កញ្ញាបាន មុន្នីល័ក្ខ ថា ស្ដាយបាត់ពេជ្រ១គ្រាប់ ដ៏មានតម្លៃ

អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស បាន មុនីល័ក្ខ បានឲ្យដឹងថា នាងពិតជាមានការសោកស្ដាយខ្លាំងណាស់ ចំពោះការចាកចេញពីផលិតកម្មថោន របស់រៀមច្បងមាស សុខសោភា។ នាងថា សោភា ប្រៀបបានជាគ្រាប់ពេជ្រ ហេតុនេះហើយការចាកចេញរបស់គាត់ ប្រៀបដូចជាបាត់គ្រាប់ពេជ្រ១គ្រាប់ដែរ។

ប៉ុន្ដែនៅពេលដែលត្រូវសួរថា តើបាន មុនីល័ក្ខ អាចនឹងទៅជំនួសមាស សុខសោភសា បានដែរឬអត់នោះ?

តារាចម្រៀងសំនៀងក្រអួនក្រអៅរូបនេះ បែរជាថា មិនអាចប្រៀបធៀបគ្នាបានឡើយ។ មុនី្នល័ក្ខ ថា នាងច្រៀងបែបស្ទីលរបស់នាង ចំណែកសោភា ច្រៀងស្ទីលរបស់គាត់ ហេតុនេះហើយមិនអាចនិយាយថា អ្នកណាទៅជំនួសអ្នកណាបាននោះទេ។

ទោះជាយ៉ាងណា នៅពេលសួរថា តើមាស សុខសោភា ចេញពីថោន ទៅផលិតកម្មថ្មីនោះ មុនីល័ក្ខ គិតថា សោភា នៅតែល្បីដូចមុនទៀតឬអត់នោះ? នាងថា រឿងនេះមិនអាចនិយាយទុកមុនបានឡើយ។

មនូល័ក្ខ ប្រាប់ថា កន្លងមកទោះជានាងមិនដែលបានច្រៀងនិងសម្ដែងជាមួយសោភា នៅថោន មែន ប៉ុន្ដែតាមបណ្ដាកម្មវិធីជប់លៀងមួយចំនួន ដែលខាង Agency រៀបចំនោះ នាងនិងសោភា ធ្លាប់រួមការងារជាមួយគ្នាជាច្រើនផងដែរ។ នាងថា​មុនក្លាយជាអ្នកចម្រៀងអាជីព​ មានផលិតកម្មច្រៀងដូចពេលនេះ នាងក៏ធ្លាប់ច្រៀងបទមាស សុខសោភា ផងដែរ គឺសោភា ជា Idol របស់នាង ហើយនាងពេញចិត្តបទចម្រៀងរបស់សោភា សឹងគ្រប់បទ។បាន មុនី្នល័ក្ខ ថាមិនមែនតែនាងម្នាក់ឡើយតែស្ទើរគ្រប់គ្នាតែម្ដង ពេលដឹងថា មាស សុខសោភា ចាកចេញពីថោន ពួកគាត់មានការខកចិត្តខ្លាំងណាស់ ព្រោះតែមានការសោកស្ដាយមិនចង់ឲ្យគាត់ទៅណា តែនោះជាការសម្រេចចិត្តរបស់គាត់។ នាងថា​ ក្រោយសោភា ដើរចេញនោះ នាងមានតែខិតខំច្រៀងសម្ដែងតទៅទៀត ហើយនាងគ្មានការបាម្ភទេ ព្រោះអ្នកដឹកនាំសម្ដែង​និងធ្វើបទចម្រៀងនៅថោន នៅតែមាន​ហេតុនេះហើយការចេញពីហង្សមាស ចូលថោន នាងមិនធ្លាប់គិតថាខកចិត្តនោះទេ។

បាន មុន្នីល័ក្ខ អតីតបេក្ខភាព “The Voice Cambodia” រដូវកាលទី១ ដែលច្រៀងនៅហង្សមាស ជិត៤ឆ្នាំ ទើបឈានចូលថោន ហើយត្រូវបានផលិតកម្មមួយនេះផ្ដល់តំណែងជាតួឯកឲ្យនាង ក្នុងរឿង ”ព្រហ្មលិខិតដុះស្លាប” ដែលតម្រូវឲ្យនាងប៉ះជាមួយលោកម៉ៅ ហាជី។ នាងថា ពេលនេះភាពយន្ដនោះថតចប់ហើយ អីចឹងនាងងាកមកពង្រឹងបទចម្រៀងឡើងវិញ តែបើអ្នកគ្រប់គ្រងតម្រូវឲ្យនាងថតរឿងថ្មីនោះ នាងធ្វើទៅតាមផលិតកម្ម។មុនីល័ក្ខ បន្ថែមថា ដោយសារតែកូវីដ-១៩នេះ ធ្វើឲ្យនាង ក៏ដូចជាអ្នកសិល្បៈទាំងឡាយធ្លាក់ប្រាក់ចំណូលគ្រប់គ្នា តែនាងរំពឹងថា​អ្វីៗនឹងបានល្អឡើងវិញ នៅចុងឆ្នាំ២០២០ខាងមុខនេះ។

បាន មុន្នីល័ក្ខ បានផ្ដាច់ស្នេហ៍ជាមួយអតីតគូដណ្ដឹង Dj Cake តែអ្នកទាំងពីរនៅបន្ដររាប់អានគ្នាជាធម្មតា។ នាងថា ពេលនេះមិនទាន់មានគូស្នេហ៍ថ្មីនោះទេ ហើយបើទោះជានាងឈានចូលវ័យ២៨ឆ្នាំក្ដី ប៉ុន្ដែរឿងរៀបការនៅតែគ្មានស្រមោលដដែល។ នាងបញ្ជាក់ថា បច្ចុប្បន្នចង់ផ្ដោតលើអាជីពចម្រៀងជាងរឿងស្នេហា៕

Related posts

Leave a Comment