នាងលែងចង់ដើរប្រជែងព្រហ្មលិខិតហើយ សុំដេកក្បែរម្តាយនិងបងស្រីចុងក្រោយ

ខេត្តពោធិ៍សាត់ ៖ ជារឿងដ៏គួរឱ្យសោកសង្រេងខ្លាំងណាស់សម្រាប់ក្រុមគ្រួសារមួយនេះ ខណៈដែលកូនស្រីវ័យក្រមុំម្នាក់កើតមានជំងឺប្រចាំកាយជាច្រើនមុខ និងត្រូវក្រុមគ្រួសារព្យាយាមនាំយកទៅព្យាបាលគ្រប់មន្ទីរពេទ្យដែរ តែស្ថានភាពហាក់មិនប្រសើរឡើងសោះ ផ្ទុយទៅវិញទំនងជាដឹងខ្លួនថា មិនអាចតតាំងឈ្នះព្រហ្មលិខិត ទើបកូនក្រមុំរូបនេះបានសុំបងស្រីនិងម្តាយ ឱ្យឈប់នាំនាងទៅរកពេទ្យទៀត តែសុំដេកក្បែរម្តាយជាលើកចុងក្រោយ។

ទីបំផុត មិនបានប៉ុន្មាន យុវតីអភ័ព្វរូបនេះក៏ចាកចេញលោកនេះទៅដោយគ្មានថ្ងៃត្រឡប់ ធ្វើឱ្យក្រុមគ្រួសារទួញសោកអាល័យជាទីបំផុត។យុវតីអភ័ព្វខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកុឈ្មោះ Øüñ Dÿ។ យុវតីរូបនេះបានលាចាកលោកទៅ កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ក្នុងវ័យ២០ឆ្នាំ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ “ស្រុកភ្នំក្រវាញ ផ្ទះខ្ញុំ” ដែលត្រូវជាបងស្រីរបស់យុវតីអភ័ព្វខាងលើបានបង្ហោះសារទុក្ខសោកមួយ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ថា “ប្អូនខ្ញុំគាត់ហត់ហើយ គាត់ប្រាប់ខ្ញុំថា គាត់លែងចង់ដើរប្រជែងនឹងព្រហ្មលិខិតដែលធ្វើបាបគាត់តាំងពីកើតមក រហូតរយៈពេល២០ឆ្នាំមកនេះ ប្អូនប្រាប់ខ្ញុំថា ឈប់កាន់ដៃខ្ញុំដើរទៅចែ ខ្ញុំហត់ហើយ ប្អូនសុំទៅគេងជិតម្តាយរបស់ប្អូនវិញ ប្អូនទៅលែងរួចហើយចែ មិនបាច់បញ្ជូនប្អូនទៅណាទេ ចែក៏ហត់ដែរ ចែអត់បានគេង១អាទិត្យហើយ

តែប្អូនសុំចែរឿងចុងក្រោយ ប្អូនចង់បានអាវថ្មីពីរឈុត និងកងដៃ ចិញ្ចៀន ខ្សែកប្អូន ដែលប្អូនដោះទុកនៅផ្ទះ ដែលជាកម្លាំងរបស់ប្អូន ប្អូនស្រលាញ់ណាស់ចែ ប្អូនខំធ្វើការរោងចក្រ២-៣ឆ្នាំ ទម្រាំតែទិញបាន ចែជួយទៅយកឱ្យប្អូន ហើយពាក់ឱ្យប្អូនផងចែ ដង្ហើមចុងក្រោយប្អូនស្រែក ចែអើយជួយខ្ញុំផង តែពីរម៉ាត់ ប្អូនដេក ចែហៅប្អូនមិនឆ្លើយតប ជាមួយនឹងចែសោះ អូនបានរបស់ដែលប្អូនចង់បានចុងក្រោយអស់ហើយ ហេតុអ្វីប្អូនមិនឆ្លើយតបជាមួយបង?ប្អូនទៅចោលបង ទាំងដែលបងសន្យាថា នាំប្អូនដើរលេងឱ្យតែប្អូនជា ចុះហេតុអ្វីប្អូនមិនទុកពេលឱ្យបងបំពេញសន្យារបស់បងសិនអូន…”។

ជាមួយនេះ ក៏មានបងប្អូនមិត្តភក្តិជាច្រើនបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំមួយនេះ ដោយបានសរសេររៀបរាប់ថា “វាលឿនពេក ហើយ ខ្ញុំទទួលយកអត់បានទេ ដឹងអត់ យើងធ្លាប់សន្យាម៉េចខ្លះមួយខ្ញុំ ពេលខ្លះឈ្លោះគ្នា អន់ចិត្តរៀងខ្លួន តែបាត់គ្នាអត់បានទេ នឹកគ្នា តែពេលនេះអ្នកលាទៅរហូតហើយ សុំទោសដែលខលមកឱ្យទៅលេងលើកចុងក្រោយ តែអត់បានទៅ បើមានជាតិក្រោយ សូមឱ្យយើងជាបងប្អូននឹងគ្នាទៀត ហើយកុំឱ្យអាយុខ្លីដូចជាតិ នេះទៀតណា Øüñ Dÿ…”។

យ៉ាងណាមិញ ចំពោះស្ថានភាពពិតប្រាកដនៃជំងឺរបស់យុវតីខាងលើ ត្រូវបានម្ចាស់គណនីហ្វេសប៊ុក ដែលត្រូវជាបងស្រីបានបញ្ជាក់ថា “ប្អូនស្រីរបស់គាត់ឈឺជាច្រើនមុខណាស់”៕

Related posts

Leave a Comment