លោកគ្រូ ជួន នូវលើកឡើងថា ភាពពិការ គ្រាន់តែជាចំណុចមួយដែលខុសប្លែកពីអ្នកដទៃតែប៉ុណ្ណោះ

កើតក្នុងត្រកូលគ្រួសារកសិករក្រីក្រក្នុងចំណោមបងប្អូនរហូតដល់ទៅ ១០ នាក់ ជួន នូវ គឺជាកូនទី ១០ នៅក្នុងគ្រួសារ​ ហើយក៏ជាកុមារម្នាក់ដែលរងគ្រោះពិការជើងម្ខាងដោយសារជំងឺគ្រុនស្វិតដៃជើងតាំងពីកុមារភាពផងដែរ។ ធ្វើដំណើរលើក្បូនជីវិតដែលជួយព្យុះបោកបក់ឥតឈប់ឈរ កុមារា នូវ ប្រឹងតស៊ូជម្នះក្នុងនាមជាក្មេងពិការក្នុងគ្រួសារអត្តខាត់រហូតក្លាយជាគ្រូបង្រៀនកម្រិតឧត្ដម ជាវិស្វករនៃព្រលឹងដែលសង្គមជាតិមិនអាចខ្វះបាន។

ក្នុងជំនួបតាមប្រព័ន្ធទូរសព្ទគ្រាដែលសាលារៀនទូទាំងប្រទេសត្រូវផ្អាកដំណើរការដោយសារជំងឺ Covid-19 នេះ លោកគ្រូ ជួន នូវ បានផ្ដល់កិច្ចសម្ភាសដល់ Sky News ពីដំណើរជីវិតក្នុងនាមជាអ្នកបណ្ដុះបណ្ដាលធនធានមនុស្សឱ្យដឹងថា

លោកមានទីកំណើតលើទឹកដីខេត្តព្រះវិហារ ក្នុងភូមិថ្កែង ឃុំរហ័ស ស្រុករវៀង ជាទីដែលសម្បូរទៅដោយព្រៃភ្នំក្រំថ្មគួរជាទីមនោរម្យ។ ជាអកុសលគ្រាដែលស្ថិតក្នុងកុមារភាពនៃការក្រេបយកចំណេះដឹងលោក នូវ ក៏ស្រាប់តែរងគ្រោះរហូតដល់ស្វិតជើងម្ខាងដោយសារជំងឺគ្រុនស្វិតដៃជើងនៅក្នុងវ័យត្រឹម ៧ ឆ្នាំប៉ុណ្ណោះ។ បើទោះបីជាត្រូវទប់ជំហរខ្លួនជាមួយនឹងឈើច្រត់ជាប្រចាំក្ដី ក៏កុមារអភ័ព្វរូបនេះ នៅតែប្រឹងជម្នះតស៊ូទៅសាលាក្រេបយកចំណេះវិជ្ជាជម្រុះចោលនូវពាក្យនិទ្ទារបស់អ្នកផងដែលតែងពោលថា ក្មេងពិការ មុជមិនជ្រៅទៅមិនឆ្ងាយ នោះ។ ទោះបីជាយ៉ាងណា ដោយសារកត្តាជីវភាពនិងគ្មានការលើកទឹកចិត្តពីមនុស្សនៅជុំវិញខ្លួនទើបតម្រូវឱ្យយុវសិស្សរូបនេះ ត្រូវបង្ខំចិត្តបោះបង់ការសិក្សានៅត្រឹមថ្នាក់ទី ៩ ដើម្បីជួយសម្រាលបន្ទុកគ្រួសារ។

គ្រូបង្រៀនដែលទុកភាពពិការអវយវៈគ្រាន់តែជាលក្ខណៈពិសេសមួយខុសប្លែកពីអ្នកដទៃរូបនេះបានបន្ដឱ្យដឹងថា ដោយសារតែការរំពៃមើលទៅអនាគតដ៏វែងឆ្ងាយ ក្នុងការយកចំណេះជំនាញធ្វើជាត្រីវិស័យដឹកនាំជីវិតឱ្យបានភ្លឺស្វាងឡើង ទើបលោកសម្រេចចិត្តចាប់ផ្ដើមសន្សំប្រាក់ពីការលក់បន្លែបង្ការ ហើយប្រាថ្នារត់ចេញពីផ្ទះដើម្បីរកទីស្នាក់អាស្រ័យក្រេបចំណេះវិជ្ជាបន្ដ ហើយជាលទ្ធផលលោកក៏បានចាកចេញពីផ្ទះគ្មានការយល់ព្រមពីអ្នកផ្ទះពិតមែន។ ការចាកចោលផ្ទះសម្បែងស្វែងរកចំណេះវិជ្ជាក្នុងនាមជាជនពិការមួយរូបដែលគ្មានអាណាព្យាបាលតាមជួយទំនុកបម្រុង លោក ជួន នូវ បានទទួលរងនៅការម៉ាក់ងាយមិនឱ្យតម្លៃ​ និងការកេងបន្លំកម្លាំងពលកម្មពីខេត្តមួយឆ្លងដល់ខេត្តមួយរហូតដល់លោកបាក់ទឹកចិត្តចង់វិលត្រឡប់ទៅស្រុកកំណើតវិញម្ដងជាពីរដងផងដែរ។ ប៉ុន្តែ! ការតស៊ូជម្នះឧបសគ្គប្រកបដោយគោលដៅខ្ពស់ គឺជាគន្លឹះឆ្ពោះទៅរកជោគជ័យគ្រប់យ៉ាង។

ដោយមានអត្តចរិតល្អ បូករួមជាមួយនឹងការខិតខំប្រឹងប្រែង លោក ក៏ទទួលការអាណិតស្រឡាញ់ពីបណ្ដាអ្នកគ្រប់គ្រងអង្គការនិងជនបរទេសមួយចំនួនជួយយិតយោងឱ្យរូបលោកបានចូលសិក្សានៅសាលាសាជាថ្មី ហើយក៏ផ្ដល់ជាប្រាប់ឧបត្ថម្ភរហូតដល់លោកបានរៀបចប់សាកលវិទ្យាល័យនិងបានប្រឡងជាប់ជាគ្រូបង្រៀនថ្នាក់ឧត្ដមសិក្សាដោយសមត្ថភាពកាលពីឆ្នាំ ២០១៦ ដូចក្ដីប្រាថ្នា។ ប៉ុន្តែ អ្វីដែលកាន់តែគួរឱ្យខ្លោចចិត្ត​នោះ ក្នុងគ្រាដែលលោកកំពុងបន្ដការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនោះ លោកស្រាប់តែត្រូវបានម៉ូតូបុកមួយទំហឹងបណ្ដាលជើងដែលស្វិតតាំងពីកុមារនោះ មានរបួសរហូតដល់ធ្វើការវះកាត់សាជាថ្មី ដែលនេះកាន់ពិបាកទ្វេដងសម្រាប់លោកក្នុងការរក្សាលំនឹងខ្លួន។​

ឆ្លើយតបនឹងសំណួរដែលសួរថា តើមានផលលំបាកអ្វីខ្លះនៅពេលដែលត្រូវឈរច្រត់ជើងសប្បនិម្មិតម្ខាង សរសរដៃម្ខាងនៅលើក្ដារខៀននោះ លោកគ្រូអក្សរសាស្រ្តខ្មែរ បង្រៀននៅវិទ្យាល័យត្បែងខេត្តកំពង់ធំរូបនេះបានដឹងថា គ្មានជាឧបសគ្គអ្វីឡើយសម្រាប់រូបលោក ព្រោះលោកបានព្រមទទួលស្គាល់ការពិតថាលោកគឺជាមនុស្សដែលមានកាយសម្បទាបែបនេះ ។ លោកថា ជីវិតនេះមានរឿងជាច្រើនដែលមិនសមបំណង ហើយបើគិតឱ្យស៊ីជម្រៅទៅ ខ្លួនយើងនេះមិនមែនជាកម្មសិទ្ធិយើងដែលចង់ធ្វើអ្វីក៏បានស្រេចតែចិត្តនោះទេ។ បើរវល់តែមិនសមបំណងនឹងរឿងដែលមិនអាចកែប្រែបាន ហើយបើរវល់តែមិនសមបំណងនឹងដែលខុសក្ដីប្រាថ្នា តើនឹងអាចរកសេចក្ដីសុខនៅឯណាឃើញបាន។ គ្រាន់តែទទួលស្គាល់ការពិត ហើយរស់នៅឱ្យល្អប្រសើរជាមួយបច្ចុប្បន្នកាលនោះគឺគ្រប់គ្រាន់៕

Related posts

Leave a Comment