ខេម អះអាងថាមិនចោល…..

នៅទីបំផុត តារាចម្រៀងសំនៀងស្អក​ លោកប៉ុន សុណារិន្ទ ហៅខេម ដែលជាអ្នកចម្រៀងសំខាន់ម្នាក់របស់ផលិតកម្មថោន នោះ បានសម្រេចចិត្តស្ពាយបង្វេចចេញពីទ្រនំនេះដែរហើយ ដោយទៅផ្ញើខ្លួនជាមួយផលិតកម្ម​Galaxy Navatra ដែលមានថៅកែជាអតីតពលករខ្មែរនៅកូរ៉េ ឡើងងារជាឧកញ៉ា លោកឡេង ណាវ៉ាត្រា។មុនទៅផលិតកម្មថ្មីនេះ អតីតអ្នករត់ម៉ូតូឌុប លោកខេម ក៏ធ្លាប់ជាមុខសញ្ញារបស់ផលិតកម្មរស្មីហង្សមាស ចង់បានផងដែរ ប៉ុន្ដែពេលនេះ ខេម បានមើលរំលងទ្រនំធំនេះ ហើយបានដាក់ចិត្តដាក់កាយផ្ញើខ្លួនជាមួយលោកឧកញ៉ា ដែលរកស៊ីលក់ដីឡូតិ៍នោះទៅវិញ។

អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅលោកខេម កាលពីថ្ងៃទី៤ ខែកក្កដា តែតេចូល អតីតតារាថោន​ រូបនេះ មិនព្រមលើកឡើយ។ចំណែកលោកខ្យង ស្វាមីរបស់អ្នកនាងកាតុ ដែលជាអ្នកផលិតកម្មវិធីរបស់ទូរទស្សន៍ថោន នោះ ទូរស័ព្ទមិនចូលឡើយ។យ៉ាងណា កាលពីខែមុន​ខេម ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទថា រវាងលោកនិងលោកឡេង ណាវ៉ាត់ត្រា មានការរាប់អានគ្នាដូចបងប្អូនអីចឹង តែលោកមិនចង់ចេញពីថោនឡើយ។

តារាចម្រៀងសំនៀងស្អករូបនេះ អះអាងថា ទាល់តែថៅកែផលិតកម្មថោន (ឯឧត្តមវ៉ា សុធា) ដេញលោកចេញពីថោន លែងឲ្យច្រៀង ទើបលោកព្រមចេញ។ លោកថា ការដែលលោកមានជីវភាពសមរម្យ មានផ្ទះនៅនិងរថយន្ដជិះ ដូចពេលនេះ​គឺមកពីថោន​ព្រមទទួលលោកធ្វើជាតារាចម្រៀងតែម្ដង ដែលអាចកែប្រែជីវិតលោកបានដូចពេលនេះ អីចឹងហើយបានជាលោកមិនចង់ទៅច្រៀងនៅផលិតកម្មណាផ្សេងទេ។ប៉ុន្ដែពេលនេះ ខេម បាយបាយថោន ទៅហើយ ដោយសុខចិត្តជ្រកទ្រនំឧកញ៉ា អីចឹងគេមិនដឹងថា ខេម ដើរចេញពីថោន ដោយសារតែលោកថៅកែដេញទៅដោយខ្លួនឯងនោះទេ។ទស្សនិកជនចាប់អារម្មណ៍ថា គ្រាន់តែទៅដល់ទ្រនំឧកញ៉ាភ្លាម​ខេម ត្រូវបានអ្នកដឹកនាំផលិតកម្មនេះ តម្រូវឲ្យលោកចាប់ដៃគូជាមួយតារាចម្រៀងសំនៀងស្អកដូចគ្នា គឺនាងតន់ ច័ន្ទសីម៉ា ហើយពួកគេច្រៀងឆ្លងឆ្លើយគ្នាបាន២បទ គឺបទ ”ការស្រលាញ់ដែលខ្វះជាតិស្ករ”​និងបទ ”សុំមួយពេលមក”។

មហាជនជាច្រើនរង់ចាំមើលថា តើការបោះជំហានថ្មីរបស់ខេម ពេលនេះ នឹងកាន់តែធ្វើឲ្យអ្នកចម្រៀងសំនៀងស្អក កាន់តែល្បីថែមទៀត ឬមួយក៏ប្រឈមធ្លាក់ចុះវិញ ខណៈដែលតារាចម្រៀងថោន ម្នាក់ បានបង្ហើមឲ្យដឹងថា ខេម ចេញពីថោន ជាច្រើនខែមកហើយ តែដោយសារបទចម្រៀងរបស់គេនៅថោន ដែលថតហើយចេញមិនទាន់អស់ ទើបមុននេះផលិតកម្ម Galaxy Navatra មិនទាន់ហ៊ានបញ្ចេញ។

យ៉ាងណា ការជ្រកនៅទ្រនំថ្មីនេះ ខេម បានរួមការងារជាថ្មីម្ដងទៀតជាមួយអតីតអ្នកនិពន្ធថោន យឹម តាស្រង់ ស្របពេលដែលមហាជនចាប់អារម្មណ៍ថា ពេលនេះថោន បានបាត់បង់តារាចម្រៀងល្បីៗដល់ទៅ៣ដួងទៅហើយ គឺសុគន្ធ និសា , មាស សុខសោភា និងខេម ហេតុនេះហើយផលិតកម្មមួយនេះប្រាកដជាពិបាកប្រជែងជាមួយហង្សមាស ជាមិនខាន។ដោយឡែក ការគេចចេញពីហង្សមាស ចូលថោន របស់ខេម នៅពេលនេះ​ជាការសម្រេចចិត្តខុស ឬត្រូវនោះ មានតែរង់ចាំមើលថា តើខេម នៅតែល្បីទៀតឬធ្លាក់ចុះ?

សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment