អ្នកធុញថប់ការរវល់ធ្វើការងារស្ទើរពេញមួយសប្តាហ៍ ប្រហែលជាដល់ពេលដើរកំសាន្តកាត់បន្ថយស្រ្តេសហើយ ចឹងស្វែងរកកន្លែងរមនាសម្រាប់លំហែរអារម្មណ៍ជាដំណោះស្រាយសមស្របមួយ ។ ថ្ងៃនេះយើងសូមនាំលោកអ្នកទៅកាន់តំបន់ទឹកធ្លាក់ជ្រាវ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ។ ការមកកំសាន្តនៅទឹកជ្រោះនេះ មិនត្រឹមតែបំរើឲ្យការកំសាន្តអារម្មណ៍នោះទេ អ្នកក៏បានចូលរួមអភិវឌ្ឍ និងការអភិរក្សតំបន់ជ្រោះធម្មជាតិ ការអភិរក្សសត្វព្រៃ និងតំបន់ព្រៃដ៏ស្រស់ស្អាត់ជាដើម ។
នៅទីនោះមានភ្ញៀវទេសចរជាតិមកលេងកម្សាន្ដច្រើនគួរសមដែរ ។ ថ្វីដ្បិតតែទឹកធ្លាក់ដ៏ត្រជាក់នេះហូរក្នុងល្បឿន និងបរិមាណសមល្មមសម្រាប់ការងូតលេងយ៉ាងណាក៏ដោយ ក៏សហគមន៍បានពង្រាយបណ្ដាក់សមាជិករបស់ខ្លួនស្ទើរគ្រប់ដំណាក់ដើម្បីរាយការណ៍អំពីហេតុការណ៍អាសន្នណាមួយ។ ទឹកធ្លាក់ជ្រាវស្ថិតនៅក្នុងភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺជាទឹកធ្លាក់ជម្រាលច្រើនដំណាក់អំណោយផលដល់ការងូតទឹកលេងកម្សាន្ដពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្ដរជាតិ ។
ភ្ញៀវទេសចរជាតិដែលមិនប្រាថ្នាដើរផ្សងព្រេងលើវិថីវែងឆ្ងាយគ្រាន់តែចតយានជំនិះភ្លាម បោះជំហានប្រមាណតែជាង ១ រយម៉ែត្រលោកអ្នកនឹងទៅដល់ទឹកធ្លាក់ដំណាក់ទី១ ដែលមានជម្រាលទឹកហូរសម្រាប់ងូតលេងកម្សាន្ដ។
ទឹកធ្លាក់ជ្រាវមាន ៧ ដំណាក់ ដែលទឹកធ្លាក់ដំណាក់ទី ១ដែលមានជម្រាលទឹកហូរសម្រាប់ងូតលេងកម្សាន្ដ ។ ដោយសារតែដំណាក់ទី ២ នៅមិនឆ្ងាយពីដំណាក់ទី ១ ភ្ញៀវទេសចរជាតិដែលខ្លះយួរចំណីចំណុក ហើយខ្លះទៀតលីធុងទឹកកកឬស្រាបៀរទាំងកេសៗបានឆ្ពោះទៅងូតទឹកហូបចុកអាហារថ្ងៃត្រង់ក្រោមម្លប់ឈើ ឬក្បែរល្បាក់ទឹកធ្លាក់បាន ។ ដំណាក់ទី ២ មានជម្រាល ៣គន្លាក់ចម្ងាយប្រមាណ ៣០ ម៉ែត្រ និងល្បាក់ធ្លាក់កម្ពស់ប្រមាណ ៣ម៉ែត្រដែលអំណោយផលក្នុងការងូត និងហែលលេងកម្សាន្ដ។ ប៉ុន្ដែជាទម្លាប់ភ្ញៀវទេសចរក្នុងស្រុកភាគច្រើនចូលចិត្ដនាំគ្នាងូតទឹកនិងហែលលេងនៅខ្សែទឹកខាងលើដោយមានជំនឿថា អ្នកលេងខ្សែទឹកខាងក្រោមអាចរងគ្រោះដោយសារសំណល់កង្វល់ផ្សេងៗ ។
បើគេធ្វើដំណើរចេញពីទីរួមខេត្តឆ្ពោះទៅស្រុកថ្ពងតាមបណ្តោយផ្លូវលេខ 52 ចម្ងាយប្រមាណជាង 60 គីឡូម៉ែត្រចំណាយពេលប្រហែលមួយម៉ោងនឹងទៅដល់ទីប្រជុំជនមួយដែលអ្នកស្រុកហៅថាផ្លូវបំបែកអមលាំង រួចបន្តដំណើរតាមផ្លូវគក្រួសក្រហមចម្ងាយជាង 20 គីឡូម៉ែត្រ នឹងទៅដល់ទឹកជ្រោះជ្រាវមិនខាន ។