ភ្នំពេញ ៖ ស្រីអូនសម្រស់ធម្មជាតិ បានប្រមូលថវិកាសប្បុរសជនបានជិត៥ពាន់ដុល្លារ ដើម្បីជួយដល់កីឡាករមុត ខ្លឹមខ្មៅ ដែលកំពុងជួបការខ្វះខាតក្នុងជីវភាព ខណៈកូនកំពុងឈឺព្រមគ្នានោះ ធ្វើឲ្យមហាជនផ្ទុះការសរសើរនូវទឹកចិត្តនេះជាថ្មីម្ដងទៀត។
ស្រីអូន បានបង្ហោះសារអមដោយរូបភាពកីឡាករមុខ ខ្លឹមខ្មៅ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ ដូច្នេះថា ប្រគល់ថវិកាជូនប្អូនប្រុសខ្លឹមខ្មៅកីឡាប្រដាល់ចំនួន2305$ សូមអរគុណដល់បងប្អូនខ្មែរអរគុណសម្រាប់ការជួយ ថវិកានេះគឺបងប្អូនបានវេរចូលកុងធនាគារ។ សម្រាប់ថវិកា ដែលបងប្អូនវេរតាមលេខខ្លឹមខ្មៅគឺបាន2000$ទៀតសរុបទាំងអស់បានប្រហែល 4000$។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ កូនរបស់កីឡាករមុត ខ្លឹមខ្មៅ រហូតដល់ទៅ២នាក់ បានឈឺព្រមគ្នា ហើយទឹកចិត្តជាឪពុក ដែលមានទំនួលខុសត្រូវ ខ្លឹមខ្មៅ បានឡើងប្រដាល់ដើម្បីយកលុយមើលជំងឺកូន ធ្វើឲ្យមហាជនមានការអាណិតអាសូរគ្រប់ៗគ្នា ជាពិសេសនូវពាក្យពេចន៍មួយដែលពោលថា« ពុកឈឺខ្លួនមិនអីទេ តែពេលកូនៗឈឺពុកឈឺចាប់ ខ្លាំងណាស់»។
ក្រោយមកដំណឹងនេះ ក៏បានដឹងដល់ស្រីអូនសម្រស់ធម្មជាតិ ទើបអ្នកនាង បានធ្វើការណាត់ជួបកីឡាករដ៏ល្បីរូបនេះ ដើម្បីធ្វើការឡាយសុំជំនួយពីសប្បុរសជន ជាមួយនឹងកុមារាពិការម្នាក់ទៀត ដែលអ្នកនាងក៏កំពុងរៃអង្គាសថវិកាជួយផងដែរនោះ។
តាមរយៈទឹកចិត្តដ៏ល្អនេះ បានធ្វើឲ្យមហាជនជាច្រើនផ្ទុះការសរសើរអ្នកនាងពេញបណ្ដាញសង្គមហ្វេសប៊ុក។ ជាក់ស្ដែងពួកគេ បានលើកសរសើរដូច្នេះថា «បាទ ខ្ញុំសូមកោតសរសើរដោយស្មោះ នូវសន្តាន ចិត្ត ទឹកចិត្ត ដ៏ល្អឥត ខ្ចោះ ចេះអាណិតស្រលាញ់ដោយគោរព ដល់ អ្នកក្រីក្រ និង គ្រាមានអាសន្ន នេះ ជាទឹក ចិត្ត ដ៏ជ្រះ ថ្លា និង ថ្លៃថ្នូរបំផុត របស់ ប្អូនស្រី អូន ល្អ ទាំង ល្អទាំងកាយ ហើយ សូមអោយ ទឹកចិត្តដ៏ល្អថ្លៃថ្នូរ ចូល សណ្ឋិត ក្នុង ខ្លួនមនុស្ស មួយចំនួន ដែលមិនអោយ តម្លៃ ជួយ គ្នាអ្នក ក្រីក្រ អ្នកទន់ ខ្សោយ។ សូមប្អូនស្រី អូន ជួបតែសេចក្តីសុខចំរើន ក្នុងក្រុមគ្រួសារ»។ «ខ្ញុំសូមអរគុណជាខ្លាំងសម្រាប់ទឹកចិត្តរបស់បងស្រី ដែលបងចេះស្រលាញ់កូនខ្មែរដែលមានជីវភាពខ្សត់ទាល់ និងមានការលើកទឹកចិត្តដល់គុនខ្មែរផងដែរ នេះហើយដែលពុទ្ធឱវាទ លោកសំដែងថា មនុស្សចិត្តជាទេវតា អំពើដែលបងបានធ្វើប្រសើរក្រៃណាស់បង អរគុណ អរគុណបង»៕
សូមទស្សនារូបខាងក្រោម