ចាប់ពីថ្ងៃទី ២២ មិថុនា អាជ្ញាធរក្រុងព្រះសីហនុ នឹងចុះចាប់អ្នកលក់ដូរតាមរទេះ រ៉ឺម៉ក លើចិញ្ចើមផ្លូវ

រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ចេញវិធានការថ្មីជាផ្លូវការ លែងឱ្យមានការលក់ដូរជាប្រភេទរទេះ រ៉ឺម៉ក ម៉ូតូ ឡានចល័ត លើចិញ្ចើមផ្លូវ និងដីសាធារណៈទៀតហើយ ។ រដ្ឋបាលក្រុងទុកពេលត្រឹមថ្ងៃចន្ទ ២២ មិថុនា ២០២០ ហើយ ក្នុងករណីពលរដ្ឋ បងប្អូន អាជីវករណាមិនអនុវត្តនោះអាជ្ញាធរនឹងចុះចាប់យកមករក្សាទុកហើយ ។ នេះបើតាមប្រសាសន៍របស់លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ​ បានថ្លែងក្នុងបទសម្ភាសជាមួយស្ថានីយទូរទស្សន៍ PNN ។ពាក់ព័ន្ធនឹងការរៀបចំសណ្ដាប់ធ្នាប់ក្រុងព្រះសីហនុនេះ លោកអភិបាលក្រុងបានលើកឡើងថា រយៈពេលពីរបីឆ្នាំចុងក្រោយនេះ ព្រះសីហនុ មានការរីកចម្រើនខ្លាំង ទាំងហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារខ្ពស់ៗ រីកដុះដាលទូទាំងក្រុង នឹងបានផ្ដល់

ការងារកជាច្រើនដល់ប្រជាជនក្នុងខេត្ត និង ពលរដ្ឋមកពីបណ្ដាខេត្តផ្សេងទៀត ។ក្នុងនោះដែរក៏មានអាជីវកម្មខ្នាតតូចៗ ដែលបង្កការលំបាកដល់រដ្ឋបាលក្រុងក្នុងការរៀបចំសណ្ដាប់ធ្នាប់ ។ មុខរបរតូចៗទាំងនេះ មានដូចជាការលក់ដូរតាមរទេះ រ៉ឺម៉ក ឡានចល័ត  ដែលបានយកដីតាមដងផ្លូវ និង ដីសាធារណៈ ដើម្បីលក់ដូរសម្ភារៈ របស់ប្រើប្រាស់ ម្ហូបអាហារ បន្លែត្រីសាច់ជាដើម ។លោកអ៊ី សុខឡេង ថ្លែងថា នេះជាភាពអវិជ្ជនៃសកម្មភាពរបស់ប្រជាជន ដែលបង្កការលំបាកដល់រដ្ឋបាលក្រុងក្នុងការរៀបចំសណ្ដាប់ធ្នាប់ ដែលអាចធ្វើឱ្យស្ទះចរចរណ៍ និង អាចគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានក្នុងក្រុងផងដែរ ។លោកក៏បានឱ្យដឹងដែរថា អ្នកលក់ទាំងដូរទាំងនោះ មានមកពីបណ្ដាខេត្តផ្សេងៗ និង មិនមានទីលំនៅពិតប្រាកដនោះទេ ដែលភាគច្រើនគឺស្នាក់នៅលើឡាន លើរទេះ លើរ៉ឺម៉ករបស់ពួកគាត់តែម្ដង ។ មួយចំនួនទៀតត

បានយកដីឡូតិ៍ដែលគ្មានម្ចាស់នោះ ដើម្បីចត និងស្នាក់នៅ ហើយបញ្ហានេះនឹងបង្កការលំបាក ព្រោះប្រសិនបើម្ចាស់កម្មសិទ្ធិដីមិនបានមើលដិតដល់នឹងពិបាកដោះស្រាយទៅថ្ងៃក្រោយ ។ ជាពិសេសនោះពលរដ្ឋមួយចំនួនទៀតបានយកចិញ្ចើមផ្លូវ និងដីសាធារណៈសម្រាប់ពលរដ្ឋធ្វើដំណើរធ្វើជាកន្លែងស្នាក់នៅអចិន្ត្រៃយ៍ ។លោកអភិបាលក្រុង បានអំពាវនាវសូមការយោគយល់ចំពោះអ្នកប្រកបអាជីវកម្មតាមមធ្យោបាយខាងលើ សូមឱ្យចូលរួមអនុវត្តតាមអ្វីដែលរដ្ឋបាលបានណែនាំ ជាការចូលរួមអភិវឌ្ឍន៍ក្រុង ធ្វើឱ្យមានរបៀបរៀបរយ សោភ័ណភាព បរិស្ថានល្អ ជាកិត្តិយសមុខមាត់ខេត្តព្រះសីហនុ និងមុខមាត់ប្រទេសជាតិទាំងមូល ។បន្ថែមលើពីនេះ ក្នុងករណីបងប្អូននៅតែយកចិញ្ចើមផ្លូវ ដងផ្លូវ ដីសាធារណៈទៀត អាជ្ញាធរនឹងចុះចាប់ហើយ ដោយចាប់លើកទី១ រក្សាទុកចន្លោះមួយសប្ដាហ៍ទៅពីរសប្ដាហ៍ បើពលរដ្ឋស្រួលនិយាយគ្នា និងមានការស្ម័គ្រចិត្ត នឹងធ្វើកិច្ចសន្យាឱ្យត្រឡប់ទៅវិញ ។ ក្នុងករណីពលរដ្ឋរឹងរូសនឹងទុករយៈពេលពីរសប្ដាហ៍  ។ បើចាប់លើកទី ២ នឹងមិនប្រគល់ឱ្យវិញទេ ៕

Related posts

Leave a Comment