វៀតណាម​ស្នើសុំ​ពន្យារពេល​រុះរើ​តង់ ដោយ​សំអាង​ថា ជំងឺ​កូ​វីដ​-១៩ មិនទាន់មាន​ស្ថានភាព​ធូរស្រាល

កណ្តាល​ ៖ មក​ទល់​ពេលនេះ​ភាគី​វៀតណាម បានស្នើ​ពន្យារ​ពេល​រុះរើ​តង់​របស់ខ្លួន ដែល​មាន​ចំនួន​៣១​ទីតាំង​នោះ ដោយ​សំអាង​ថា ជំងឺ​កូ​វីដ​-១៩ មិនទាន់​មាន​ស្ថានភាព​ធូរស្រាល​នៅឡើយ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល ដែល​បាន​ថ្លែងប្រាប់​កម្ពុជាថ្មី​តាមរយៈ​ទូរសព្ទ ​កាលពី​រសៀល​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២០។

លោក គង់ សោ​ភ័​ណ្ឌ បាន​ថ្លែងថា ការរុះរើ​តង់​ចំនួន​៣១​ទីតាំង របស់​ភាគី​វៀតណាម គឺ​ត្រូវ​បាន​ពន្យារពេល​ជា​បណ្ដោះអាសន្ន ដោយ​ភាគី​វៀតណាម​បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​ខេត្តកណ្តាល ផ្អែក​អំពី​មូល​ហេតុ​ថា​ បន្ត​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការចេញចូល​នៃ​តំបន់​នេះ។

ទន្ទឹម​នឹង​ការ​ពន្យារ​ពេល​រុះរើ​តង់​ខាងលើ​នេះ លោក គង់ សោភ័ណ បាន​បញ្ជាក់ថា ស្របតាម​ការណែនាំ​រប​ស់​ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស បច្ចុប្បន្ន​នេះ​មាន​នគរបាល និង​កងទ័ព​ដែល​ការពារ​នៅ​បន្ទាត់​ព្រំដែន​បាន​ចុះ​ល្បាត​ជាប្រចាំ ដើម្បី​ធានា​ចំពោះ​អធិបតេយ្យ​កម្ពុជា ឬ​ការ​រំលោភបំពាន​ផ្សេងៗ​ជាដើម​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ ២០២០ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​កោះ​អញ្ជើញលោក Vu Quang Minh ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​កម្ពុជា មកជួប​ពិភាក្សា​ការងារ និង​ប្រាប់​ឲ្យ​ភាគី​វៀតណាម រុះរើ​តង់​ចេញ​ឲ្យ​អស់ពី​តំបន់​ព្រំដែន ដែល​មិនទាន់​ឯកភាពគ្នា ហើយ​បន្ត​រក្សា​ស្ថានភាព​ដើម​មិន​កែប្រែ​ក្នុង​តំបន់​នោះ រហូតដល់​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ដោះស្រាយ​កំណត់​ខ្សែ​ព្រំដែន​ជាក់លាក់​ជា​ស្ថាពរ​នៅ​តំបន់​នោះ ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន​ប្រកបដោយ​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ ជា​ប្រយោជន៍​រួម​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

ដោយឡែក​កាលពី​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ​២០២០ បានធ្វើ​កំណត់​ទូត​តវ៉ា​អំពី​ការបោះ​តង់​របស់​វៀតណាម​ចំនួន​៣១​កន្លែង លើ​តំបន់​ព្រំដែន​ដែល​មិនទាន់​ឯកភាព​គ្នា​ក្នុង​ខេត្តកណ្តាល​នៃ​ប្រទេស​កម្ពុជា ជាប់​នឹង​ខេត្ត​អាន​យ៉ាង​នៃ​ប្រទេស​វៀតណាម​ផងដែរ ដោយ​ស្នើ​ឲ្យ​ភាគី​វៀតណាម​រុះរើ​តង់​ទាំងនោះ​ចេញ និង​បញ្ឈប់​សកម្មភាព​នានា ដើម្បី​រក្សា​ស្ថានភាព​ដើម​មិន​កែប្រែ​នៅក្នុង​តំបន់​នេះ ស្របតាម​សេចក្តីប្រកាស​រួម​ចុះ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ ១៩៩៥ សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ ២០០៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។

សូម​រំលឹកថា កាលពី​ចុងខែ​មេសា កងទ័ព​វៀតណាម​បាន​ចូល​លួច​បោះតង់​ចូលក្នុង​តំបន់​ព្រំដែន ដែល​ភាគី​ទាំងពីរ​មិនទាន់​ឯកភាពគ្នា ហើយ​នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២០ លោក​ឧត្ដមសេនីយ៍ត្រី ឈឿន សុចិ​ត្ដ ស្នងការ​នគរបាល​ខេត្ដ​កណ្ដាល បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ ចុះ​ត្រួតពិនិត្យ នៅតាម​បន្ទាត់​ព្រំដែន ឃើញថា ខាង​ភាគី​វៀតណាម ពិតជា​បាន​បោះតង់ នៅក្នុង​តំបន់​មិនទាន់​ឯកភាពគ្នា​មែន ហើយ​បានទាមទារ​ឱ្យ​ភាគី​ប្រទេស វៀតណាម​រុះរើ​តង់​នោះ​វិញ​។

ទីតាំង​ដែល​វៀតណាម​បោះតង់ គឺ​តាម​បន្ទាត់​ព្រំដែន ពី​គោលដៅ​បាក់​ដាយ និង​គោលដៅ​ចំការចេក ដែលជា​ចំណុះ​ឲ្យ​ប៉ុស្ដិ៍​ដំបូក​ចែវ មាន​ប្រវែង​៤៧០០​ម៉ែត្រ ហើយ​លោក​ឧត្ដមសេនីយ៍ត្រី ឈឿន សុចិ​ត្ដ ស្នងការ​នគរបាល​ខេត្ដ​កណ្ដាល​បាន​ដឹកនាំ​ស្នងការ​រង មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​៦០៥ អធិការ​ស្រុក និង​កម្លាំង​ប៉ុស្ដិ៍​ដំបូក​ចែវ​ជាច្រើនរូប ចុះ​ពិ​និត្យនៅ​ទីតាំង​ទាំងនោះ ដើម្បី​ធ្វើ​យ៉ាង​ណា នៅក្នុង​តំបន់​មិនទាន់​ឯកភាព​គ្នា គ្មាន​ការរំលោភ​សាងសង់ ឬ​ដាំ​ដំណាំ​ផ្សេងៗ​ពី​ភាគី​ខាង​វៀតណាម។

លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួង​ការ​បរ​ទេ​ស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ធ្លាប់​បាន​ថ្លែងថា កម្ពុជា​បាន​ធ្វើ​កំណត់​ទូត​តវ៉ា បន្ទាប់ពី​វៀតណាម​បាន​បោះតង់​ចំនួន​៣១​កន្លែង នៅតាម​តំបន់​ព្រំដែន ដែល​មិនទាន់​ឯកភាពគ្នា គឺជា​ការរំលោភ​ទៅលើ​សេចក្តី​ប្រកាស​រួម និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ក៏ដូចជា​រំលោភ​ទៅលើ​កិច្ចព្រមព្រៀង​ព្រំដែន​នានា ដែល​បាន​បញ្ចប់​ដោយ​ភាគី​ទាំងពីរ​។

លោក កុយ គួ​ង បញ្ជាក់ថា កន្លងមក​តាម​របាយ​ការណ៍​ខាង​ភាគី​វៀតណាម បាន​បោះតង់​ចំនួន​៣១​កន្លែង នៅជាប់​ព្រំដែន​រវាង​ខេត្តកណ្ដាល​នៃ​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ជាមួយ​ខេត្ត​អាងយ៉ាង​នៃ​ប្រទេស​វៀ​តណាម ហើយ​នៅ​ខេត្តកណ្ដាល​តង់​មួយចំនួន​ត្រូវបាន​បោះ​ជាប់​នឹង​ស្រុក​លើកដែក ហើយ​មួយ​ចំនួន​ទៀត​នៅ​ស្រុក​កោះធំ ដែល​ពី​ស្រុក​នេះ​ស្ថិតនៅ​ក្នុង​ខេត្តកណ្ដាល​។

បើតាម​លោក កុយ គួ​ង ការ​បោះ​តង់​នេះ​មាន​ចំនួន​៣១ កន្លែង​ដោយមាន​កងទ័ព​ផងដែរ ហើយ​កន្លងមកនេះ​វៀតណាម​បាន​រុះរើ​តង់​ចេញ​ទៅវិញ​ចំនួន​តែ​៣​កន្លែង​ប៉ុណ្ណោះ នៅសល់​ចំនួន​២៨ កន្លែង​ផ្សេងទៀត​មិនទាន់បាន​រុះរើ​។​

លោក កុយ គួ​ង អះអាង​ថា នៅក្នុង​ខ្លឹមសារ​នៃ​កំណត់​ទូត​នោះ បាន​បញ្ជាក់ថា វត្តមាន​របស់​កងទ័ព​វៀតណាម នៅតាម​ព្រំដែន ដែល​មិនទាន់​ឯកភាពគ្នា​នេះ បាន​រំលោភ​ទៅលើ​ទៅលើ​ចំណុច​ទី​៨ នៃ​សេចក្តីប្រកាស​រួម កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​១៩៩៥ នឹង​កថាខណ្ឌ​ទី​៥ ប្រការ​៣ នៃ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ក៏ដូចជា​រំលោភ​ទៅលើ​កិច្ចព្រមព្រៀង​ព្រំដែន​នានា ដែល​បាន​បញ្ចប់​ដោយ​ការ​ចរចារ ដោយ​ភាគី​កម្ពុជា និង​វៀតណាម​កន្លងមក​។ នៅ​ចំណុច​ទី​២ នៃ​កំណត់​ទូត បាន​ស្នើ​ឲ្យ​ភាគី​វៀតណាម រុះរើ​តង់​ទាំងអស់​ចេញ និង​ដក​កម្លាំងយោធា​ទាំងអស់​ចេញពី​តំបន់ ដែល​មិនទាន់បាន​កំណត់ព្រំដែន​ច្បាស់លាស់ និង​បញ្ឈប់​នូវ​រាល់​សកម្មភាព​នានា​ជាបន្ទាន់ ព្រមទាំង​រក្សា​បរិស្ថាន​ភូមិសាស្ត្រ​នៅក្នុង​តំបន់​ទាំងអស់នោះ ឲ្យ​នៅ​សភាព​ដើម​រហូត ដល់​គណៈកម្មការ​ព្រំដែន​ចម្រុះ នៃ​ប្រទេស​ទាំងពីរ​កំណត់​ច្បាស់លាស់​នូវ​ខ្សែបន្ទាត់​ព្រំដែន​នៅ​តំបន់​ទាំងនោះ​។

នៅ​ចំណុច​ទី​៣ នៃ​កំណត់​ទូត ក៏បាន​ស្នើ​ឲ្យ​ភាគី​វៀតណាម​ធានា​ថា សកម្មភាព​បែបនេះ នឹង​មិន​កើតឡើង​ជាដាច់ខាត​នាពេល​អនាគត ដើម្បី​រក្សា​ភាពជា​អ្នក​ជិត ខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី ដែលមាន ស្រាប់ និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុង ជ្រោយ រវាង​ប្រទេស​ទាំងពីរ​ផងដែរ ហើយ​កំណត់​ទូត ក៏បាន​បញ្ជាក់​អំពី​ទីតាំង​តាំង ដែល​វៀតណាម​បានមក​បោះទីតាំង​ចំនួន​៣១​កន្លែង​ផង​ដែរ។ ប្រភពអត្ថបទ៖ kampucheathmeydaily

Related posts

Leave a Comment