ត្បិតមិនបានលើកពានផ្នែកចម្រៀង ប៉ុន្តែ សំ សុវណ្ណារ៉ាក់ ត្រូវប៉ាន់ផ្ទួនៗរហូតដល់ពីរអាជីព

ភ្នំពេញ៖ តារាចម្រៀងរូបសង្ហា សំ សុវណ្ណារ៉ាក់ ដែលជាពន្លកថ្មីរបស់ផលិតកម្មរស្មីហង្សមាស ដែលកើតចេញពីកម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor Cambodia រដូវកាលទី១ ត្រូវបានមហាជនសម្លឹងឃើញថា ជាតារាចម្រៀងម្នាក់ដែលពោរពេញទៅដោយសមត្ថភាពក្នុងការច្រៀងទាំងបទ មនោសញ្ចេតនា និងបទញាក់កន្ត្រាក់អារម្មណ៍។

ត្បិតមិនបានលើកពាននៅវគ្គផ្តាច់ព្រ័ត្រក្តី ប៉ុន្តែ សុវណ្ណារ៉ាក់ ក៏ត្រូវបានជ្រើសរើសជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មរស្មីហង្សមាសផងដែរ ក្នុងចំណោមបេក្ខជនកំពូល ៤នាក់ចុងក្រោយនៃកម្មវិធី X Factor Cambodia។

គិតមកទល់ពេលនេះ កំលោះសង្ហាវ័យ ២៣ឆ្នាំរូបនេះ ទទួលបានបទចម្រៀងប្រមាណជិត១០បទដែលត្រូវបានបង្ហោះជាផ្លូវការតាមរយៈបណ្តាញសង្គមរបស់ក្រុមហ៊ុនហង្សមាស។

មិនត្រឹមតែប៉ុណ្ណោះ សុវណ្ណារ៉ាក់ ក៏ត្រូវបានជ្រើសរើសក្លាយជាតារាសម្តែងភាពយន្តភាគខ្មែរដែលត្រៀមនឹងចាក់បញ្ចាំងតាមរយៈស្ថានីយទូរទស្សន៍ហង្សមាសរហូតដល់ទៅ ២រឿង ដែលរឿងទី១ត្រូវបានថត ចប់ជាស្ថាពររួចមកហើយ និងមួយរឿងទៀតកំពុងដំណើរការថត

នៅឡើយ ជាមួយនឹងតួឯកស្រីគឺកញ្ញា ផន ស្រីខួច។ ចំណុចនេះហើយដែល សុវណ្ណារា៉ក់ ត្រូវបានមហាជន និងបណ្តាអ្នកគាំទ្ររបស់លោកវាយតម្លៃថាតារាចម្រៀងរូបនេះនឹងកាន់តែមានភាពលេចធ្លោ និងល្បីល្បាញខ្លាំងក្នុងវិស័យសិល្បៈនាពេលអនាគតតាមរយៈសមត្ថភាពដ៏ឆ្នើមរបស់លោក៕

Related posts

Leave a Comment