ថៃ ប្រកាសយកថ្ងៃទី ២៧ ខែកក្កដា ជាថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំ

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ រាជរដ្ឋាភិបាល​ប្រទេស​ថៃ បាន​ធ្វើ​ការ​ប្រកាស​យក​ថ្ងៃ​ទី ២៧ ខែ​កក្កដា​នេះ ជា​ថ្ងៃ​ឈប់​សម្រាក​ជំនួស​ការ​លុប​ចោល​ពិធី​បុណ្យ​ចូលឆ្នាំ ។លោក​ស្រី Narumon Pinyosinwat អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ថា ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គណរដ្ឋ​មន្ត្រី​នៅ​ក្នុង​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ ។ជា​ធម្មតា ការ​ឈប់​សម្រាក​

ពិធី​បុណ្យ​សង្ក្រាន​នេះ គឺ​រៀបចំ​ធ្វើ​ឡើង​​ចាប់​ពី​ថ្ងៃ​ទី ១៣ រហូត​ដល់ ១៥ ខែ​មេសា ប៉ុន្តែ​បែរ​ជា​ត្រូវ​ប្រកាស​លុប​ចោល​ក្នុង​ឆ្នាំ​នេះ ដោយសារ​តែ​ការ​រាតត្បាត​នៃ​វីរុស​កូវីដ១៩ ។ ទោះ​បី​ជា​ការ​ប្រកាស​ថ្ងៃ​ឈប់​សម្រាក​ជំនួស​ត្រូវ​បាន​ធ្វើ​ឡើង​ក៏​ពិត​មែន ប៉ុន្តែ​ការ​ជួបជុំ​លក្ខណៈ​ធំៗ នឹង​ត្រូវ​បន្ត​ហាម​ឃាត់​ដដែល ក្រោម​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​របស់​ខ្លួន ។​ថ្ងៃ​​ទី ២៧

ខែ​កក្កដា គឺ​ស្ថិត​នៅ​ចន្លោះ​​ថ្ងៃ​ឈប់​សម្រាក​ចំនួន ២ ទៀត គឺ​​ថ្ងៃ​​អាទិត្យ ទី ២៦ និង​​ថ្ងៃ​​អង្គារ ទី ២៨ ដែល​ត្រូវ​ជា​​ថ្ងៃ​​ប្រារព្ធ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះ​មហាក្សត្រ​ថៃ ។ ការ​ជ្រើសរើស​យក​​ថ្ងៃ​​នេះ​សម្រាប់​ជំនួស​​ថ្ងៃ​​បុណ្យ​សង្ក្រាន គឺ​អាច​ឲ្យ​ប្រជាជន​មាន​ពេលវេលា​ឈប់​សម្រាក​បាន​ច្រើន ដើម្បី​ចំណាយ​ពេល​ជួបជុំ​ក្រុម​គ្រួសារ​របស់​ខ្លួន ៕

Related posts

Leave a Comment