មុនជ្រើសរើសជីវិតមានគូ មកអានសារដ៏មានអត្ថន័យរបស់ កូនចាបមាស មានតម្លៃណាស់

លោកអ្នកប្រាកដជាបានស្គាល់ហើយនូវអ្នកនិពន្ធសៀវភៅបែបជីវិតដែលកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មិត្តអ្នកអាន ជាពិសេសយុវវ័យនៅក្នុងវិស័យអំណាន គឺកញ្ញា សែត ហត្ថា (កូន ចាបមាស) ។

ថ្មីៗនេះ បន្ទាប់ពីរៀបចំពិធីភ្ជាប់ពាក្យ និងចាប់ផ្តើមជីវិតគូជាមួយអ្នកនិពន្ធល្បីឈ្មោះដូចគ្នា គឺលោក ឡាំ លីម កញ្ញាក៏បានចេញអត្ថបទខ្លីមួយដែលនិយាយអំពី ស្នូលនៃសេចក្តីស្រឡាញ់ ដែលបានរៀបរាប់ជាគំនិតសម្រាប់អ្នកដែលចង់ចាប់ផ្តើមជីវិតគូផងដែរ ។

ក្នុងសំណេរខ្លីនោះកញ្ញាបានរៀបរាប់ថា៖ «សូមយើងរៀនរស់នៅជាមួយខ្លួនឯងជាមុនសិន មុនពេលយើងប្រាថ្នាចង់រួមដំណើរជីវិតជាមួយនរណាម្នាក់ ដ្បិតថាបើយើងចេះរីករាយពេលនៅម្នាក់ឯង យើងក៏ច្បាស់ជាដឹងពីរបៀបដែលធ្វើឱ្យអ្នកដទៃរីករាយពេលនៅក្បែរយើង។ ពេលយើងចេះអត់ធ្មត់ជាមួយខ្លួនឯង យើងក៏នឹងមានសេចក្ដីអត់ធ្មត់ចំពោះអ្នកដទៃបានដោយងាយ។ ពេលណាយើងបានយល់ពីជម្រៅចិត្តរបស់ខ្លួនឯង នោះវានឹងមិនមែនជារឿងលំបាកពេកទេនៅក្នុងការយល់ពីអ្នកដទៃ។ ពេលណាដែលយើងចេះមើលថែខ្លួនឯង ស្រឡាញ់ខ្លួនឯង យកចិត្តទុកដាក់ជាមួយខ្លួនឯង នោះយើងនឹងដឹងពីរបៀបដែលអ្នកដទៃត្រូវការនូវការយកចិត្តទុកដាក់ ការស្រឡាញ់ និងការមើលថែដូចគ្នា»

កូន ចាបមាស បានបន្តថា៖ «កុំរត់ដេញតាមសុំក្ដីស្រឡាញ់ពីនរណាម្នាក់ ដោយទុកខ្លួនឯងចោល ព្រោះគ្មាននរណាឱ្យតម្លៃយើងស្មើនឹងយើងបានយល់ពីតម្លៃនៃទឹកចិត្តខាងក្នុងរបស់យើងឡើយ។ គ្រាន់តែនិយាយថាស្រឡាញ់គ្នា វាមិនមែនជាពិបាកទេ តែការដែលអាចបន្តសេចក្ដីស្រឡាញ់នេះឱ្យបានយូរអង្វែងតទៅ នោះទើបជារឿងលំបាក ព្រោះយើងមិនគ្រាន់តែពោលពាក្យស្រឡាញ់ទេ ប៉ុន្តែត្រូវបង្ហាញដោយទង្វើនៃសេចក្ដីស្រឡាញ់ចេញពីជម្រៅចិត្តខាងក្នុង។ កម្មវិធីអាពាហ៍ពិពាហ៍ ឬការជួបជុំដ៏សប្បាយដែលពោរពេញដោយស្នាមញញឹម យ៉ាងច្រើនគេធ្វើពីរ ឬបីថ្ងៃប៉ុណ្ណោះ ប៉ុន្តែជីវិតអាពាហ៍ពិពាហ៍ និងការជួបជុំដ៏យូរអង្វែង ឆ្លងកាត់រឿងសើចសប្បាយខ្លះ ទុក្ខលំបាកខ្លះ ទឹកភ្នែកខ្លះ ស្នាមញញឹមខ្លះ អត់ឃ្លាន ក្ដៅរងា គឺជារឿងវែងឆ្ងាយ»

កញ្ញា ក៏បានរៀបរាប់ចុងក្រោយថា៖ «សេចក្ដីស្រឡាញ់ប្រៀបដូចស្រមោលរបស់យើង បើយើងរត់ដេញតាមចាប់វា យើងក៏មិនអាចចាប់វាបានឡើយ ប៉ុន្តែបើយើងឈប់រត់ដេញចាប់ នោះយើងនឹងបាននៅជាមួយក្ដីស្រឡាញ់។ ឫសដ៏រឹងមាំនៃសេចក្ដីស្នេហាគឺការគោរព ភាពស្មោះត្រង់ និងការយោគយល់អធ្យាស្រ័យ។ កុំស្រឡាញ់ដោយខ្វះនូវការផ្ដល់ការគោរព សូម្បីតែរឿងតូចតាចបំផុតក៏ដោយ ព្រោះការគោរពគឺជាស្នូលនៃសេចក្ដីស្រឡាញ់»

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment