មួយប៉ប្រិចភ្នែកសោះ តារា និង កីឡាករល្បីក្នុងប្រទេស ៣ រូប ត្រូវបាត់បង់អ្នកមានគុណបន្តគ្នា

គេថាព្រាត់រស់ប្រសើរជាព្រាត់ស្លាប់ ប៉ុន្តែពេលនេះតារាល្បី ២ រូប រួមទាំងអតីតកីឡាករប្រចាំប្រទេស អេ ភូថង បានជួបរឿងព្រាត់ពីអ្នកមានគុណ ដោយពួកគេបានបាត់បង់អ្នកមានគុណជាទីស្រឡាញ់ស្មើជីវិតទៅសែនឆ្ងាយមិនអាចវិលជួបវិញបាន ។

១-តារាពហុជំនាញ ខាត់ សុឃីម ព្រាត់ពីឪពុកដែលបានទទួលមរណភាព

កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ នេះ អ្នកនាង ខាត់ សុឃីម និង គ្រួសារត្រកូលខាត់ទាំងអស់បានជួបទុក្ខធំក្នុងជីវិត ដោយលោកឪពុកដែលគេស្គាល់ឈ្មោះ លីវ ខាត់ ជាសិល្បករផ្នែកបុរាណជើងចាស់ បានទទួលមរណភាព ។ មរណភាពរបស់លោកឪពុកនេះ បានធ្វើឱ្យ ខាត់ សុឃីម និង ក្រុមគ្រួសាររងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង ។ ជាមួយគ្នានេះ ខាត់ សុឃីម បានបង្ហោះសារយ៉ាងខ្លីតែក្តុលក្តួលនៅលើហ្វេសប៊ុកថា «លាហើយពុក» ព្រមទាំងដាក់រូបថតខ្មៅ បង្ហាញពីក្ដីឈឺចាប់ជាពន់ពេកដែលត្រូវបាត់បង់ឪពុកជាទីស្រឡាញ់គ្មានថ្ងៃវិលត្រឡប់ ។

២-តារាសម្តែង អ៊ុំ សក្ខណា ព្រាត់ពីអ្នកម្តាយដែលទទួលមរណភាព

នៅក្នុងថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ ដដែលនោះ តារាសម្ដែងជើងចាស់ អ៊ុំ សក្ខណា ហៅក្នុងសិល្បៈថា ម៉ែនឿន ក៏បានបាត់បង់ម្ដាយជាទីស្រឡាញ់របស់ខ្លួនផងដែរ ដោយអ្នកម្តាយតារាសម្តែងរូបនេះបានទទួលមរណភាពនៅអាយុ ៩៧ ឆ្នាំ ។ រឿងដែលគួរឱ្យសោកស្ដាយជាងនេះ ប្រភពបានឱ្យដឹងថា តារាសម្ដែងជើងចាស់រូបនេះ មិនបានទៅទាន់ដង្ហើមម្ដាយនោះទេ ។

៣-កីឡាករ អេ ភូថង ព្រាត់ម្តាយជាទីស្រឡាញ់ដែលទទួលមរណភាព

នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ នេះ លោក អេ ភូថង ដែលជាអតីតកីឡាករប្រដាល់ល្បីប្រចាំប្រទេសបានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងប្អូនប្រុស អូត ភូថង ក្នុងទឹកមុខស្រងូតស្រងាត់ ដោយលោកបានបញ្ជាក់ថា «ម្ដាយខ្ញុំបានទៅចោលខ្ញុំហើយ» ដែលនេះជាដំណឹងដ៏ក្រៀមក្រំបំផុតមួយសម្រាប់បងប្អូនសាច់ញាតិ និង មហាជន ៕

Related posts

Leave a Comment