នាយពែកមី ស៊យផ្ទួនៗ ចាញ់ហើយ ប៉ោងភ្នែកថែមទៀត

ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រុមបាល់ទាត់តារារបស់ពែកមី និងក្រុមបាល់ទាត់ដែលចម្រុះដោយតារាៗរបស់ផលិតកម្មមហាហង្ស បានប៉ះគ្នាជាលើកដំបូង ដោយបញ្ចប់ការប្រកួត ក្រុមពែកមី ដែលជាក្រុមបង្កើតមុន និងល្បីឈ្មោះជាយូរមកហើយ ភ្លាត់ចាញ់យ៉ាងអាម៉ាស់នៅក្នុងតារាងរបស់វិទ្យាល័យឥន្ទ្រទេវី។

ដ្បិតតែជាតារា តែក្នុងវិស័យបាល់ទាត់ពាក់កណ្ដាលអាជីព ក្រុមបាល់ទាត់មហាហង្ស ដែលមានឈ្មោះជាផ្លូវការថា Mahahang All Stars FC និងក្រុមរបស់លោកពែកមី ដែលមានឈ្មោះថា Pekmi FC គឺជាក្រុមបាល់ទាត់ដែលមានកេរ្តិ៍ឈ្មោះសំឡេង ដោយមានប្រវត្តិយកឈ្នះលើក្រុមជាច្រើន។

ប៉ុន្តែក្រុមតារាទាំងពីរក្រុមមិនធ្លាប់ជួបគ្នានោះទេ បើទៅជាមានព័ត៌មានថា ក្រុមលោកពែកមី ប៉ងចង់ប្រកួតជាមួយក្រុមនេះតាំងពី២ឆ្នាំមុន។

យោងតាមការបង្ហោះរបស់លោកពែកមី បានបង្ហោះថា “ថ្ងៃនេះចាញ់ក្រុមហាហង្ស ត្រូវមួយកែងប៉ោងភ្នែកទៀត”។

ងាកទៅមើលផេករបស់ផលិតកម្មមហាហង្ស ក៏បង្ហាញពីការអបអរសាទរចំពោះជ័យជម្នះរបស់ខ្លួនលើក្រុមពែកមី ដែលជាក្រុមខ្លាំង និងស្ទើរតែក្លាយជាក្រុមអាជីព ដោយសារតែមានកីឡាករខ្លាំងៗនៅក្នុងនោះផងដែរ។ប្រភពពីអ្នកទស្សនាបានទម្លាយមកថា មុនបញ្ចប់ការប្រកួត ក្រុមទាំងពីរមិនត្រឹមតែប្រឹងស្វិតស្វាញក្នុងការស្វែងរកគ្រាប់បាល់ប៉ុណ្ណោះទេ តែក៏មានការប៉ះទង្កិចគ្នាតិចតួចផងដែរ។

លោក អ៊ិន សុភិន មិនទាន់អាចសការបកស្រាយបន្ថែមលើជ័យជម្នះនេះទេ ប៉ុន្តែគេមើលឃើញថា ឱកាសយកឈ្នះលើក្រុមពែកមី គឺការបង្កើនមុខមាត់កាន់តែខ្លាំងរបស់ក្រុមនេះ បន្ទាប់ពីក្រុមមហាហង្សបានប្រមូលតារាអោយក្លាយជាកីឡាករ ហើយយកឈ្នះលើក្រុមជាច្រើននៅក្នុងវិស័យបាល់ទាត់។ផ្អែកតាមការប្រកួតជាក់ស្ដែង ក្រុមទាំងពីរក៏ប៉ះគ្នាខុសបច្ចេកទេសខ្លះៗផងដែរ ខណៈដែលក្រុមមហាហង្ស ត្រូវគេកត់សម្គាល់ថា លេងត្រូវបច្ចេកទេសបានល្អ លើកលែងតែក្រុមពែកមី ដែលមានកីឡាករខ្លះលេងប្រើកម្លាំង ក្រោយពេលព្យាយាមតាមរកគ្រាប់បាល់មិនទាន់។គូក្រុមនេះ មិនដឹងថា នឹងបើកឆាកប៉ះគ្នាជាលើកទី២ពេលណានោះទេ ប៉ុន្តែយោងតាមកីឡាករមួយរូបរបស់មហាហង្ស បានបញ្ជាក់ដោយមិនឲ្យដាក់ឈ្មោះថា ក្រុមមហាហង្ស នឹងអាចមិនលែងជាមួយក្រុមពែកមី ទៀតនោះទេ ដោយអះអាងថា ក្រុមពែកមី លេងប្រើកម្លាំងនៅអំឡុងនាទីជិតចប់ ធ្វើអោយកីឡាករខ្លះក្នុងក្រុមមហាហង្ស មិនសប្បាយចិត្ត៕

Related posts

Leave a Comment