ខួប​១​ឆ្នាំ​នៃ​ការបាត់បង់​បងប្រុស សាឡា​ត់ ស្រី​ឡាង ទម្លាយ​រឿង​ខ្លួន​រង​សម្ពាធ​មិនទាន់​ធូរស្រាល

ភ្នំពេញ ៖ នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២០​នេះ ជា​ខួប​រយៈពេល​១​ឆ្នាំ​នៃ​ការបាត់បង់​បងប្រុស​របស់​តារា​សម្ដែង​សាឡា​ត់​ស្រី​ឡាង ហើយក៏​ជា​ថ្ងៃ ដែល​រូបនាង​ទម្លាយ​ពី​រឿង​ខ្លួន​រង​សម្ពាធ​រហូត​មក​ទល់​ពេលនេះ​មិនទាន់​ធូរស្បើយ​នៅឡើយ។

សាឡា​ត់ ស្រី​ឡាង បាន​ទម្លាយ​ពី​សម្ពាធ​ផ្លូវចិត្ត​របស់ខ្លួន​នៅ​យប់​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «១​ឆ្នាំ​នៃ​ការបាត់បង់​បង​ បាន​កន្លងទៅ​ផ្លូវចិត្ត​របស់ខ្ញុំ បាន​រង​សម្ពាធ​មួយ​យ៉ាង​ធ្ងន់ មកដល់​ថ្ងៃនេះ​ក៏​មិនទាន់បាន​ធូរស្រាល​…​អារម្មណ៍ ដែល​បាត់បង់​មិន​ហ៊ាន​អាន​សូម្បីតែ​ឈ្មោះ មិន​ហ៊ាន​មើល​សូម្បីតែ​រូប​គ្រាន់តែ​ឮ​ពាក្យ​ថា​ជំងឺមហារីក​ក៏​ខ្ញុំ​ពិបាក​ក្នុង​ការសម្រួល​អារម្មណ៍​ដែល​….​ថ្ងៃ​ណា ដែល​ធ្វើការ​គឺ​ខ្ញុំ​មិន​ហ៊ាន​សូម្បីតែ​មើលរូប​ថត​គាត់ ព្រោះ​អាចធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​ហើម​…. 365 ថ្ងៃ​ដែល​បង​ទៅ 184​ថ្ងៃ​ហើយ​ដែល​ខ្ញុំ​យក​រូប​បង​មក​ដាក់​ក្នុង​បន្ទប់​ក៏បាន​រងាប់​អារម្មណ៍​បាន​ខ្លះ​….»។

តារា​សម្ដែង​រូប​នេះ​បន្ត​ថា «​បង​ និង​ខ្ញុំ​គឺ​បងប្អូន​បង្កើត ទោះ​នាមត្រកូល​ខុសគ្នា​ប៉ា​ម៉ាក់​ខុសគ្នា​ក៏ដោយ តែ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​គឺ​ខ្ញុំ​ពិតជា​ស្រលាញ់ ខ្ញុំ​គោរព​…​បង​មិនដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹកភ្នែក​ម្ដង​ឡើយ ទើបតែ​ថ្ងៃនេះ​ឆ្នាំមុន​ទេ​ដែល​បង​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​ពាក្យ​ថា​ឈឺ​….hmmmm ស្រី​ឡយ​ឈប់​និយាយ​ហើយ​តែ​អ្វី​ ដែល​ចង់​ប្រាប់​ជីវិត​ប្អូន​របស់​បង​ល្អ​ជាង​មុន​ច្រើន ក៏បាន​ជួប​មនុស្ស​ដែល​ល្អ​អាច​មើលថែ​ជំនួស​បង​បាន​នៅ​ខាងលើ​រីករាយ​ចុះ​ណា​បង​កុំ​បារម្ភ​ស្រី​ឡយ​គឺ​រឹងមាំ​គ្រប់​ពេល»។

គួរ​រំលឹក​ថា តារា​ចម្រៀង ងួន កែវ​ពេជ្រ​ពិសិដ្ឋ បានទទួល​មរណភាព កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩ ដោយសារ​ជំងឺ​មហារីក​ដំណាក់​ធ្ងន់ធ្ងរ ហើយ​អ្វី​គួរ​ឲ្យ​សោកសៅ​ខ្លាំង​បំផុត​នោះ​គឺ ម្តាយ​របស់​លោក​ផ្ទាល់​មាន​កូន​ប្រុស​តែ​ម្នាក់​គត់ ហើយ​អ៊ំស្រី​ក៏​ជួប​ទុក្ខ​លំបាក​ផង​ដែរ ក្នុងអំឡុងពេល​កូនប្រុស​លោក ងួន កែវ​ពេជ្រ ពិសិដ្ឋ​ត្រូវការ​ចំណាយ​ថវិកា​​ជាច្រើន​ក្នុង​ការ​ព្យាបាល​ជំងឺ​របស់​លោក​នាពេលនោះ៕

Related posts

Leave a Comment