៗទៅ គឺធ្វើឲ្យយើងសុំា ថែមទាំងអាចជួយដល់រាងកាយនិងសុខភាពឲ្យល្អ មាំមួនទៀតផង ។