ពិការកាយសម្បទា តែមិនពិការចិត្ត ចាន់ ពិសិដ្ឋ ខំតស៊ូប្រកបរបរចិញ្ចឹមជីវិតខ្លួនឯងឡើងហំ

បើទោះបីជា ខ្លួនពិការស្វិតជើង នៅអង្គុយតែលើរទេះរុញយ៉ាងណាក្តី ក៏ប្អូនប្រុស ចាន់ ពិសិដ្ឋ មិនមានការអន់ចិត្ត និង អស់សង្ឃឹមក្នុងជីវិតឡើយ ។ ហើយប្អូន ក៏មិនយកពិការភាពរបស់ប្អូនទៅដើរសុំទានគេ នៅតាមដងផ្លូវ ឬ ផ្សារឡើយ ផ្ទុយទៅវិញប្អូនខិតខំតស៊ូជម្នះឧបសគ្គគ្រប់បែបយ៉ាងដើម្បីប្រកបរបរចិញ្ចឹមជីវិត ។រាល់ថ្ងៃនេះ ប្អូនមានជំនាញជាជាងចម្លាក់ព្រះ​ សម្រាប់ទុកលក់ឱ្យភ្ញៀវ ឬ អតិថិជន ដែលមានទឹកចិត្ត អាណិតជួយជាវព្រះ ដែល

ឆ្លាក់ដោយដៃរបស់ប្អូនផ្ទាល់ ។ បច្ចុប្បន្ននេះ ប្អូនប្រុសធ្វើជាជាងចម្លាក់ព្រះលក់ នៅក្នុងភូមិពោតូច ឃុំកំពង់ហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល។ ប្អូនប្រុស ចាន់ ពិសិដ្ឋ បានរៀបរាប់ប្រាប់ «ប្រជាប្រិយ»ថា ខ្ញុំបានប្រកបរបរជាងចម្លាក់ព្រះ សម្រាប់លក់ឱ្យអតិថិជននេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ព្រោះដោយសារតែខ្លួនពិការស្វិតជើង អង្គុយនៅលើតែរទេះរុញ មិនដឹងជាទៅប្រកបរបរអ្វីកើត ដូចគេមានអវៈយវៈរឹងមាំនោះទេ ដូច្នេះមានតែប្រកបមុខរបរណាស្រាលៗដើម្បីរកចំណូលចិញ្ចឹមគ្រួសារ និង ជីវិតប្រចាំថ្ងៃ ខ្ញុំក៏សម្រេចចិត្តមករៀនជាជាងចម្លាក់នេះ ដើម្បីធ្វើជាមុខរបរអាជីពសម្រាប់ចិញ្ចឹម

ជីវិត ជាជាងទៅដើរសុំទានគេ ។ កាលពីមុនជំងឺ កូវីដ ១៩ ចូលរាតត្បាត ព្រះដែលខ្ញុំឆ្លាក់បាន មានអ្នកជួយជាវច្រើនគួរសម ដែលអាចរកប្រាក់កម្រៃចិញ្ចឹមជីវិតប្រចាំថ្ងៃបាន ប៉ុន្តែចាប់តាំងពីជំងឺនេះ ចូលរាតត្បាតមក គឺស្ងាត់ភ្ញៀវ មិនមានភ្ញៀវជាវចម្លាក់ព្រះរបស់ខ្ញុំឡើយ ។បើបងប្អូន មានទឹកចិត្តអាណិត និង ចង់ជួយជាវចម្លាក់ព្រះ របស់ប្អូនប្រុស ចាន់ ពិសិដ្ឋ នោះ អាចទាក់ទងទៅប្អូនដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ ៖០៩៦ ៨៩២ ៩៨៩២ ,០៨៨ ៥១០ ១១ ៥៦ ៕

Related posts

Leave a Comment