ស្រីស្អាតហេង ចន្ថា នឹងត្រូវដឹកដៃគូដណ្តឹងចូលរោងការ ឆ្នាំក្រោយ?

អតីត Miss Grand Cambodia 2016 កញ្ញាហេង ចន្ថា បានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទថា នាងពិតជាបានភ្ជាប់ពាក្យរួចទៅហើយមែន កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ប៉ុន្ដែនាងថា មិនអាចលាតត្រដាងអនាគតប្ដីរបស់នាងថា ជាអ្នកណាបានទេ ហើយក៏មិនដឹងរៀបការនៅពេលណាដែរ។ ប៉ុន្តែនាងថា ចាស់ៗទាំងសងខាងមិនចង់ឲ្យទុកយូរទេ គឺចង់ឲ្យរៀបការឆាប់ៗ ប៉ុន្ដែរនាងមិនទាន់ចង់ឡើយ។

ហេង ចន្ថា វាចាថា ”ខ្ញុំបានភ្ជាប់ពាក្យហើយកាលពីថ្ងៃទី១៧ ខែ៥ ហ្នឹងមែនតើ។ គូដណ្ដឹងខ្ញុំអាយុបងខ្ញុំតិចតួចទេ ប៉ុន្ដែគាត់ជាអ្នកណាធ្វើការអី ខ្ញុំមិនអាចនិយាយបានទេ។ ខ្ញុំសូមអត់និយាយពីគាត់ច្រើនទេ។ ចំពោះរឿងរៀបការវិញក៏មិនអាចរៀបចំបានឆាប់ៗ ឬនៅឆ្នាំក្រោយ២០២១ ហ្នឹងបានដែរ គឺអាចទាល់តែរយៈពេល២ទៅ៣ឆ្នាំទៀត ទើបការបាន។ ប៉ុន្ដែចាស់ទុំទាំងសងខាងគាត់ចង់ឲ្យពួកយើងទាំងពីរហ្នឹងរៀបការឲ្យបានឆាប់ៗ តែខ្ញុំដូចជាមិនទាន់ចង់ការឆាប់ពេកទេ”។

មិនត្រឹមតែព្យាយាមមិនប្រាប់ថា ប្ដីនាងជាអ្នកណានោះទេ ប៉ុន្ដែនៅថ្ងៃភ្ជាប់ពាក្យនោះ ស្រីស្រស់ហេង ចន្ថា ក៏មិនហ៊ានឲ្យគេថតរូបនាងចំផ្ទៃមុខជាមួយគូដណ្ដឹងដែរ គឺថតឲ្យឃើញតែពីខាងក្រោយខ្នងប៉ុណ្ណោះ ទើបគេមិនអាចស្គាល់មុខប្រុសនោះថា មានរូបរាងសង្ហាប៉ុនណា បានជាអាចឆក់យកបេះដូងស្រីស្អាតរូបនេះបាន។

ប៉ុន្តែយ៉ាងណា កញ្ញាចន្ថា ថា នាងនិងប្រុសនោះស្រលាញ់គ្នាច្រើនឆ្នាំគួរសមមកហើយ និងត្រូវបានចាស់ទុំគាំទ្រចំណងស្នេហាមួយនេះយ៉ាងពេញទំហឹងតែម្ដង ទើបឈានដល់ការភ្ជាប់ពាក្យបែបនេះ។

តាមរយៈការអះអាងរបស់នាង បង្ហាញថា ចន្ថា នឹងលាភាពក្រមុំនៅឆ្នាំ២០២២ ឬ២០២៣ ខាងមុខនេះហើយ។ ដោយឡែក ការសាភាពថា មានម្ចាស់បេះដូងទៅហើយរបស់ស្រីស្អាតចន្ថា នៅពេលនេះ ច្បាស់ជាធ្វើឲ្យប្រុសៗអ្នកមានទាំងឡាយដែលធ្លាប់តែតាមស្នេហ៍នាងនោះ ខកចិត្តមិនស្ទើរទេ ពិសេសគឺនាយពាក់មី ព្រោះថាពេលនេះស្រីស្អាតត្រៀមខ្លួនធ្វើជាប្រពន្ធគេទៅហើយ។

គួររំលឹកថា មុនសម្រេចចិត្តភ្ជាប់ពាក្យ កញ្ញាហេង ចន្ថា បានជំពប់ទៅនឹងរឿងស្នេហាដ៏រសើប ដោយត្រូវគេសង្ស័យថា នាងមានស្នេហាជាមួយនាយពាក់ម៉ី ព្រោះតារាមានមន្ដស្នេហ៍រូបនេះធ្លាប់ត្រូវបាននាយពាក់មី លើកឲ្យធ្វើជាតួឯកជាបន្ដបន្ទាប់ ហើយមានពេលខ្លះនាងបានបង្ហាញភាពស្និទ្ធស្នាលជាមួយតារាកំប្លែងរូបនេះដូចគូស្នេហ៍ទៀតផង ដូចជាពួកគេប៉ះគ្នារឿង ”ប្រម៉ាញ់ប្ដី” ជាដើម។

ប្រភពបានឲ្យដឹងថា កញ្ញាហេង ចន្ថា ត្រូវបានលោកឧកញ៉ាល្បីឈ្មោះម្នាក់តាមប្រជែងស្នេហ៍ជាមួយនាយពាក់មី ផងដែរ ហើយបើនាងព្រមសាងស្នេហ៍ដោយមិនបើកចំហនោះ​ទោះជាស្រីស្រស់រូបនេះចង់បានអ្វី ក៏ឧកញ៉ានោះហ៊ានផ្គាប់ចិត្តនាងគ្រប់បែបយ៉ាងទាំងអស់។ប៉ុន្ដែកញ្ញាចន្ថា មិនចង់ធ្វើតួរងឡើយ​ ព្រោះទាំងលោកឧកញ៉ា និងនាយពាក់មី សុទ្ធតែមានប្រពន្ធកូនរួចទៅហើយ ហេតុនេះបានជានាងភ្ជាប់ពាក្យជាមួយបុរសម្នាក់ដែលនៅលីវ ហើយត្រៀមដឹកដៃគ្នារៀបការនៅពេលខាងមុខនេះ ចោលប្រុសទាំងពីរ៕

Related posts

Leave a Comment