កាក់កបខ្លាំង! គ្រឿងអលង្ការពីសម្បកគ្រាប់កាំភ្លើងរបស់ ធឿន ចន្ថា មានទីផ្សារមិនត្រឹមក្នុងប្រទេស តែក្រៅប្រទេសក៏ត្រូវប៉ាន់ដែរ

វាពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលសិប្បកម្មកែច្នៃគ្រឿងអលង្ការមួយកន្លែងបានយកសំបកគ្រាប់កាំភ្លើង ដែលគេបោះចោល ឬ ប្រើប្រាស់រួច យកមកធ្វើការកែច្នៃជាគ្រឿងអលង្ការដាក់លក់នៅលើទីផ្សារ ហើយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន ។ មិនតែប៉ុណ្ណោះគ្រឿងអលង្ការធ្វើពីសំបកគ្រាប់កាំភ្លើងនេះ កំពុងទទួលបានការចាប់អារម្មណ៍ និង គាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនជាជនជាតិបរទេសមានដូចជានៅប៉ែកអឺរ៉ុប ,អាស៊ី និង អាហ្វ្រិកជាដើម

លោក ធឿន ចន្ថា ជាម្ចាស់សិប្បកម្មកែច្នៃគ្រឿងអលង្ការពីសំបកគ្រាប់កាំភ្លើងនេះ លោកមានស្រុកកំណើតនៅក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិសាត់ ដោយសារតែរូបលោកជាក្មេងកំព្រា ឪពុក ម្តាយ តាំងពីកុមារភាពមកនោះ បានធ្វើឱ្យជីវិតរបស់លោកត្រូវរសាត់អណ្តែតទៅរៀន និង រស់នៅក្នុងអង្គការមួយ នៅក្នុងខេត្តពោធិសាត់នោះ ។ ជីវិតរស់នៅរបស់លោកមានភាពកណ្តោចកណ្តែងតែម្នាក់ឯង ពុំមានបងប្អូន ឬ សាច់ញាតិណាម្នាក់ ជាទីពឹងឡើយ ។ ពេលជួបជាមួយ« ប្រជាប្រិយ» លោក ធឿន ចន្ថា បាន​រៀបរាប់ថា ម្តាយរបស់ខ្ញុំបានស្លាប់ដោយសារជំងឺ នៅពេលដែលខ្ញុំទើបមានអាយុ ៤ឆ្នាំ ។ លុះដល់រយៈពេល៤ ឆ្នាំ ក្រោយមកទៀត ឪពុករបស់ខ្ញុំធ្វើជាទាហាននៅសមរភូមិមុខត្រូវបានទាហានខ្មែរក្រហមបាញ់សម្លាប់ បន្ទាប់ពីឪពុកម្តាយបានស្លាប់ទៅ ខ្ញុំត្រូវទៅរស់នៅជាមួយ យាយ តា ដែលមានវ័យចាស់ជរា នៅក្នុងស្រុកភូមិក្បែរគ្នានោះដែរ ហើយក៏បានទៅសិក្សារៀនសូត្រនៅសាលាក្បែរផ្ទះ ។ នៅចន្លោះឆ្នាំ១៩៩១-១៩៩៣ក្នុងស្រុកចាប់ផ្តើមមានការបោះឆ្នោត ហើយក៏ចាប់ផ្តើមមានអង្គការដែរនោះ យាយ តារបស់ខ្ញុំ ក៏បានទំនាក់ទំនងឱ្យខ្ញុំទៅរៀននៅក្នុងអង្គការនោះ រៀនរហូតដល់ឆ្នាំ ១៩៩៦

លោក ធឿន ចន្ថា បានរៀបរាប់បន្តទៀតថា នៅពេលចូលរៀននៅក្នុងអង្គការដំបូងនៅឆ្នាំទី១ និង ឆ្នាំ ទី២គឺរៀនភាសាអង់គ្លេស ហើយនៅក្នុងអង្គការនោះ គេមានបង្រៀន ជំនាញជាច្រើន ចំណែករូបខ្ញុំបានជ្រើសរើសយកជំនាញ ជាងទង ( កែច្នៃគ្រឿងអលង្ការ )ខ្ញុំរៀននៅទីនោះអស់រយៈពេល៥ឆ្នាំ ។ បន្ទាប់ពីរៀនចប់ គេបានរកការងារឱ្យខ្ញុំធ្វើនៅតាមតំបន់ផ្សេងៗបន្ទាប់មកទៀតខ្ញុំបានមកធ្វើការនៅក្នុងអង្គការមួយនៅក្នុងទីក្រុងភ្នំពេញគឺផ្នែកសិប្បកម្ម កែច្នៃគ្រឿងអលង្ការនេះ តែធ្វើពីប្រាក់ និង ផ្លាក់ទីន ហើយនៅថ្ងៃមួយមានអ្នកស្ម័គ្រចិត្តបានយកសំបកគ្រាប់កាំភ្លើងមកឱ្យខ្ញុំធ្វើ ខ្ញុំក៏បានធ្វើវាទៅតាមការកុម្ម៉ង់របស់គេ ហើយខ្ញុំក៏ចាប់ផ្តើមស្រឡាញ់ និង ធ្វើវារហូតមក ព្រោះខ្ញុំបានបាត់បង់ឪពុក ដោយសារតែគ្រាប់កាំភ្លើងនេះ ។ ខ្ញុំធ្វើនេះគឺចង់បង្ហាញពីការបាត់បង់គ្រួសារ ដោយសារសង្គ្រាម ការហូបចុកក៏មិនមានគ្រប់គ្រាន់ ជាពិសេសបាត់បង់នូវភាពកក់ក្តៅ បាត់បង់សេចក្តីស្រឡាញ់ ទើបខ្ញុំសម្រេចធ្វើវារហូតមក ។ ហើយសំបកគ្រាប់កាំភ្លើង ដែលខ្ញុំយកមកធ្វើគ្រឿងអលង្ការនេះគឺមួយចំនួនទិញមកពីអ្នកលក់អេតចាយ និង កន្លែងបាញ់ហ្ស៊ីប

ហើយភ្ញៀវទី១ ដែលទិញគ្រឿងអលង្ការធ្វើពីសំបកគ្រាប់កាំភ្លើងមុនដំបូងរបស់លោក ចន្ថា នោះគឺជាជនជាតិជប៉ុន លុះដល់ឆ្នាំ ២០១០ លោកក៏មានគ្រួសារ ដោយសារតែចង់ជួយដល់សហគម ឱ្យមានការងារធ្វើផងនោះ ហើយម្យ៉ាងដោយសារតែធ្វើការឱ្យគេទទួលបានប្រាក់កម្រៃតិចពេក លោកក៏បានឈប់ធ្វើការនៅអង្គការ ចេញមកធ្វើការកែច្នៃគ្រឿងអលង្ការពីសំបកគ្រាប់កាំភ្លើងលក់ដោយខ្លួនឯងវិញម្តង ។ ហើយក៏ចាប់ផ្តើមល្បីល្បាញ និង មានគេស្គាល់ច្រើននៅក្នុងឆ្នាំ ២០១២ ចាប់ពីពេលនោះមក គ្រឿងអងលង្ការរបស់លោកលក់ដាច់ច្រើន ដោយភ្ញៀវភាគច្រើនជាជនជាតិបរទេស ។ មិនត្រឹមតែលក់ឱ្យភ្ញៀវមកទិញដល់កន្លែងប៉ុណ្ណោះទេ គ្រឿងអលង្ការរបស់លោក ចន្ថា ក៏មានធ្វើការនាំចេញទៅលក់នៅក្រៅប្រទេសផងដែរ ដូចជានៅអឺរ៉ុប ,អាស៊ី និង អាហ្វ្រិកជាដើម ។ ប៉ុន្តែមួយរយៈកន្លងមកនេះ ការនាំចេញទៅក្រៅប្រទេសត្រូវបានផ្អាក ដោយសារការរាតត្បាតនៃជំងឺកូវីដ ១៩ នេះ

សិប្បកម្មកែច្នៃគ្រឿងអលង្ការធ្វើពីសំបកគ្រាប់កាំភ្លើងរបស់លោក ធឿន ចន្ថា បច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងភូមិអូអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សិប្បកម្មរបស់លោកបានជួយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឱ្យមានការងារធ្វើចំនួន ១២នាក់ ដោយភាគច្រើនពួកគេជាកូនចៅអ្នកក្រីក្រ ពួកគេមកធ្វើនេះគឺដើម្បីយកលុយទៅបន្តការសិក្សា និង ជួយផ្គត់ផ្គង់ជីវភាពគ្រួសារ

ដោយឡែកប្អូនស្រី កណ្ណិកា ដែលជាអ្នកទទួលលក់គ្រឿងអលង្ការធ្វើពីសំបកគ្រាប់កាំភ្លើងតាមOnline ដែលទទួលទិញពីលោក ធឿន ចន្ថា ដែរនោះបានរៀបរាប់ថា គ្រឿងអលង្ការធ្វើពីសំបកគ្រាប់កាំភ្លើងនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាជនជាតិខ្មែរ ដែលក្នុងមួយថ្ងៃខ្ញុំអាចលក់ដាច់រហូតដល់ទៅជាង ១០ម៉ូត ខ្ញុំចាប់ផ្តើមលក់គ្រឿងអលង្ការធ្វើពីសំបកគ្រាប់កាំភ្លើងនេះ មានរយៈពេលជិតមួយឆ្នាំមកហើយ ។ ការយកសំបកគ្រាប់កាំភ្លើង ដែលគេបានបោះចោលមកកែច្នៃឱ្យទៅជារបស់មានប្រយោជន៍នេះគឺវាល្អខ្លាំងណាស់ ព្រោះគ្រឿងអលង្ការទាំងអស់នោះគឺធ្វើទៅតាមរចនាបថខ្មែរយើងសុទ្ធសាត ម្យ៉ាងជួយឱ្យប្រជាពលរដ្ឋនៅក្នុងសហគមមានការងារធ្វើ និង មួយទៀតឱ្យភ្ញៀវទេសចរបរទេសគេស្គាល់ពីរចនាបថ វប្បធម៌របស់ខ្មែរយើងផង

Related posts

Leave a Comment