យល់ដឹង៖ ជាកត្តាធម្មជាតិ មនុស្សប្រុសស្រីកើតមក ដល់ពេលដល់វេលា ត្រូវតែមានគូរ ក៏ប៉ុន្តែស្របពេលដែល សម្រេចចិត្តថាយកប្តីឬប្រពន្ធជាពិសេសមនុស្សប្រុស គឺត្រូវតែដឹងខ្លួនឯងផងដែរថា រាល់ថ្ងៃខ្លួនមានការងារនឹងធឹងមួយ ដែលអាចរ៉ាប់រងមើលថែ កូនស្រីរបស់គេបានហើយឬនៅ មុននឹងសម្រេចចិត្តថា រៀបការជាមួយមនុស្សស្រីណាម្នាក់។
ក្នុងករណីនេះ បើយោងតថភាពជាក់ស្តែង ក្នុងសង្គមយើងនាពេលបច្ចុប្បន្នគេឃើញថា មានមនុស្សស្រីជាច្រើន រឹងមាំអាចចេញរកលុយបានដោយខ្លួនឯង ដោយមិនចាំតែពឹងផ្អែកលើមនុស្សប្រុស ដូចកាលពីមុនទៀតនោះទេ។
ជាក់ស្តែង ត្រង់ចំណុចបង្កើតគ្រួសារនេះ គេសង្កេតឃើញថាមានភាពខុសគ្នាបន្តិច រវាងមនុស្សប្រុសនិង មនុស្សស្រីដែលភាគច្រើន គេឃើញថាមនុស្សប្រុសពេលរកលុយបានច្រើន ចង់បានប្រពន្ធ ផ្ទុយពីមនុស្សស្រីពេលដែលមានលុយកាក់ច្រើន បែរជាលែងចង់បានប្តីទៅវិញ៕
តើនេះបណ្តាលមកពី មូលហេតុអ្វីទៅ? ខាងក្រោមនេះគឺភាពខុសគ្នារវាងមនុស្សប្រុស និងមនុស្សស្រី៖
១. មនុស្សប្រុសពេលមានលុយចង់បានប្រពន្ធ
មនុស្សប្រុសភាគច្រើន គឺបែបនេះ នៅពេលដែលគិតថាខ្លួននឹងធឹងមានមុខរបរ ឬការងារមួយល្អ មានចំណូលត្រឹមត្រូវ មានផ្ទះសមរម្យហើយ ពេលនោះគោលដៅបន្ទាប់គឺចង់បង្កើតគ្រួសារកក់ក្តៅមួយ ជាមួយនារីដែលខ្លួនស្រលាញ់។ ក៏ព្រោះតែគេគិតថា គេបានចំណាយពេលវេលា ដើរលេងខ្លួនមួយឆ្អែតឆ្អន់ហើយ ហើយក៏គួរតែដល់ពេល រកនារីម្នាក់មកជួយ ចាត់ចែងទុកដាក់លុយកាក់និង បង្កើតកូនចៅផងដែរ។ លើសពីនេះ មនុស្សប្រុសមួយចំនួនក៏យល់បែបនេះថា ទោះបីជាមានប្រពន្ធកូនហើយ ក៏នៅតែអាចដើរលេងសប្បាយ រកស្រីក្រៅម្តងម្តាលបានដែរ។
២. មនុស្សស្រីមានលុយលែងចង់បានប្តី
តែខុសប្លែកពីមនុស្សប្រុស មនុស្សស្រីប្រសិនបើ នាងរឹងមាំមានអាចរកចំណូលផ្គត់ផ្គង់ខ្លួនឯង និងគ្រួសារបានហើយ នាងកម្រនិងសម្រេចចិត្ត លាងភាពនៅលីវជ្រើសរើសបង្កើតគ្រួសារខ្លាំងណាស់។ ក៏ព្រោះតែនាងគិតថាខ្លួនមាន ចំណូលគ្រប់គ្រាន់អាចមើលថែខ្លួនឯងបាន ចង់បានអ្វី ក៏អាចទិញបានដោយខ្លួនឯង ចង់ទៅណាក៏ទៅនឹង ដែលជាហេតុមិនសូវ មានចិត្តគិតខ្វល់ខ្វាយពីរឿងបង្កើតគ្រួសារឡើយ។ ព្រោះនៅពេលដែលបង្កើតគ្រួសារហើយ នាងត្រូវរ៉ាប់រងជាប់ចំណងគ្រួសារ មិនងាយស្រួលនិង មានសេរីភាពដូចមុនទៀតទេ។
ជាពិសេសប្រសិនបើ មានកូនទៀតនោះ ក៏កាន់តែជាប់ដៃជាប់ជើង ហើយក៏លែងមានពេលធ្វើខ្លួនស្អាតៗ ច្រើនដូចមុនទៀតដែរ។ ម្យ៉ាងទៀតបើសិនសំណាងរើសបានប្តីល្អមិនអីទេ តែបើសំណាងមិនល្អ រើសបានប្តីមិនល្អ ដើរផឹកស៊ីប៉ោឡែស្រីញីអូនបង ចោលកូនចោលប្រពន្ធទៀតនោះ គឺកាន់តែគ្រាំគ្រាចិត្តលើសដើម។ ដូច្នេះហើយទើបបានជា នាងចង់ចំណាយពេលរីករាយជាមួយជីវិតsingle ឲ្យបានច្រើន សោយសុខជាមួយនឹងញើសឈាមដែលខ្លួនខំរកមកឲ្យបានយូរបន្តិច។
យ៉ាងណាមិញ ការរៀបរាប់ខាងលើនេះ គឺគ្រាន់តែជាការយល់ឃើញ មួយផ្នែកតែប៉ុណ្ណោះ។ ព្រោះមនុស្សម្នាក់ៗមិនសុទ្ធតែ ដូចគ្នាទាំងអស់នោះទេ ដូច្នេះការគិតក៏ប្រាកដជា ខុសៗគ្នាទៅតាមនោះផងដែរ៕