ក្រមុំពស់ចឹក ដង្ហើយរកជំនួយ សង្ឃឹមថាបងប្អូនជួយសង្គ្រោះនាងផង

ខេត្តកែប ៖ នារីវ័យក្មេងម្នាក់កំពុងអង្គុយលក់ដូរនៅក្រោមដើមឈើជើងភ្នំក្បែរមាត់ឆ្នេរសុខៗ ក៏ស្រាប់តែត្រូវពស់ពិស១ក្បាលធំ ហក់ចុះពីលើដើមឈើមកចឹកចំស្មា បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះភ្លាមៗ ខណៈដែលពេលនេះស្ថានភាពមុខរបួសឡើងពងបែក ស្លោកស្បែក ជាំខ្មៅគួរឱ្យបារម្ភ។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នៅខណៈពេលដែលនារីរងគ្រោះកំពុងអង្គុយលក់ដូរនៅក្រោមដើមឈើ នាឆ្នេរកែប ក្បែរផ្សារក្តាម

នារីរងគ្រោះដែលត្រូវពស់ពិសចឹកស្មាបណ្តាលឱ្យរងរបួសធ្ងន់ខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានវ័យប្រមាណ២០ឆ្នាំ និងជាអ្នកប្រកបរបរលក់ដូរនៅតាមឆ្នេរកែប ក្បែរផ្សារក្តាម។ ចំណែកពស់ដែលចឹកនារីរងគ្រោះខាងលើ ត្រូវបានគេអះអាងថា ជាពស់ពព្លាក់ដែលជាប្រភេទសត្វពស់មានពិសខ្លាំង

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Thida Mean បានបង្ហោះសាររៀបរាប់កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ថា “ពស់ចឹកគាត់ព្រឹកមិញ ពេលនេះគេឱ្យបញ្ជូនទៅភ្នំពេញហើយ សូមជួយសង្រោះជីវិតគាត់ផង តើអាចជួយគាត់ឱ្យរួចផុតពីពិសពស់នេះបានទេ? លេខមីងគាត់ ០៨៨ ៤៣ ៦៣ ៧៣២ កំពុងធ្វើដំណើរទៅភ្នំពេញ ពេលនេះយើងខ្ញុំបានប្រមូលថវិកាបន្តិចបន្តួចជួយដល់ប្អូនស្រី សូមអរគុណទាំងអស់គ្នា ពីទឹកចិត្តមួយនេះ…”

តាមប្រភពពីសាច់ញាតិរបស់នារីរងគ្រោះ បានប្រាប់ឱ្យដឹងថា ក្រោយហេតុការណ៍បានកើតឡើង នាងត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ប៉ុន្តែខាងមន្ទីរពេទ្យពុំហ៊ានទទួលទេ ដោយឱ្យបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះតេកុមាលា ហៅពេទ្យទាហានវិញប្រភពបន្ថែមថា ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ នារីរងគ្រោះត្រូវបានក្រុមគ្រូពេទ្យធ្វើការចោះក្រលៀនដើម្បីលាងឈាមយកពិសចេញ ហើយមកទល់ពេលនេះនាងបានធូរស្រាលបន្តិចហើយ ប៉ុន្តែអាការមុខរបួសមើលទៅហាក់សាហាវណាស់ ដោយបរិវេណមុខរបួសមានសភាពស្លោកស្បែក ឡើងពងបែកនិងជាំខ្មៅ គួរឱ្យបារម្ភ និងមិនដឹងថា ស្ថានភាពជំងឺនឹងវិវឌ្ឍន៍ទៅមុខទៀតបែបណានោះទេ

ជាមួយនេះ ក្រុមគ្រួសារនារីរងគ្រោះខាងលើ ក៏សូមអំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភដល់នារីរងគ្រោះផង ព្រោះជីវភាពគ្រួសារមានសភាពខ្សត់ខ្សោយខ្លាំងណាស់។ ប្រសិនបើសប្បុរសជនចង់ចូលរួមជួយឧបត្ថម្ភ អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទម្តាយមីងរបស់នារីរងគ្រោះ ០៨៨ ៤៣ ៦៣ ៧៣២

Related posts

Leave a Comment