មានប្រជានរាស្ត្រខ្មែរមិនច្រើនប៉ុន្មានឡើយ ធ្លាប់បានឃើញព្រះភ័ក្រ្ភ និង ស្គាល់សែរាជវង្សនៃព្រះរាជាណាចក្រកម្ពុជា ។ នៅថ្ងៃនេះ «ប្រជាប្រិយ» សូមនាំបងប្អូនខ្មែរ បានស្គាល់ និង ដឹងពីព្រះរាជសាវតា នៃសែរាវង្សខ្មែរ ៣ ព្រះអង្គវ័យក្មេង មានរូបសម្រស់ស្រស់សង្ហា និងស្រស់សោភា ព្រមទាំងមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ។ សូមបងប្អូនទៅស្គាល់ដូចតទៅ ៖
១.ព្រះអង្គម្ចាស់ក្សត្រីនរោត្ដម ពង្ស់សូរិយា
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ត្រូវជាព្រះបុត្រី សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ហើយបើគិតតាមសែព្រះបិតា ព្រះអង្គម្ចាស់ក្សត្រី ត្រូវជាព្រះរាជនត្តា ( ចៅស្រី ) នៃព្រះករុណា ព្រះបរមរតនកោដ្ឋ និងត្រូវជាព្រះភាគិនេយ្យា(ក្មួយស្រី) នៃព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ នេះបើតាមទំព័រហ្វេសប៊ុក Royal du Cambodge ។
ថ្មីៗនេះ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ទើបតែបញ្ចប់ការសិក្សាយ៉ាងជោគជ័យថ្នាក់បរិញ្ញាប័ត្រ ជំនាញនយោបាយអន្តរជាតិ នាសកលវិទ្យាល័យ University of International Business and Economics រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។
២.អ្នកអង្គម្ចាស់នរោត្ដម រស្មីខែមុន្នី
អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ព្រះរាជនត្តា (ចៅប្រុស) នៃព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ពោលទ្រង់គឺជា ព្រះបុត្រា នៃសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី
ទ្រង់បានបញ្ចប់ការសិក្សាដោយជោគជ័យ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១៧ នៅឯ American Academy of Dramatic Arts នៅទីក្រុង Los Angeles ។ ទ្រង់បានប្រសូតនៅទីក្រុងចាកាតា ពេលដែលព្រះបិតារបស់ទ្រង់បានធ្វើជាទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូណេស៊ី ។ បន្ទាប់មក អ្នកអង្គម្ចាស់នរោត្ដម រស្មីខែមុន្នី ក៏បានសិក្សានៅទីក្រុង Kuala Lumpur និង ទីក្រុង ប៊ែកឡាំង
តាមទំព័រហ្វេសប៊ុក Royal du Cambodge ឱ្យដឹងថា ពេលទ្រង់យាងត្រឡប់មកកម្ពុជា ទ្រង់ក៏បានបញ្ចប់ការសិក្សាដោយជោគជ័យនៅសាលាអន្តរជាតិភ្នំពេញ (ISPP) មុនពេលទ្រង់បានផ្លាស់ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក ។ កាលទ្រង់នៅវ័យកុមារ ត្រូវបានសម្ដេចព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចនរោត្ដមសីហនុ សព្វព្រះរាជហរទ័យជាខ្លាំង ទៅលើទេពកោសល្យផ្នែកតន្ត្រីរបស់ទ្រង់ ។
៣.អ្នកអង្គម្ចាស់ក្សត្រីនរោត្ដម រស្មីពនិកា
អ្នកអង្គម្ចាស់ក្សត្រីនរោត្ដម រស្មីពនិកា គឺជាព្រះបុត្រីនៃ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ហើយត្រូវជាព្រះកនិដ្ឋា (ប្អូនស្រី) របស់អ្នកអង្គម្ចាស់នរោត្ដម រស្មីខែមុន្នី
តាមការចុះផ្សាយរបស់ Royal du Cambodge កន្លងមកឱ្យដឹងថា អ្នកអង្គម្ចាស់ក្សត្រី មានព្រះជន្ម ២៨ ព្រះវស្សា ត្រូវជាព្រះរាជនត្តា (ចៅស្រី) ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុវរ្ម័ន ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង ជាព្រះស្ថាបនិកនៃមូនិធិមុទិតា ។ កាលពីថ្ងៃទី ២៧ មិថុនា ឆ្នាំ ២០១៧ ទ្រង់បានទទួលសញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់បណ្ឌិត នាសាកលវិទ្យាល័យ UIBE នៅទីក្រុង ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន