លោកព្រាប សុវត្ថិ អត់តាមយកកូនស្រី កូនប្រុស៣នាក់គ្រប់គ្រាន់

ព្រាប សុវត្ថិ និងភរិយា បានធ្វើខួបកំណើតឲ្យកូនប្រុសទី៣ ឈ្មោះសុវត្ថិ សិរីវុឌ្ឍ កាលពីថ្ងៃទី៥ ខែកក្កដា ហើយពួកគេបានហៅសិរីវុឌ្ឍ ថាជាកូនពៅៗ ដែលនេះបញ្ជាក់ថា ព្រាប សុវត្ថិ គ្មានគម្រោងតាមយកកូនស្រីតាមការជំរុញរបស់មិត្តភក្តិឡើយ។

នៅថ្ងៃខួបកូនប្រុសទី៣ សុវត្ថិ សិរីវុឌ្ឍ នោះ ព្រាប សុវត្ថិ បានជូនពរកូនថា ឲ្យមានសុខភាពល្អ រកស៊ីមានបានពេញមួយជីវិត។ ចំណែកភរិយាលោក អ្នកស្រីឡុង ស្រីមុំ វិញបានឲ្យពរកូនថា សូមឲ្យមានសុខភាពល្អ ប៉ងអ្វីសូមឲ្យបានសម្រេចដូចបំណង ជោគជ័យពេញ១ជីវិត។

ព្រាប សុវត្ថិ បានរៀបការជាមួយអ្នកស្រីឡុង ស្រីមុំ កាលពីឆ្នាំ១៩៩៧ ដោយចំណងស្នេហ៍២៣ឆ្នាំ ទទួលបានចំណងដៃកូនប្រុស៣នាក់ គឺកូនទី១. សុវត្ថិ មុនីវណ្ណ , ទី២. សុវត្ថិ មុនីនាគ និងកូនទី៣. សុវត្ថិ សិរីវុឌ្ឍ ដែលពេលនេះពួកគេពេញវ័យកំលោះស្រាងអស់ទៅហើយ និងច្រៀងសម្ដែងជាមួយឪពុករបស់គេនៅផលិតកម្មរស្មីហង្សមាស។

ម្ដាយក្មេកព្រាប សុវត្ថិ អ្នកស្រីគង់ ចន្ធូ ធ្លាប់និយាយថា ចៅប្រុសទាំង៣របស់គាត់ មានទេពកោសល្យសិល្បៈខ្លាំងៗណាស់ ព្រោះមានការផ្ដល់ដំបូន្មាន និងការហ្វឹកហាត់ពីឪពុករបស់គេផ្ទាល់តែម្ដង។

ដោយឡែក ប្រភពពីអ្នករៀបចំប្រគំតន្រ្ដីតាមឆាកទូរទស្សន៍ បានបង្ហើបឲ្យដឹងថា កូនទាំង៣របស់ព្រាប សុវត្ថិ មានតម្លៃខ្លួនក្នុងម្នាក់ៗស្មើគ្នា គឺច្រៀង១កម្មវិធី ស៊ីថ្លៃ៤០០ដុល្លារ ប៉ុន្តែពួកគេមិនដែលឡើងតែម្នាក់ៗនោះទេ គឺឡើងម្ដងទាំង៣នាក់តែម្ដង អីចឹងសរុបតម្លៃខ្លួនពួកគេទាំង៣នាក់ គឺ១២០០ដុល្លារ។

ប៉ុន្ដែរហូតមកដល់ពេលនេះ អ្នកជំនាញសិល្បៈមិនទាន់អាចមើលដឹងទេថា តើក្នុងចំណោមកូនប្រុសទាំង៣នាក់​ របស់ព្រាប សុវត្ថិ នោះ ម្នាក់ណាដែលមានសមត្ថភាពអាចស្នងតំណែងរបស់កំពូលតារាចម្រៀងរូបនេះបានទេ ខណៈដែលតារាចម្រៀងពេជ្រ សោភា ធ្លាប់និយាយថា មានតែកូនប្រុសទី២ ឈ្មោះសុវត្ថិ មុនីនាគ ទេ ដែលមានលក្ខណៈដូចគ្នាទៅនឹងព្រាប សុវត្ថិ ច្រើនជាងគេ ពោលគឺច្រៀងបទខ្លះសំឡេងច្រឡំគ្នាជាមួយព្រាប សុវត្ថិ តែម្ដង។

ចំណែកកតារាចម្រៀងសាន ផានិត ធ្លាប់និយាយដោយសរសើរថា កូនប្រុសទាំង៣របស់ព្រាប សុវត្ថិ សុទ្ធតែមានរូបសម្រស់សង្ហាៗដូចគ្នា ហើយពួកគេមានអនាគតល្អ ព្រោះបានរៀនសាលាថ្លៃៗនៅកម្ពុជា។ ប៉ុន្តែអតីតសង្សារកែវ និសា រូបនេះ ក៏មិនហ៊ានថា កូនម្នាក់ណាដែលអាចស្នងព្រាប សុវត្ថិ បាននាពេលអនាគតដែរ។

យ៉ាងណា មហាជនភាគច្រើននៅតែចាត់ទុកថា កូនប្រុសទាំង៣របស់ព្រាប សុវត្ថិ ដែលមានក្រេឌីតនៅពេលនេះ គឺបានមកពីឥទ្ធិពលរបស់ព្រាប សុវត្ថិ តែម្ដង ដែលគ្រាន់តែពួកគេចូលហង្សមាស ភ្លាម មិនទាន់ទាំងបានចេញបទចម្រៀងផង គេស្គាល់ថា គឺជាកូនប្រុសរបស់ព្រាប សុវត្ថិ ទៅហើយ។ប៉ុន្ដែផ្អែកលើស្ថានភាពពិត កូនប្រុសរបស់ព្រាប សុវតិ្ថ មិនទាន់អាចធ្វើព្យុះភ្លៀងទីផ្សារចម្រៀងដូចឪពុករបស់គេបានទេនៅពេលនេះ តែយ៉ាងណា ពួកគេនៅក្មេងប្រាកដជាមានឱកាសច្រើនតទៅទៀត​ក្នុងការសាងកេរ្ដិ៍ឈ្មោះ ហើយអ្វីដែលមហាជនបានសរសើរនោះ​គឺកំលោះទាំង៣​មិនដែលមានរឿងអាស្រូវណាមួយ ដែលប៉ះពាល់ដល់សង្គមនោះទេ ដែលនេះអាចបញ្ជាក់បានថា ព្រាប សុវត្ថិ និងភរិយា បានផ្ដល់ដំបូន្មាននិងអប់រំកូនៗរបស់ពួកគេបានល្អ៕ ហ៊ឹម វិចិត្

Related posts

Leave a Comment