ចាប់ពីកញ្ញា ឆ្នាំ២០២០នេះតទៅការ ផ្ទេរកម្មសិទ្ធយានយន្តនិងកាន់តែ….

ភ្នំពេញ៖ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ផ្ទេកម្មសិទ្ធយានយន្តមកជារបស់ខ្លួន ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ បង្កើតជាប្រព័ន្ធតែមួយដើម្បី ផ្តល់សេវាផ្ទេកម្មសិទ្ធយានយន្តជូនតែម្តង ប្រព័ន្ធនេះនឹងចាប់ផ្តើមដាក់ឱ្យដំណើរការចាប់ពីកញ្ញា ឆ្នាំ២០២០នេះតទៅ។ នេះបើយោងតាមការបញ្ជាក់របស់ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានឡើងជម្រាបជូនសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចររាចរណ៍ផ្លូវគោក អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាព ចររាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូចនេះថា «ដើម្បីផ្តល់សេវាក្នុងការប្តូរកម្មសិទ្ធយានយន្តឱ្យកាន់តែមានភាពងាយស្រួល ក្រសួងសាធារណការ បានសហការគ្នាអគ្គនាយកដ្ឋានពន្ធដារ ដើម្បីតភ្ជាប់ប្រព័ន្ធរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីឱ្យបងប្អូន ប្រជាពលរដ្ឋមកតែមួយកន្លែងទេ ហើយផ្តល់សេវាជូនទាំងអស់»។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ចាប់ពីខែកញ្ញា ឆ្នាំ២០២០នេះតទៅ ពលរដ្ឋដែលចង់ទៅប្តូរកម្មសិទ្ធយានយន្ត អាចទៅតែក្រសួងសាធារណការ និងដឹកជញ្ជូនក៏បាន ឫអាចទៅអគ្គនាយកដ្ឋានពន្ធដារក៏បាន ដើម្បីធ្វើការផ្ទេកម្មសិទ្ធយានយន្ត និងធ្វើការផ្ញើលុយតាមប្រព័ន្ធវីង និងតាមប្រព័ន្ធផ្សេងៗទៀត ៕

Related posts

Leave a Comment