ភ្នំពេញ ៖ តារាកំប្លែងដ៏ល្បីឈ្មោះនៅកម្ពុជា អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង បានសម្រាលកូនប្រកបដោយសុវត្ថិភាព តាមបែបធម្មជាតិ កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ តែប្ដីនាងបានពាំនាំពាក្យពេចន៍របស់ពេទ្យ ដោយមិនទាន់ឲ្យនាងលេងទូរសព្ទឡើយ។
តារាកំប្លែងសម្ដីចាក់ទឹកមិនលិចរូបនេះ បានបង្ហោះរូបភាព អមដោយសារបែបនេះថា «អរគុណណាស់អ៊ំពូមីងដែលបារម្ភពីសុខទុក្ខខ្ញុំនិងកូន ពេលនេះខ្ញុំនៅមន្ទីរពេទ្យអរៀនដា សម្រាលដោយធម្មជាតិ ដែលបានទទួលការថែទាំយ៉ាងល្អ ចាំស្រួលខ្លួនបន្តិចខ្ញុំឡាយឱ្យបងប្អូនបានមើលណា»។
គ្រាន់តែឃើញប្រពន្ធខ្លួនលេងទូរសព្ទបង្ហោះបែបនេះ នាយ កៃដរ បានប្រាប់ថា «ពេទ្យផ្តាំហើយ ថាអត់ទាន់អោយ លេងទូរសព្ទទេ ប៉ះពាល់ ភ្នែក ត្រចៀក សុខភាពផ្សេងទៀត ចុះម៉េចក៏មិនស្តាប់ចឹង?»។ ចំពោះការរំលឹកពីបម្រាមនេះ គេមិនឃើញអ្នកនាងខ្ញុង ធ្វើឆ្លើយតបនោះទេ តែឃើញអ្នកនាងនៅតែបន្តបង្ហោះរូបភាព និងសារផ្សេងៗដដែល។
ជាក់ស្ដែង បន្តិចក្រោយមក អ្នកនាង បានបង្ហោះសារអមដោយរូបភាពទៀតថា អ៊ំពូមីងមុខអូនដូចម៉ាក់ទេ? សូមអរគុណដល់មន្ទីរពេទ្យមន្ទីរពេទ្យអរៀនដា ដែលផ្ដល់ទំនុកចិត្ត និងភាពកក់ក្តៅឲ្យខ្ញុំនិងកូន ចាំស្រួលខ្លួនបន្តិច នឹងឡាយឲ្យបងប្អូនមើលឲ្យច្បាស់ជាងនេះ។
សារ ដែលនាងបង្ហោះចុងក្រោយគិតត្រឹមម៉ោងនេះនោះ បានទទូចដល់អ្នកសារព័ត៌មានមួយចំនួន ដូច្នេះថា «សូមសារព័ត៌មានដាក់ចំណងជើងអោយសមរម្យបន្តិចទៅ គ្មានអ្នកណាទៅកើតកូនមុនខែនោះទេ»។ «សូមបងប្អូនសារព័ត៌មាន មុននឹងដាក់ចំណងជើងចុះរឿងអ្វីមួយមេត្តាយល់ចិត្តដល់ម្ចាស់សាមីខ្លួនគេផង ជួនកាលព្រោះតែចង់បានភាពទាក់ទាញប្រជាប្រិយភាពសារព័ត៌មានខ្លួនឯងឲ្យគេចូលមើលច្រើនគ្មានគិតពីអារម្មណ៍ម្ចាស់ខ្លួនគេសោះ»។
ចំពោះដំណឹងល្អពាក់ព័ន្ធនឹងការសម្រាលកូនប្រុស ដោយដាក់ឈ្មោះថា មង្គល ប្រកបដោយសុវត្ថិភាពនេះដែរ បានធ្វើឲ្យ ញាតិមិត្ត អ្នកគាំទ្រជាច្រើន ចូលរួមអបអរសាទរ ចុះសួរសុខទុក្ខ និងជូនពរឲ្យអ្នកនាង ព្រមទាំងកូនប្រុស មានសុខភាពល្អផងដែរ៕