អាពាហ៍ពិពាហ៍ គឺជារឿងសំខាន់មួយសម្រាប់ជីវិតប្តីប្រពន្ធបន្ទាប់ពីការយល់ចិត្តគ្នា តែមិនមែនបានន័យថា មនុស្សគ្រប់គ្នាចាំបាច់ត្រូវតែរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ឲ្យធំ ចំណាយប្រាក់ច្រើននោះទេ ការរៀបចំអាចធ្វើទៅតាមលទ្ធភាពជាក់ស្ដែង ទៅតាមធនធានមាន បើសិនជាអ្នកជាមនុស្សមានធនធានច្រើន អ្នកអាចចាយប្រាក់ច្រើនក្នុងកម្មវិធីដោយមិនមានបញ្ហាអ្វីឡើយ។
តែបើអ្នកមានធនធានសមល្មម គួរតែធ្វើតាមបែបសមល្មម តាមលទ្ធភាពភ្ញៀវចងដៃ ជៀសវាងចាយប្រាក់ច្រើនក្នុងកម្មវិធីអាពាហ៍ពិពាហ៍ រួចជំពាក់គេជុំទិស តែរឿងដែលសំខាន់បំផុតនោះគឺការឲ្យតម្លៃ ស្រលាញ់គ្នា យល់ចិត្តគ្នា មិនបោះបង់ចោលគ្នារវាងប្ដីប្រពន្ធទោះស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណា នេះទើបជារឿងដែលសំខាន់បំផុត ក្នុងការកសាងសុភមង្គលជាមួយគ្នាទៅថ្ងៃអនាគត។
ជាក់ស្ដែងដូចជាគូស្នេហ៍មួយគូខាងក្រោមនេះ គឺអ្នកទាំង២សម្រេចចិត្តរៀបចំកម្មវិធីតូចល្មម ដើម្បីសល់ប្រាក់រកស៊ី ហើយសន្យាថានៅពេលមានកូន ៣នាក់ ទើបរៀបចំកម្មវិធីឲ្យបានធំម្តង ការធ្វើបែបនេះអ្នកទាំង២មានគោលបំណងតែមួយគត់ គឺមិនចង់ឲ្យញាតិជិតខាងគេនិយាយថា នៅជាមួយគ្នាមិនបានក្រាបក្បាលដល់កន្ទេល។ តាមរយៈគណនីហ្វេសប៊ុកសាម៉ីខ្លួនមានឈ្មោះ Je Na បានសរសេររៀបរាប់ថា៖
«អរគុណសម្រាប់ភាពច្បាស់លាស់ និងការគោរពផ្ដល់តម្លៃ ចំណងជីវិតចងទុកសិន ចាំកូន៣ ចាំដាក់ឲ្យណាណី កុំឲ្យគេថារត់តាមគ្នា យើងនៅក្រធ្វើតាមសមត្ថភាពសិន ចាំមានបានចាំដាក់ម៉ារោងទៀត។ ស្រលាញ់គ្នាមិនគិតភ្នែកគេ អ្វីដែលត្រូវគិតគឺ ក្ដីសុខ និងសុភមង្គល។
ស្នេហាការចាប់ដៃ កសាងជីវិតរស់នៅជាមួយគ្នា មិនមែនដើម្បីហេតុផលណាមួយ តែជាការលះបង់ទាំងសងខាង លះបង់ឲ្យគ្នាទៅវិញទៅមក នឹងទទួលយកទៅវិញទៅមក មានក្រឈឺជា ស្មោះត្រង់ ទទួលខុសត្រូវតួនាទី ភារៈកិច្ច ឆ្ពោះទៅមុខ មានតែមនុស្ស២នាក់ជាអ្នកដើរ ធ្វើជិតមួយឆ្នាំហើយទើបដាច់ចិត្តផុស»។ ប្រភពអត្ថបទ៖ khmerglobal